ភ្នំពេញ: អ្នកលេងកីឡាប្រ-យុទ្ធគុនចម្រុះ ចាន់ រតនា ជាកីឡាករនៅក្នុងក្លិបខេមរៈខ្លាហោះប្រដាល់គុនខ្មែរនៃសមាគមប្រដាល់ក្រសួងមហាផ្ទៃ។
ប៉ុន្តែបច្ចុប្បន្នកីឡាកររូបនេះបានផ្អាកការប្រកួតដោយមកបើកសាលាគុនចម្រុះមួយនៅជិតមណ្ឌលប្រល័យពូជសាសន៍ទួលស្លែង រាជធានីភ្នំពេញ ដែលមានឈ្មោះថា សិល្បៈកីឡា ដែលទទួលសិស្សហ្វឹកហាត់មានគុនចម្រុះដូចជាប្រដាល់គុនខ្មែរ ប្រដាល់សកល និងគុនចម្រុះ (MMA) ព្រមទាំងហាត់ដើម្បីសុខភាពផងដែរ។
អ្នកមកហាត់ដែលជាសិស្សគណភាគច្រើនជាជនបរទេស។ ក្នុងនាមជាគ្រូបង្វឹក ចាន់ រតនា ទទួលបានភាពល្បីល្បាញព្រមទាំងមានកូនសិស្សជាជនបរទេសភាគច្រើនមកពីប្រទេស បារាំង ដែលនាំយកភាពល្បីល្បាញដល់ប្រទេសបារាំង។
ចាន់ រតនា បានប្រាប់ភ្នំពេញប៉ុស្តិ៍ ថា៖«ខ្ញុំបានផ្អាកការប្រកួតមួយរយៈដោយសារបញ្ហាមិនសូវពេញចិត្តចំពោះការសម្រេចសេចក្តីពេលខ្ញុំឡើងប្រកួតគុនខ្មែររបស់ខ្ញុំគឺភាគច្រើនមិនយុត្តិធម៌។ បើខ្ញុំវាយគេមិនសន្លប់ ទោះជាមានប្រៀបខ្លាំងលើដៃគូក៏គណៈកម្មការមិនឲ្យឈ្នះដែរ ដែលធ្វើឲ្យខ្ញុំកាន់តែខកចិត្ត និងបានសម្រេចងាកមកបើកសាលាគុនបង្វឹកកីឡាករបរទេសវិញ»។
ចាន់ រតនា បានបន្តថា៖ «ការបង្វឹករបស់ខ្ញុំទទួលបានលទ្ធផលល្អគឺមានសិស្សច្រើន ហើយនៅថ្ងៃទី ២ ខែ មិថុនា ឆ្នាំ ២០១៨ ខាងមុខនេះ ខ្ញុំទទួលបានការអញ្ជើញពីក្លិបសាលាគុននៅប្រទេសបារាំង ឲ្យទៅបង្វឹករយៈពេល ៣ សប្តាហ៍។ ការចេញទៅនេះដោយសារតែមានកូនសិស្សបារាំង ដែលមកហ្វឹកហាត់ស្រុកយើង ឃើញថា ខ្ញុំជាគ្រូបង្វឹកល្អ ហើយការផ្សព្វផ្សាយតៗគ្នាទៅ ដែលនាំឲ្យគេអញ្ជើញខ្ញុំទៅតែម្តងដោយចេញទាំងសោហ៊ុយសំបុត្រយន្តហោះ ការហូបចុកស្នាក់នៅមួយកំប្លេ»។
ចាន់ រតនា បានបញ្ជាក់ថា៖ «ការចេញទៅនេះគឺលក្ខ-ណៈឯកជនទេ ដែលជាសិទ្ធិឯកជនក្នុងអាជីពរបស់ខ្ញុំផ្ទាល់។ ជាមួយគ្នានេះ ខ្ញុំទទួលបានការអនុញ្ញាតទិដ្ឋាការនៅស្ថានទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជារួចហើយដែរ ដោយរង់ចាំតែពេលចេញដំណើរតែម្តង»។
ក្រៅពីអាជីពគ្រូបង្វឹក ចាន់ រតនា បានជាប់កិច្ចសន្យាជាមួយគុនចម្រុះអាស៊ី MMA របស់ ONE Championship ដោយប្រកួតក្នុងមួយឆ្នាំ ៣ លើក និងទទួលប្រាក់តម្លៃខ្លួនចាប់ពី ១ ៥០០ ដុល្លារ ដល់ ៣ ០០០ ដុល្លារក្នុងមួយលើកៗ ខណៈដែលប្រដាល់គុនខ្មែរនៅតែមានសង្វៀនខ្លះទាក់ទងចរចាសុំឲ្យឡើងប្រកួត ប៉ុន្តែ គេតែងតែបដិសេធសុំផ្អាកមួយរយៈសិន។
លោក ចាន់ ប៊ុនធឿន ជាគ្រូបង្វឹក និងជាឪពុកបង្កើត បាននិយាយថា៖ «ចាន់ រតនា ជាកីឡាករទទួលបានការហ្វឹកហាត់កីឡាប្រយុទ្ធតាំងពីក្មេងពីដំបូងដោយខ្ញុំផ្ទាល់ជាគ្រូដើម។ គេក៏បានហាត់ហាប់គីដូ និងវ៉ូវីណាមផងដែរ៕