ភ្នំពេញ៖ ​កីឡាករ​ជំនាញ​ប្រើ​កណ្តាប់​ដៃ ធន់ ចាន់តាក់ បាន​សរសើរ​ពី​ភាព​រឹងមាំ​របស់ សុខ សាវិន ដែល​មិន​ព្រម​ទន់​ជ្រាយ និង​សន្លប់​ក្រោម​ការ​វាយ​ប្រហារ​របស់​ខ្លួន ធ្វើ​ឲ្យ​ការ​ប្រកួត​ម៉ារ៉ាតុង​ដណ្តើម​ប្រាក់​លាន​ទម្ងន់ ​៦៣,៥ គីឡូក្រាម ក្នុង​កម្មវិធី Mas Fight Cambodia នៅ​លើ​សង្វៀន​ថោន ប្រចាំ​សប្តាហ៍​ទី ​៩ ​នេះ រក​មិន​ឃើញ​ម្ចាស់​ជើងឯក​ ដែល​ត្រូវ​ឈ្នះ​ប្រាក់​លាន ប៉ុន្តែ សៀវ ង៉ុយ បាន​ទាត់​ ថា សារុន ឲ្យ​ខូច​ជើង ដោយ​ប្រើ​ពេល​ត្រឹម ​២ នាទី ដើម្បី​យក​ប្រាក់​ឧបត្ថម្ភ​បន្ថែម​រហូត​ដល់ ​១,៦ ​លាន​រៀល។

សម្រាប់​ការ​ប្រកួត​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​មក​នេះ ធន់ ចាន់​តាក់ និង សុខ សាវិន សុទ្ធ​តែ​ប្រើ​ក្បាច់​ជំនាញ​ផ្តួល​គូ​ប្រកួត​ឲ្យ​សន្លប់​រៀងៗ​ខ្លួន​នៅ​ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ​ ដែល​មាន​ត្រឹម ៣ ​ទឹក ដោយ​ក្នុង​នោះ ចាន់តាក់ បាន​ម៉ាត់​ឲ្យ ផាន រះ សន្លប់ ត្រឹម​ទឹក​ទី ​១ ហើយ សាវិន បាន​បុក​ជង្គង់​ឲ្យ កូយ ឡាយ សន្លប់​នៅ​ទឹក​ទី ១ ​ដូច​គ្នា។

យ៉ាង​ណា​ក៏​ដោយ​ទាំង​ ធន់ ចាន់តាក់ និង សុខ សាវិន ដែល​សុទ្ធ​តែ​រំពឹង​ឈ្នះ​បាន​ប្រាក់​លាន​នៅ​សប្តាហ៍​នេះ គឺ​មិន​អាច​ផ្តួល​គ្នា​ឲ្យ​សន្លប់​បាន​នោះ​ទេ បើ​ទោះ​​បី​ជា​អ្នក​ទាំង ​២ ​នេះ បាន​វាយ​ប្តូរ​គ្នា​ទៅ​វិញ​ទៅ​តាម​យ៉ាង​រន្ថាន់ និង​គួរ​ឲ្យ​ជក់​ចិត្ត​ក៏​ដោយ ហើយ​ការ​ស្មើ​គ្នា​តាម​ច្បាប់ Mas Fight ក្នុង​ការ​ប្រកួត ​៩ នាទី​ពេញ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​នេះ ធ្វើ​ឲ្យ​អ្នក​ទាំង ​២ ត្រូវ​ចែក​ប្រាក់​រង្វាន់​ជា ​២ ផ្នែក ដោយ​ម្នាក់ៗ​ទទួល​បាន ​១,៨ ​លាន​រៀល។

កីឡាករ ធន់ ចាន់តាក់ ដែល​ព្យាយាម​ម៉ាត់​ទៅ​លើ​ដើម​​ទ្រូង ​និង​ពោះ​របស់ ​សុខ ​សាវិន ក្នុង​បំណង​ឲ្យ​សន្លប់​នោះ​បាន​និយាយ​ថា៖ ​«​ខ្ញុំ​ខំ​ព្យាយាម​វាយ​ចូល​ពោះ​គាត់​ច្រើន ​ដើម្បី​ឲ្យ​សន្លប់ ​ប៉ុន្តែ​គាត់​នៅ​តែ​រក្សា​ជំហរ​រឹងមាំ​បាន​មិន​សន្លប់​។ ខ្ញុំ​ធ្លាប់​បាន​ជួប​គាត់​ច្រើន​ដង​មក​ហើយ​ តែ​ពេល​នេះ​ឃើញ​ថា គាត់​ល្អ​ជាង​មុន​ច្រើន ព្រោះ​ខ្ញុំ​បាន​ប្រឹងប្រែង​វាយ​អស់​ពី​សមត្ថភាព​របស់​ខ្ញុំ​ហើយ តែ​លទ្ធផល​បាន​ត្រឹម​ស្មើ​ពិន្ទុ​គ្នា»។

