ភ្នំពេញ៖ ​កីឡាករ ចាន់ ប៊ុនហឿន ​បាន​រក​ឃើញ​ជ័យជម្នះ​ដ៏​សំខាន់​របស់​ខ្លួន គឺ​ការ​យក​ឈ្នះ​លើ​ជើង​ខ្លាំង សោម វិឆ័យ និង គង់ សំបូរ ដើម្បី​ក្លាយ​ជា​ម្ចាស់​ទឹក​ប្រាក់ ៣,៤ លាន​រៀល ពី​ការ​ប្រកួត​ម៉ារ៉ាតុង​ដណ្តើម​ប្រាក់​លាន ទម្ងន់ ៦៣,៥ ​គីឡូក្រាម នៅ​លើ​សង្វៀន​ថោន កាល​ពី​ថ្ងៃ​អាទិត្យ។

កីឡាករ ​ចាន់ ​ប៊ុន​ហឿន​ ដែល​បាន​សំងំ​ហ្វឹកហាត់​យ៉ាង​ស្ងៀមស្ងាត់ នៅ​​ក្លិប​ថ្ម​គោល​ពោធិ៍សែន​ជ័យ​នោះ ​បាន​បង្ហាញ​ការ​ប្រកួត​យ៉ាង​ល្អ​បំផុត​នៅ​ក្នុងវគ្គ​ជម្រុះ​​​ជាមួយ សោម វិឆ័យ គឺ​នៅ​​ក្នុង​ការ​ប្រកួត ​៣ ទឹក​នោះ ​ចាន់ ​ប៊ុនហឿន​ វ៉ៃ​បាន​ល្អ ​ដោយ​ភាគ​ច្រើន​ប្រើ​ក្បាច់​ជង្គង់ ​និង​កណ្តាប់​ដៃ​ វាយ​ចេញ​លឿន​ រហ័ស និង​​ត្រង់​ចូល​គោដៅ​ច្បាស់ៗ​ ដើម្បី​ឈ្នះ សោម វិឆ័យ ដោយ​ពិន្ទុ។

ជាមួយ​ជ័យជម្នះ​នេះ ​បាន​ជួយ​​ឱ្យ​ ចាន់ ​ប៊ុនហឿន ឡើង​ទៅ​ជួប គង់ សំបូរ ដែល​បាន​យក​ឈ្នះ​លើ​ជើង​ថ្មី អេលីត ភក្តី ដោយ​ពិន្ទុ​មិន​ឯកច្ឆន្ទ ៤-១។ នៅ​ក្នុង​ការ​​ប្រកួត​ផ្តាច់ព្រ័ត្រ មាន ​៣ ទឹក​ដែរ​នោះ ​គង់ សំបូរ បាន​ប្រើ​គ្រប់​​ល្បិច​ប្រកួត ​និង​ខំ​ប្រឹង​អស់​ពី​សមត្ថភាព​ ប៉ុន្តែ​គ្មាន​លទ្ធភាព​យក​ឈ្នះ​ ចាន់ ​ប៊ុន​ហឿន ​នោះ​ឡើយ ​គឺ​បាន​ចាញ់​ ដោយ​ពិន្ទុ​ដាច់​តែ​ម្តង ​ដោយ​ទទួល​បាន​​ប្រាក់​រង្វាន់​​​ចំនួន ​១,៨ ​លាន​រៀល​។​

គង់ សំបូរ បាន​និយាយ ក្រោយ​ការ​ប្រកួត​​ថា៖ ​«​នៅ​ក្នុង​ការ​ប្រកួត​ជុំ​ទី​១ មាន​ការ​​វាយ​ប្តូរ​គ្នា​ខ្លាំង​ដែរ ហើយ​សម្រាប់​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​ជាមួយ ចាន់ ប៊ុនហឿន ខ្ញុំ​បាន​ព្យាយាម​​វាយ​ប្តូរ​រហូត ឡើង​អស់​ខ្លួន​ឯង។ ​នៅ​ទឹក​ទី​១ និង​ទឹក​ទី​៣ ខ្ញុំ​ក៏​មាន​សង្ឃឹម​ឈ្នះ​ដែរ ប៉ុន្តែ​នៅ​ទឹក​ទី​២ គាត់​វាយ​ចូល​ច្រើន​ពេក។ គាត់​ខ្ពស់​ជាង និង​វែង​ជាង​ខ្ញុំ អ៊ីចឹង​​ការ​ប្រកួត ​ខ្ញុំ​វាយ​អត់​សូវ​ដល់​គាត់ ដោយ​ខ្ញុំ​បាន​ព្យាយាម​​អស់​ពី​សមត្ថភាព​ហើយ ហើយ​ខ្ញុំ​ក៏​​មាន​ការ​សោក​ស្តាយ​ផង​ដែរ ចំពោះ​ការ​ចាញ់​នេះ»។

