ភ្នំពេញៈ កីឡាករ​កម្ពុជា ចាន់ ប៊ុន​លាភ បានបង្ហាញ​ពី​ការបាក់​ស្បាត​ដោយ​មិន​ចង់​ជួប Chhouk Chhai ម្តង​ទៀត​ទេ បន្ទាប់​ពី​ជើង​ខ្លាំង​របស់​ថៃ​ម្នាក់​នេះ​បាន​បុក​ជង្គង់​ឲ្យ​រូបគេ​សន្លប់​ក្នុង​ទឹក​ទី ៤ សម្រាប់​ការ​ប្រកួត​អន្តរជាតិ នៅ​សង្វៀន SEATV កាល​ពី​ថ្ងៃ​អាទិត្យ ប៉ុន្តែ សូត្រ ប៊ុនធី បាន​បុក​ជង្គង់​ឲ្យ​ថៃ Dav Oudorm សន្លប់​ធំ​រហូត​មាន​ការ​សង្គ្រោះ​ពី​គ្រូពេទ្យ។

ចាន់ ប៊ុន​លាភ បានចាត់ទុក​ការប្រកួត​ជាមួយ​ជើង​ខ្លាំង Chhouk Chhai កាលពី​ថ្ងៃអាទិត្យ​នោះ ប្រៀប​ដូច «កូន​វ៉ៃ​ជាមួយ​ឪពុក»។ ប៊ុន​លាភ បាន​និយាយ​ក្រោយ​ប្រកួត​ថា៖ «ខ្ញុំ​ប្រឹង​អស់​ពី​លទ្ធភាព និង​ចង់​គេច​ពី​សន្លប់​ដែរ ដោយ​ចង់​ចាញ់​ត្រឹម​ពិន្ទុ ប៉ុន្តែ​អាជ្ញា​កណ្តាល​បាន​បញ្ឈប់ មក​ពី​គាត់​មើល​ឃើញ​ថា ខ្ញុំ​អស់​ថាមពល​រលីង​ហើយ»។

សិស្សគណ​ក្លិប​និរោធ​មានជ័យ​រូបនេះ បាន​បន្ថែមថា៖ «ខ្ញុំ​គ្មាន​សង្ឃឹមថា អាច​វ៉ៃ​ជាមួយ Chhouk Chhai បាន​ទេ ប៉ុន្តែ​បញ្ហា​ប្រាក់​តម្លៃ​ខ្លួន វា​សំខាន់ សម្រាប់​ការ​ប្រកួត​នេះ​ហើយ​ថ្ងៃ​ក្រោយ​ខ្ញុំ​ក៏​មិន​ចង់​ប្រកួត​នឹង​គាត់​ទៀត​ដែរ គឺ​លំបាក​ណាស់ មិន​អាច​យក​ឈ្នះ​គាត់​បាន​ទេ»។

Chhouk Chhai ដែល​គេ​ស្គាល់​ថា ជា​កីឡាករ​លំដាប់​ខ្លាំង​មួយរូប មាន​ជំនាញ​ឱប​ឡើង​ជង្គង់ និង​ធ្លាប់​ផ្តួល​កីឡាករ​កម្ពុជា​ច្រើន​ហើយ​នោះ បាន​ធ្វើ​ឲ្យ​កីឡាករ ចាន់ ប៊ុនលាភ របស់​កម្ពុជា​ខំប្រឹង​តស៊ូ​ប្រកួត​យ៉ាង​ប្តូរផ្តាច់ បាន​តែ ៤ ទឹក​ប៉ុណ្ណោះ ក៏ត្រូវ​អាជ្ញា​កណ្តាល​លោក​ម៉ាក់ សាមឿន បញ្ឈប់ ស្រប​ពេល​ដែល ប៊ុន​លាភ អត់​លទ្ធភាព​តដៃ ដោយ​បាន​ដួល​ច្រើន​លើក​ច្រើន​សា​ពេក។

