ភ្នំពេញ: អ្នកប្រដាល់ជំនាញវាយកែង និងប្រើជង្គង់ សួន ចាន់នី (សូត្រ ប៊ុនធី) បានបង្កើនការហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់ និងសម្រួចខ្លាំងទៅលើជំនាញវាយកែង ដើម្បីប្រើប្រាស់ក្នុងពេលរូបគេត្រូវដាក់ឲ្យប្រកួតជាមួយកីឡាករជើងខ្លាំងរបស់ថៃ Maisut ក្នុងការប្រកួតមិត្តភាពអន្តរជាតិនៅលើសង្វៀន CNC នាល្ងាចថ្ងៃសៅរ៍នេះ ចំណែក ពុទ្ធ ម៉ាណូយ ក៏ត្រៀមស្វាគមន៍កីឡាករបារាំង Murin Charlie ក្នុងពេលជាមួយគ្នានោះផងដែរ។
ការវិលមកជួបគ្នារបស់ សួន ចាន់នី និង Maisut វាបានក្លាយជាការប្រកួតសងសឹកដ៏គួរឲ្យចាប់អារម្មណ៍មួយ ព្រោះការជួបគ្នាលើកដំបូងកាលពីថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០១៨ នៅលើសង្វៀន CNC នេះ ចាន់នី បានចាញ់ Maisut ដោយពិន្ទុជាឯកច្ឆន្ទ។
ប៉ុន្តែលោក សួន ប៊ុនសូត្រ ដែលជាឪពុក និងជាគ្រូបង្វឹក សូត្រ ប៊ុនធី បានចាត់ទុកការចាញ់កាលនោះថា មកពី សួន ចាន់នី សម្រកទម្ងន់ខ្លាំងពេក ដើម្បីចូលរួមការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ ២០១៨ ហើយជំនួបរបស់ ចាន់នី និង Maisut កាលនោះក៏ត្រូវបានធ្វើឡើងក្នុងថ្ងៃតែមួយជាមួយការប្រកួតថ្នាក់ជាតិផងដែរ។
លោក ប៊ុនសូត្រ ប្រាប់ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា៖ «ការចាញ់លើកមុន ដោយសារ ចាន់នី បានសម្រកទម្ងន់ច្រើនពេក ហើយការប្រកួតនោះគឺត្រូវបានធ្វើឡើងតែរយៈពេលប៉ុន្មានម៉ោងនៅក្រោយការប្រកួតថ្នាក់ជាតិរបស់ ចាន់នី អ៊ីចឹងហើយទើបកូនរបស់ខ្ញុំឆាប់ធ្លាក់កម្លាំង និងបានចាញ់ថៃម្នាក់នោះ ប៉ុន្តែលើកនេះយើងហ្វឹកហាត់ត្រៀមបានយ៉ាងល្អ»។
តាមរយៈការប្រកួតកាលពីឆ្នាំ ២០១៨ នោះ ប៊ុនធី មានការលំបាកខ្លាំងក្នុងការចូលចាប់បុកជង្គង់ និងវាយកែងទៅលើ Maisut ខណៈកម្លាំងរបស់គេបានស្ថិតក្រោមថៃម្នាក់នោះ ហេតុនេះរូបគេបានប្រើការទាត់ និងការម៉ាត់ ដើម្បីទប់ទល់ Maisut តែការធ្លាក់ចុះកម្លាំងនៅទឹកទី ៤ និងទឹកទី ៥ បានធ្វើឲ្យរូបគេចាញ់ប្រៀប Maisut ច្រើនទើបចៅក្រមទាំង ៥ នាក់បានដាក់ពិន្ទុឲ្យ ចាន់នី ចាញ់ថៃម្នាក់នេះជាឯកច្ឆន្ទ ៥-០។
ទោះបីជាយ៉ាងណាលោក ប៊ុនសូត្រ បានបន្ថែមថា៖ «លើកនេះយើងបានប្រឹងប្រែងខ្លាំង ហើយខ្ញុំក៏បានបង្វឹកបន្ថែមទៅលើស្នៀតកែងរបស់ ចាន់នី ផងដែរ ព្រោះការប្រកួតនេះយើងនឹងប្រើកែងភាគច្រើន ដើម្បីប្រកួតជាមួយ Maisut ហើយខ្ញុំជឿថាការប្រឹងប្រែងហ្វឹកហាត់រាល់ថ្ងៃនេះនឹងធ្វើឲ្យ ចាន់នី មានកម្លាំងគ្រប់គ្រាន់ក្នុងការចូលចាប់វាយកែងទៅលើថៃម្នាក់នេះបាន គឺមិនដូចការប្រកួតមុនឡើយ»។
យ៉ាងណាក៏ដោយគេនៅមិនដឹងថា សួន ចាន់នី អាចធ្វើបានល្អ ដើម្បីសម្រេចការសងសឹកទៅលើ Maisut ឬបន្តចាញ់ទៀតនោះទេ ព្រោះថៃម្នាក់នេះមានសមត្ថភាព និងបច្ចេកទេសប្រកួតល្អ ហើយគេធ្លាប់បានយកឈ្នះជើងខ្លាំងរបស់កម្ពុជាច្រើនមកហើយក្នុងនោះគេបានឈ្នះ ឃីម ឌីម៉ា ២ លើក ឈ្នះ វេង សុភ័ក្រ ២ លើក ឈ្នះចាញ់ជាមួយ ផល សោភ័ណ្ឌ ឈ្នះ ឃីម បូរ៉ា ឈ្នះ ឡុង សំណាង និងបានស្មើពិន្ទុជាមួយជើងខ្លាំង ឡៅ ចន្ទ្រា។
នៅពេលរំឮកដល់ជ័យជម្នះរបស់ Maisut លើកីឡាករកម្ពុជាលោក សួន ប៊ុនសូត្រ បញ្ជាក់ថា៖ «ពិតណាស់ថៃម្នាក់នេះធ្លាប់បានឈ្នះកម្ពុជាច្រើននាក់ហើយ ហេតុនេះការប្រឹងប្រែងរបស់ ចាន់នី នៅពេលនេះគឺដើម្បីយកឈ្នះថៃម្នាក់នេះព្រោះយើងចង់ឲ្យគេស្គាល់រសជាតិចាញ់វិញម្តង»៕