The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ចាន់តាក់ ចាញ់​ថៃ មិន​អស់​ចិត្ត ខណៈ​ សុវណ្ណ ​ថា​ឈ្នះ​ទោះ​សន្លប់

ចាន់តាក់ ចាញ់​ថៃ មិន​អស់​ចិត្ត ខណៈ​ សុវណ្ណ ​ថា​ឈ្នះ​ទោះ​សន្លប់

Content image - Phnom Penh Post
ធន់ ចាន់តាក់ (​ឆ្វេង​) ហាក់​សម្តែង​នូវ​ការមិន​អស់​ចិត្ត​ពេល​កីឡាករ​ថៃ Chakrout Phat ឈ្នះ​ពិន្ទុ​។ យឺន ពន្លក

ចាន់តាក់ ចាញ់​ថៃ មិន​អស់​ចិត្ត ខណៈ​ សុវណ្ណ ​ថា​ឈ្នះ​ទោះ​សន្លប់

ភ្នំពេញ: ជើង​ខ្លាំង​វ័យក្មេង ធន់ ចាន់តាក់ មកពី​សមាគម​ប្រដាល់​ក្រសួង​ការពារ​ជាតិ​បាន​ប្រកួត​ចាញ់​កីឡាករ​ជើងចាស់​ចំណូល​ថ្មី​របស់​ថៃ Chakrout Phat កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ​ទី​ ១០ ខែ​កុម្ភៈ ឆ្នាំ​ ២០១៩ នៅ​សង្វៀន​ប្រដាល់​អាស៊ីអាគ្នេយ៍ ប៉ុន្តែ​ក្រោយ​ប្រកាស​លទ្ធផល ចាន់តាក់ បាន​ដើរ​ចេញ​មក​ក្រៅ​យំ​រៀប​រាប់​មិន​អស់​ចិត្ត និង​ហៅ​ការកាត់ក្តី​ឲ្យ​ចាញ់​កីឡាករ​ថៃ​នោះ​ថា អយុត្តិធម៌​។

បើ​និយាយ​ពី​ស្ថានភាព​ប្រកួត​ជាក់ស្តែង​វិញ ធន់ ចាន់តាក់ បាន​វាយ​សន្ធាប់​បាន​ល្អ​មាន​ប្រៀប​នៅ​ពី​ទឹក​ទី​ ២ និង​ទឹក​ទី​ ៣ ​បន្តិចបន្តួច ប៉ុន្តែ​ស្នៀត​ទាត់​របស់​កីឡាករ​ថៃ​បាន​ចំ​គោលដៅ​ល្អ​ជាង ទោះបី​ចេញ​តិច និង​មួយៗ​ក៏ដោយ ប៉ុន្តែ​ធ្ងន់ៗ​។

បន្ថែម​លើ​ស្នៀត​ទាត់​កីឡាករ​ថៃ Chakrout Phat មាន​ប្រៀប​ដាច់​នៅ​ទឹក​ទី​ ៤ ដោយ​បាន​ចេញ​កណ្តាប់​ដៃ​បាន​ល្អ និង​វាយ​សន្ធាប់​ដើម្បី​ធ្វើឲ្យ​ ធន់ ចាន់តាក់ ទ្រេត​ជំហរ​ធ្វើឲ្យ​អាជ្ញា​កណ្តាល​លោក​ ម៉ាក់ សាមឿន បាន​ចាប់​កីឡាករ​ ធន់ ចាន់តាក់ រាប់​ចំនួន​ ៨ មុន​នឹង​បន្ត​ការ​ប្រកួត​ទៀត​។ នៅ​ទឹក​ទី​ ៥ កីឡាករ​ថៃ​នៅ​តែ​វាយ​បាន​ល្អ​ទាត់​ល្អ​ចូល​គោលដៅ ខណៈ​ដែល​ ធន់ ចាន់តាក់ បាន​វាយ​ត្រូវ​ខ្យល់​ច្រើន​ជាង​គោលដៅ​។ ចៅក្រម​ទាំង​ ៥ បាន​ផ្តល់​ពិន្ទុ​ឲ្យ​កីឡាករ​ថៃ​ Chakrout Phat ឈ្នះ​ជា​ឯកច្ឆន្ទ ៥ ​ទល់​ ០ ​។

ចាន់តាក់ បាន​និយាយ​ថា​៖ «​ការរាប់​របស់​អាជ្ញា​កណ្តាល​មាន​បំណង​ឲ្យ​ខ្ញុំ​ចាញ់ ពីព្រោះ​កណ្តាប់ដៃ​វាយ​មកលើ​ខ្ញុំ​មិន​ធ្ងន់​ទេ មិន​គួរ​រាប់​ខ្ញុំ​នាំ​ឲ្យ​ចាញ់​នោះ​ឡើយ​»​។

លោក​ ឯម ហៀង អនុប្រធាន​គណៈកម្មការ​វិនិច្ឆ័យ​បាន​ឲ្យ​ដឹងថា​៖ «​លទ្ធផល​របស់​ចៅក្រម​ទាំង​ ៥ គេ​ឲ្យ​ត្រឹមត្រូវ​របស់​គេ ប៉ុន្តែ​មាន​កីឡាករ​យើង​ខ្លះ​ពេល​ប្រកាស​លទ្ធផល​ចាញ់​តែងតែ​មិន​ទទួល​ស្គាល់​ការពិត​»​។

សួង សុវណ្ណថា បាន​សន្លប់​ក្រោម​ស្នៀត​ជង្គង់​របស់​ ថន ភឿត ក្នុង​ទឹក​ទី​ ២ ប៉ុន្តែ​លទ្ធផល​ឈ្នះ​ត្រូវ​បាន​ប្រគល់​ឲ្យ​កីឡាករ​សន្លប់​វិញ​ដោយ​ចោទប្រកាន់​ថា ថន ភឿត ល្មើស​ច្បាប់​ដោយ​បាន​បន្ថែម​ ១ ​ជង្គង់​ទៀត​ពេល​អាជ្ញាកណ្តាល​ចូល​ឃាត់​៕

អត្ថបទគួរចាប់អារម្មណ៍