នៅមុន​ការបញ្ឈប់​នេះ ប៊ុន​លាភ បានទទួល​រង​នូវ​ជង្គង់​ច្រើន​ពី Chhouk Chhai និង​បាន​ដួល​រាប់​ភ្លេច សឹង​តែ​ងើប​មិន​រួច​ផង។ បន្ថែម​លើ​នេះ អាជ្ញាកណ្តាល​បាន​បាន​រាប់​ទៅ​លើ​គេ​ចំនួន ២ លើក ក្នុង​ការ​ប្រកួត​ចំនួន ៤ ទឹក​ហើយ​ស្ថានភាព​ប្រកួត​អាច​ប្រៀប​ដូច​ឆ្មា​ប្រឡែង​នឹង​កណ្តុរ។

ចាន់ ប៊ុន​លាភ ត្រូវបាន​គេ​មើលឃើញ​តាំងពី​ដំបូង​ថា មិនអាច​ទៅរួច​ជាមួយ ChhoukChhai បានទេ ប៉ុន្តែ​ការ​ប្រកួត​ចាញ់​របស់ ប៊ុនលាភ មិន​ត្រូវ​បាន​គេ​ស្តី​បន្ទោស​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​អ្នក​ទស្សនា​ភាគ​ច្រើន​បំផុត គេ​មាន​ការ​អាណិត​អាសូរ​ដល់ ចាន់ ប៊ុន​លាភ ទៅ​វិញ​ទេ ព្រោះ​គណៈកម្មការ​ផ្គូផ្គង​សមត្ថភាព​របស់​អ្នក​ទាំង ២ ហាក់​ដូច​ដាច់​ឆ្ងាយ​ពី​គ្នា​ពេក។

អ្នកទស្សនា​បាន​រិះគន់​គណៈកម្មការ​ផ្គូផ្គង ព្រោះ​ការដាក់ ចាន់ ប៊ុន​លាភ ឲ្យ​វ៉ៃ​ជាមួយ​Chhouk Chhai គ្មាន​ស័ក្តិសម​គ្នា​អី​បន្តិច ដ្បិត​អី​សមត្ថភាព​ខុស​ឆ្ងាយ​ពី​គ្នា​ពេក គឺ​សូម្បី​តែ ឡុង សុវណ្ណ​ឌឿន, ផាន់ គ្រាន់, ឡុង សុភី និង​ជើង​ខ្លាំង​របស់​កម្ពុជា​មួយ​ចំនួន​ទៀត ក៏​រក​ឈ្នះ​ជាមួយ Chhouk Chhai មិន​ឃើញ​ផង។

ដោយឡែក សូត្រ ប៊ុន​ធី បាន​បុក​ជង្គង់​ដល់​មុខ Dav Oudorm បណ្តាល​ឲ្យ​ដួលសន្លប់​ធំ​នៅ​ត្រឹម​ទឹក​ទី ១។ លោក វណ្ណា គ្រូពេទ្យ​ប្រចាំ​សង្វៀន បាន​ចំណាយ​ពេល​ជិត ៥ នាទី ទើប​សង្គ្រោះ​ឲ្យ​កីឡាករ​ថៃ Dav Oudorm បាន​ដឹង​ខ្លួន​វិញ ហើយ​ជ័យជម្នះ ត្រូវ​បាន​ប្រគល់​ឲ្យ​ទៅ សូត្រ ប៊ុនធី យ៉ាង​ឆាប់​រហ័ស​បំផុត។

លោក ថា​ញ់ វ៉ា​ឡេ​ក ជា​គ្រូបង្វឹក បាន​និយាយថា៖« Dav Oudorm ជា​កីឡាករ​មាន​សមត្ថភាព​ល្អ​មួយ​រូប​ដែរ ប៉ុន្តែ​ការ​ចាញ់​ក្នុង​ទឹក​ទី ១ យ៉ាង​ផុយ​ស្រួយ​នេះ ព្រោះ​ភ្លាត់​ស្នៀត ដោយ​ចាញ់​ក្បាច់​ឱប​កាច់ និង​បន្ថែម​ដោយ​ជង្គង់​ចំ​គោលដៅ​ល្អ គឺ​មុខ​ធ្វើ​ឲ្យ​រូប​គេ​សន្លប់​ធំ​តែម្តង។ ប៉ុន្តែ​គេ នៅ​មាន​ឱកាស​សង​សឹក​ជាមួយ សូត្រ ប៊ុនធី នៅ​ពេល​ក្រោយ​ទៀត»៕