ចំណែក សុខ សាវិន ហាក់​មាន​ការ​ពេញ​ចិត្ត​នឹង​លទ្ធផល​ស្មើ​គ្នា​នេះ​ ដោយ​រូប​គេ​បាន​និយាយ ក្រោយ​ការ​ប្រកួត​​ថា៖ ​«​លទ្ធផល​នេះ មិន​អី​ទេ ព្រោះ​គេ​ល្អ នឹង​រឹង​មាំ ធ្វើ​ឲ្យ​ខ្ញុំ​មិន​សូវ​ហ៊ាន​ចូល​ប្តូរ​ប៉ុន្មាន​ទេ។ យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​បាន​ប្រឹងប្រែង​អស់​ពី​សមត្ថភាព​ហើយ តែ​បាន​ត្រឹម​ស្មើ​គ្នា»។​

ជាមួយ​គ្នា​នេះ ​លោក ​ធន់ ​សុភា​ គ្រូ​បង្វឹក​ ​ធន់ ​ចាន់​តាក់ បាន​​និយាយ​ថា៖ ​«​ពួក​​គេ​ហាត់​បាន​ល្អ​ ​មាន​កម្លាំង​រឹងមាំ​ និង​ស៊ូ​ទៅ​នឹង​ការ​វាយ​លុក​ដូច​គ្នា​។​ ​ពួក​គេ​សុទ្ធ​តែ​មាន​បទពិសោធ​ប្រកួត​ច្រើន​ មាន​ស្នៀត​​វាយ​លុក​ និង​ស្នៀត​ការពារ​បាន​ល្អ​ដូច​គ្នា ​ហេតុ​នេះ​មិន​អាច​មាន​អ្នក​ណា​​វាយ​ផ្តួល​ឲ្យ​សន្លប់​បាន​នោះ​ទេ។​ ទោះ​យ៉ាង​ណា បើ​គិត​ពី​ពិន្ទុ​ដូច​ការ​ប្រកួត​​គុន​ខ្មែរ​វិញ​ ​ធន់ ​ចាន់​តាក់ ​មាន​ប្រៀប​ឈ្នះ​ដាច់​ ប៉ុន្តែ​ច្បាប់​នៃ​ការ​ប្រកួត​ Mas Fight នេះ គឺ​មិន​​សន្លប់​ ​ត្រូវ​តែ​បាន​​លទ្ធផល​ស្មើ​គ្នា»។

ទន្ទឹម​ជាមួយ​គ្នា​នេះ ​លោក ​គឹម ស្រ៊ុន​កុសល​ នាយក​គ្រប់គ្រង​កម្មវិធី​ប្រកួត ​Mas ​Fight​ Cambodia​​ បាន​បង្ហាញ​ពី​មោទនភាព​នៃ​កម្មវិធី​នេះ ដែល​មាន​អ្នក​គាំទ្រ​ច្រើន។ លោក​បាន​និយាយ​ថា​៖ «​សង្វៀន​ថោន​ បាន​បើក​ប្រកួត​ក្រោយ​សង្វៀន​ដទៃ​ ដោយ​យើង​​​ប្រកួត​បាន​ ​៣០ ​សប្តាហ៍​ ហើយ​ការ​រៀបចំ​​ប្រកួត​ម៉ារ៉ាតុង​ដណ្តើម​ប្រាក់​លាន​ចំនួន ​៩ ​សប្តាហ៍​​នេះ គឺ​យើង​ធ្វើ​បាន​ល្អ​​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​អ្នក​ទស្សនា​ និង​ខាង​ដៃ​គូ​ឧបត្ថម្ភ​ ព្រោះ​ការ​ច្របាច់​បញ្ចូល​គ្នា​នៃ​ច្បាប់​ប្រកួត​គុន​ខ្មែរ​មាន ​៣ ទឹក នៅ​វគ្គ​ជម្រុះ និង​ច្បាប់ Mas Fight ដែល​ត្រូវ​វ៉ៃ ​៩ នាទី​ពេញ​គ្មាន​ឈប់ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ កំពុង​តែ​ធ្វើ​ឲ្យ​កម្មវិធី​នេះ​មាន​ការ​ពេញ​និយម​ខ្លាំង»៕