ចំណែក ចាន់ ប៊ុនហឿន ក៏​បាន​សរសើរ​ពី​ភាព​ខ្លាំង​របស់ គង់ សំបូរ ផង​ដែរ ព្រោះ​ការ​វាយ​ចេញ​របស់ សំបូរ ពិសេស​ស្នៀត​ទាត់​ បាន​ធ្វើ​ឱ្យ​រូប​គេ​ចង់​យ៉ាប់​ម្តងៗ​ទៅ​ហើយ ព្រោះ​វា​ឈឺ​ខ្លាំង​ពេក។

ចាន់ ប៊ុនហឿន ​និយាយ​ក្រោយ​ការ​ប្រកួត​ថា៖ ​«គង់ សំបូរ ល្អ​ទាត់ និង​ម៉ាត់ ព្រោះ​ការ​ទាត់ ​១ ​ជើងៗ​របស់​គាត់ ខ្ញុំ​ទ្រាំ​អត់​ចង់​បាន គឺ​គាត់​បាន​ទាត់​បំបុក​ជើង​យើង​ ដោយសារ​គាត់​ដឹង​ថា ជើង​យើង​ឈឺ គ្រាន់​តែ​ខ្ញុំ​ស៊ូ​ទ្រាំ​តែម្តង។ ​​នៅ​ក្នុង​ការ​ប្រកួត ​៣ ​ទឹក​នេះ ខ្ញុំ​សង្ឃឹម​ឈ្នះ​ច្រើន នៅ​ទឹក​ទី​២ ព្រោះ​ខ្ញុំ​បាន​វាយ​គាត់​ចូល​ច្រើន ដែល​ធ្វើ​ឱ្យ​គាត់​រាង​ពិបាក​ម្តងៗ​ដែរ ហើយ​នៅ​ពេល​នេះ ខ្ញុំ​មាន​អារម្មណ៍​ចង់​វាយ​ផ្តាច់​គាត់ (វាយ​ឱ្យ​សន្លប់) ប៉ុន្តែ​យើង​រាង​អស់​ដែរ»។

គួរ​បញ្ជាក់​ថា ចាន់ ប៊ុន​ហឿន ​ជា​ប្អូន​បង្កើត​​របស់​អ្នក​ប្រដាល់​ចិត្ត​ធំ វាយ​មិន​ដក​ថយ ​ថៃ​ ប៊ុនហាន​ ដែល​មាន​ស្រុក​​កំណើត​​នៅ​​ភ្នំ​ស្រួច ​ខេត្ត​កំពង់ស្ពឺ​ គឺ​ជា​អ្នក​ប្រដាល់​ ដែល​ធ្លាប់​ឈ្នះ​បាន​ខ្សែ​ក្រវាត់​មក​គ្រប់គ្រង​ដូច​គ្នា ​ប៉ុន្តែ​អាជីព​មួយ​នេះ​ ពួក​គេ​មិន​បាន​ប្រកួត​ជាប់​លាប់ ​ដោយ​វត្តមាន​ប្រកួត​បាត់​ឃើញៗ​មិន​ទៀងទាត់។

យ៉ាង​ណា​ក៏​ដោយ អតីត​កីឡាករ​ជើង​ខ្លាំង លោក​ ឯម ​វុត្ថា​ ដែល​ជា​អ្នក​គ្រប់គ្រង​កីឡាករ​ ចាន់​ ប៊ុនហឿន​ បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ ក្រោយ​ការ​ប្រកួត​ថា​ បន្ទាប់​ពី​ឈ្នះ​បាន​ប្រាក់​លាន​នេះ ​លោក​នឹង​ជំរុញ​​ឱ្យ​ ចាន់​ ប៊ុន​ហឿន​ បន្ត​ហ្វឹកហាត់​ឱ្យ​បាន​សកម្ម​ខ្លាំង​ក្លា ​ដើម្បី​ត្រៀម​ប្រកួត​ក្នុង​ខ្សែ​ក្រវាត់​ខាង​មុខ​ក្នុង​ទម្ងន់ ​៦៣,៥ ​ឬ ​៦០ ​គីឡូក្រាម​៕