ភ្នំពេញៈ អ្នក​ប្រដាល់ ឡៅ ចន្ទ្រា បានសម្រេច​ការសង​សឹក​លើ​ជើង​ខ្លាំង​របស់​ថៃ Noeng Trakan ហើយ ដើម្បី​បញ្ចប់​ការ​ប្រកួត​ជម្រុះ​វិលជុំ​ដណ្តើម​ពាន​អន្តរជាតិ​កំពូក​អ្នក​ប្រដាល់​កណ្តាប់​ដៃ​ដែក ISI Palm ជាមួយ​ការ​ឈ្នះ​ទាំង ៤ ប្រកួត។រីឯ សួន ចាន់នី បាន​ក្លាយជា​ម្ចាស់​ប្រាក់​លាន ក្នុង​ទម្ងន់ ៦០ គីឡូក្រាម។

សម្រាប់​ការប្រកួត នៅលើ​សង្វៀន CNC កាលពី​ថ្ងៃអាទិត្យ នោះ ឡៅ ចន្ទ្រា ដែល​ធ្លាប់​ចាញ់​ពិន្ទុ Noeng Trakan កាល​ពី​ថ្ងៃ​ទី ២៣ ខែ​កញ្ញា ឆ្នាំ ២០១៧ បាន​ជួប​ការ​លំបាក​ច្រើន ក្នុងការ​យក​ឈ្នះ Noeng Trakan លើក​នេះ ព្រោះ​ថៃ​ម្នាក់​នេះ បាន​ព្យាយាម​វាយ​ទប់ និង​រំដោះ​ខ្លួន ភាគ​ច្រើន គឺ​គេ​មិន​សូវ​ហ៊ាន​ប្តូរ​ជាមួយ ចន្ទ្រា នោះ​ទេ។

ការប្រកួត​នៅក្នុង​ទឹក​ទី ១ និង​ទឹក​ទី ២ ឡៅ ចន្ទ្រា មិនអាច​ធ្វើ​អ្វី Noeng Trakan បាន​នោះ​ទេ ព្រោះ​អ្នក​ទាំង ២ នេះ បាន​វាយបក​សង​គ្នា​ទៅ​វិញ​ទៅ​មក​ប្រហាក់​ប្រហែល​គ្នា។

យ៉ាងណាក៏ដោយ នៅ​ទឹក​ទី ៣ ឡៅ ចន្ទ្រា បាន​យក​ប្រៀប​តាមរយៈ​ការ​ម៉ាត់​ចូល​ពេញៗ​បាន ៣ ទៅ ៤ ដៃ និង​ថែម​ដោយ​ជង្គង់​បាន​ខ្លះ​ទៀត បើ​ទោះបី​ជា​ការ​ព្យាយាម​ចេញ​កែង​របស់​គេ ត្រូវ​បាន Noeng Trakan បិទ​ជាប់​រហូត​ក៏ដោយ។

កណ្តាប់ដៃ​របស់ ឡៅ ចន្ទ្រា បាន​បង្ខំ​ឲ្យ Noeng Trakan ខំ​វាយ​រំដោះខ្លួន ប៉ុន្តែ ចន្ទ្រា រឹតតែ​បង្កើន​ការ​តាម​វាយ​សង្គ្រប់ ហើយ​នៅ​ទឹក​ទី ៤ ចន្ទ្រា បាន​វាយ​កែង និង​រូស​កែង​ខ្លីៗ​ចូល​ពេញ ៣ ទៅ ៤ លើក ដើម្បី​បន្ត​យក​ប្រៀប និង​ឈ្នះ​ក្នុងការ​ប្រកួត​ដ៏​តាន​តឹង​មួយ​នេះ។

ជ័យជម្នះ​ជា​លើក​ទី ៤ បន្ថែម​ទៅលើ​ការ​បាន​ផ្តួល Chhan Chhai ឲ្យ​សន្លប់​នៅ​ទឹក​ទី ៣ វ៉ៃ​កែង​ឲ្យ Rong Nakpha សន្លប់​ទឹក​ទី ៤ និង​បុក​ជង្គង់ Phan Chhai ឲ្យ​សន្លប់​នៅ​ទឹក​ទី ៣ កន្លង​មក​នេះ បាន​ជួយ​ឲ្យ ឡៅ ចន្ទ្រា ទទួល​បាន​លេខ ១ ខណៈ Noeng Trakan ឈរ​នៅ​លេខ ២ ដោយ​ឈ្នះ ៣ និង​ចាញ់ ១ ហើយ Rong Nakpha ឈរ​នៅ​លេខ ៣ ដោយ​ឈ្នះ ៣ និង​ចាញ់ ១ ដែរ។ ចំណែក ពុទ្ធ ឆាយ​រិទ្ធី ឈរ​នៅ​លេខ ៤ ដោយ​ឈ្នះ ២ និង​ចាញ់ ២ ប្រកួត ហើយ​អ្នក​ទាំង ៤ នេះ ត្រូវ​ឡើង​ទៅ​ប្រកួត​បន្ត​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។

ចំណែក មាស សុជាតិ ដែល​បាន​ចាញ់ ៣ ប្រកួត​ជាប់​គ្នា​កន្លង​មក​នេះ បាន​បុក​កែង​បណ្តាល​ឲ្យ​ថៃ Phan Chhai បែក​ក្រោម​ភ្នែក​ស្តាំ​តាំងពី​ទឹក​ទី ២ ហើយ​នៅ​ទឹក​ទី ៣ សុជាតិ បាន​ទាត់ Phan Chhai ឲ្យ​ខូច​ជើង​ឆ្វេង និង​បោះបង់​ការ​ប្រកួត​តែ​ម្តង តែ​អ្នក​ទាំង ២ ត្រូវ​ធ្លាក់​ចេញ​ពី​ការ​ប្រកួត​នេះ​ដូច ឆៃ សារ៉ា ដែរ។

ដោយឡែក​កីឡាករ សួន ចាន់នី ដែល​គេ​ស្គាល់​ច្បាស់​ថា​សូត្រ ប៊ុនធី នោះ​បាន​វាយ​កែង​ផ្តួល​ថៃ Phitnoy ឲ្យ​សន្លប់​ទឹក​ទី ២ ក្នុង​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ កាល​ពី​យប់​ថ្ងៃ​សៅរ៍ នៅ​សង្វៀន CNC នេះ​ដែរ ដើម្បី​ក្លាយជា​ម្ចាស់​ប្រាក់​លាន​ចំនួន ៤ លាន​រៀល ខណៈ​ការ​ប្រកួត​វគ្គ​ជម្រុះ ចាន់នី បាន​ផ្តួល​ថៃ Phayaldeth ត្រឹម​ទឹក​ទី ១ ហើយ Phitnoy ឈ្នះ ឃីម បូរ៉ា ដោយ​ពិន្ទុ​ទាំង​លំបាក៕