The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ចាន់ រតនា ចង់​ឈ្នះ​គុយបា ដើម្បី​ឈាន​ទៅ​សម្រេច​បំណង​ធំ

ចាន់ រតនា ចង់​ឈ្នះ​គុយបា ដើម្បី​ឈាន​ទៅ​សម្រេច​បំណង​ធំ

Content image - Phnom Penh Post
ចាន់ រតនា បាន​វ៉ៃ​ទៅ​លើ​គូប្រកួត​សម្រាប់​ការបង្ហាញ​ខ្លួន​ក្នុង​ព្រឹត្តិការណ៍ ONE កន្លងមក​។ រូបថត សហការី

ចាន់ រតនា ចង់​ឈ្នះ​គុយបា ដើម្បី​ឈាន​ទៅ​សម្រេច​បំណង​ធំ

ភ្នំពេញៈ កីឡាករ​ជើង​ខ្លាំង​របស់​កម្ពុជា ចាន់ រតនា នឹង​ត្រូវ​ឡើងទៅ​ជួប​ជើង​ខ្លាំង​ជំនាញ​ខាង​ចំបាប់​របស់​គុយបា Gustavo “Gladiador Balart” ក្នុង​ព្រឹត្តិការណ៍ ONE: DREAMS OF GOLD នៅ​ថ្ងៃទី​ ១៦ ខែសីហា ហើយ​ការប្រឈមមុខ​ជាមួយ​កីឡាករ Balart នៅ​សង្វៀន Impact Arena នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ​លើក​នេះ វា​មិនមែន​ជា​រឿង​ងាយស្រួល​នោះ​ឡើយ ប៉ុន្តែ រតនា បាន​អះអាង​ថា​រូបគេ​ពិតជា​ចង់​ឈ្នះ​ការប្រកួត ដើម្បី​ឈាន​ទៅ​រក​ការសម្រេច​គោលបំណង​ធំ​របស់គេ​។

កីឡាករ រតនា បាន​ស្គាល់​សមត្ថភាព​ជើង​ខ្លាំង​របស់​គុយបា​រូបនេះ ច្បាស់​ណាស់​គឺ​គេ​ជឿ​លើ​កម្លាំង​ក្នុង​ការប្រកួត​នៅ​ចំពោះមុខ ដោយ​ចូលចាប់​ក្លេ​ទៅ​តាម​ជំនាញ គឺជា​អ្នកលេង​ចំបាប់​។ ហេតុនេះ រតនា ដែល​ពឹង​ទៅ​លើ​ការប្រើ​គុន​ខ្មែរ​ច្រើន​ជាង​ចូលចាប់​ក្លេ​នោះ​អាច​នឹង​មិន​ងាយស្រួល​នឹង​យក​ឈ្នះ​នោះឡើយ​។ ចាន់ រតនា បាន​និយាយ​ថា​៖ « គាត់​ជា​គូប្រកួត​ដ៏តឹងតែង​មួយរូប​»​។

អ្នក​ប្រយុទ្ធ​ក្បាច់គុន​ចម្រុះ​របស់​កម្ពុជា​រូបនេះ​បាន​បន្ថែមថា​៖ «​គ្រូបង្វឹក​ខ្ញុំ​ម្នាក់ គឺជា​អតីត​តារា​ប្រដាល់​ក្នុង​ទ្រុង​នៅ​គុយបា ហើយ​កូន​របស់គាត់​បច្ចុប្បន្ន​គឺជា​កីឡាករ​ល្បីឈ្មោះ​ម្នាក់​នៅ​ប្រទេស​កម្ពុជា អ៊ីចឹង​ខ្ញុំ​ដឹង​ថា កីឡាករ​គុយបា​លំបាក​ប៉ុនណា និង​ទទួលស្គាល់​ថា ពួកគេ​មាន​កម្លាំង​ខ្លាំង​»​។

កីឡាករ Balart បាន​ចាញ់​ការប្រកួត​ជាមួយ​កីឡាករ Tatsumitsu Wada នៅ​ព្រឹត្តិការណ៍ ONE: ROOTS OF HONOR ដោយ​ការសម្រេច​ជា​ឯកច្ឆន្ទ​។ ប៉ុន្តែ​កីឡាករ​របស់​គុយបា​រូបនេះ​ទទួល​បាន​ការគោរព​នៅ​ចំពោះ​មុខ​អ្នកគាំទ្រ ខណៈ​រូបគេ​បាន​បង្ហាញ​សមត្ថភាព​ប្រកួត​បាន​ល្អ ដើម្បី​តតាំង​ជាមួយ​គូប្រកួត​ដែល​ខ្ពស់ជាង​ខ្លួន​ដាច់​នោះ ហើយ​នេះ​ជា​អ្វី​ដែល ចាន់ រតនា បាន​គិត​ក្នុង​ចិត្ត​នៅពេល​រូបគេ​បង្កើន​យុទ្ធសាស្ត្រ​សម្រាប់​ការប្រកួត​របស់​ខ្លួន​។

កីឡាករ រតនា បាន​និយាយ​ថា​៖ «Balart គឺជា​គូប្រកួត​ដ៏លំបាក​មួយ ហើយ​ខ្ញុំ​ដឹង​ច្បាស់​ថា គាត់​ក៏​បាន​ត្រៀមខ្លួន និង​ខិតខំ​ហ្វឹកហាត់​ដូច​ខ្ញុំ​ផងដែរ​។ នៅ​ប្រទេស​កម្ពុជា ខ្ញុំ​ធ្លាប់​ហ្វឹកហាត់ និង​សាកល្បង​ជាមួយ​អត្តពលិក​ដែល​មាន​មាឌធំ និង​តូច​ជាង​ខ្ញុំ ហើយ​ខ្ញុំ​កំពុង​ទន្ទឹង​រង់ចាំ​ចំពោះ​ការប្រកួត​នេះ​»​។

អ្នក​ប្រដាល់​មុខស្រស់​រូបនេះ​បាន​បង្ហើប​ថា​៖ «​ការពិត​ការ​ក្រោកឈរ ការ​វាយ​ពី​ចម្ងាយ​គឺជា​ផ្នែក​សំខាន់ ប៉ុន្តែ​នេះ​ជា​ព្រឹត្តិការណ៍ MMA អ៊ីចឹង​យើង​ត្រូវមាន​វិធី​ក្នុងការ​ប្រកួត ថា​វ៉ៃ​បែប​ណា​បាន​លទ្ធផល និង​វ៉ៃ​របៀប​ណា នាំឲ្យ​យើង​ទទួល​បាន​ផល​មិន​ល្អ ហើយ​អ្នក​ឈ្នះ​គឺជា​អ្នក​ដែល​ចេះ​រក​ចំណុច​ខ្សោយ និង​កំហុស​»​។

កីឡាករ ចាន់ រតនា គ្រោង​នឹង​បង្កើត​ប្រវត្តិសាស្ត្រ​ដោយ​ក្លាយ​ជា​កីឡាករ​កម្ពុជា​មុន​គេ ដែល​បាន​ឈ្នះ​ពានរង្វាន់​មាស​មួយ​ពី​កម្មវិធី ONE Championship នេះ​ហើយ​រូបគេ​ប្រហែល​ជា​ត្រូវ​រង់ចាំ​ក្រោយពី​ព្រឹត្តិការណ៍ Grand Prix បាន​បញ្ចប់ ប៉ុន្តែ រតនា តែងតែ​រក្សា​ខ្លួនឯង​ឲ្យ​នៅក្នុង​លក្ខខណ្ឌ​កំពូល និង​ឈ្នះ​គ្រប់ការ​ប្រកួត​ដែល​រូបគេ​បាន​ចូលរួម​ទាំងអស់​។ គេ​បញ្ជាក់ថា​៖ «​គោលដៅ​របស់​ខ្ញុំ​គឺ​ធ្វើជា​កីឡាករ​កម្ពុជា​ដំបូង​គេ ដែល​បាន​ឈ្នះ​ខ្សែក្រវាត់​ជើងឯក ONE Championship»​។

កីឡាករ រតនា បាន​បន្ថែម​ថា​៖ «​ខ្ញុំ​បាន​បោះជំរំ​ហ្វឹកហាត់​ពេញលេញ​នៅឯ​កន្លែង​ហាត់ប្រាណ​របស់​ខ្ញុំ​ជាមួយ Vy ហាត់​ក្បាច់​ក្លេ​នៅ​ក្លិប H/Art Academy BJJ និង​ហាត់​កម្លាំង​នៅ​ក្លិប LL Fitness និង SuperFit Gym​។ ខ្ញុំ​ជា​ផ្នែក​នៃ​ក្រុម FFG ហើយ​ខ្ញុំ​មាន​មិត្តភក្តិ​រួម​ក្រុម​កីឡាករ​ជើង​ខ្លាំង​ខាង​វាយ​ដាក់​ទ្រុង​នេះ ឈ្មោះ Phoe Thaw ដែល​គាត់​ជា​អ្នក​ឲ្យ​ទឹក​ខ្ញុំ​ក្នុង​ពេល​ប្រកួត​។ ខ្ញុំ​បាន​អ្វី​គ្រប់យ៉ាង​ដែល​ខ្ញុំ​អាច​ទទួល​បាន​ជ័យជម្នះ​មួយ​ទៀត ដើម្បី​ឈាន​ទៅ​សម្រេច​គោលបំណង​របស់​ខ្ញុំ​»៕ SN

អត្ថបទគួរចាប់អារម្មណ៍