ភ្នំពេញ៖ កីឡាករជើងខ្លាំងគុនចម្រុះលេខ ១ របស់កម្ពុជា ចាន់ រតនា បានអះអាងថា ការប្រកួតជាមួយអ្នកប្រដាល់របស់ចិន Xie Wei ក្នុងព្រឹត្តិការណ៍ NOE: Collision Course នៅកីឡដ្ឋាន Singapore Indoor Stadium លើទឹកដីប្រទេសសិង្ហបុរី នារាត្រីថ្ងៃសុក្រ ខាងមុខនេះ នឹងមិនអាចឈានដល់ ៣ ទឹកពេញនោះទេ គឺនឹងមានអ្នកណាសន្លប់ជាមិនខាន។
អ្នកប្រយុទ្ធមានជំនាញច្រើនប្រភេទកីឡា ចាន់ រតនា បានព្យាយាមហ្វឹកហាត់ជាងកន្លះឆ្នាំមកហើយ ដើម្បីត្រៀមការប្រកួតជាមួយកីឡាករចិន Xie Wei នារាត្រីដ៏សំខាន់ខាងមុខនេះ ប៉ុន្តែតាមការសិក្សាផ្ទាល់ទៅលើចំណុចខ្លាំងរបស់កីឡាករចិនរូបនេះ រតនា បានមើលឃើញថា ជំនួបនេះនឹងមានអ្នកសន្លប់ គឺបើមិន Xie Wei សន្លប់ មានតែរូបគេផ្ទាល់ជាអ្នកសន្លប់។
តាមរយៈសម្ភាសផ្ទាល់ជាមួយក្រុមការងាររបស់ ONE Championship (ONE) ចាន់ រតនា បាននិយាយថា៖ «ខ្ញុំឃើញចំណុចខ្លាំងរបស់គាត់ (Xie Wei) ២ សំខាន់ៗ ដែលនឹងលំបាកសម្រាប់ខ្ញុំ គឺគាត់ពូកែគ្រប់គ្រងលើដៃគូពេលប្រឈមដៃគូនៅលើសង្វៀន ហើយគាត់មានចលនាលឿន។ ក្បាច់ការពាររបស់គាត់ល្អ ដែលមិនងាយឱ្យដៃគូដាក់គំនាប ឬគាបសង្កត់លើគាត់បានងាយស្រួលនោះទេ ជាពិសេសក្បាច់ក្រោម»។
កីឡាករវ័យ ៣៥ ឆ្នាំ ចាន់ រតនា ដែលកំពុងត្រៀមខ្លួនយ៉ាងល្អ នៅលើទឹកដីប្រទេសសិង្ហបុរី ស្រាប់ ដើម្បីតតាំងជាមួយអ្នកប្រដាល់វ័យ ២៤ ឆ្នាំ Xie Wei នោះ បាននិយាយសង្កត់ធ្ងន់ថា៖ «ការប្រកួតនេះ នឹងមានម្នាក់សន្លប់! បើមិនគេទេ គឺយើង ព្រោះ Xie Wei ជាកីឡាករអន្ទះសាម្នាក់ គឺគ្រាន់តែសំឡេងកណ្តឹងរោទ៍ឡើងភ្លាម គាត់ច្បាស់ជារុលសម្រុកចូលវ៉ៃហើយ»។
យ៉ាងណាក៏ដោយ ចាន់ រតនា ដែលមានជំនាញកីឡាប្រយុទ្ធជាច្រើនប្រភេទ ដូចជាហាប់គីដូ ចំបាប់ តេក្វាន់ដូ ប្រដាល់គុនខ្មែរ វ៉ូវីណាម មុនចូលហាត់គុនចម្រុះ MMA ដើម្បីបានប្រកួតនៅលើសង្វៀនគុនចម្រុះពិភពលោក ONE នោះ ក៏មានបំណងឱ្យការប្រកួតលើកនេះ បញ្ចប់មុន ៣ ទឹកពេញដែរ។
ម្ចាស់ក្លិបសិល្បៈគុនខ្មែរ ដែលទទួលបានក្របខ័ណ្ឌជាមន្ត្រីនគរបាលជាតិ ចាន់ រតនា បាននិយាយបន្ថែមដោយទំនុកចិត្តថា៖ «ដូចបំណងខ្ញុំដែរ ខ្ញុំអត់ចង់ឱ្យការប្រកួតនេះ ចប់ ៣ ទឹកទេ។ ខ្ញុំចង់ឱ្យការប្រកួតជាមួយ Xie Wei ចប់បានលឿនបំផុត អ៊ីចឹងភាគរយខ្ពស់បំផុតសម្រាប់ការប្រកួតខាងមុខនេះ គឺអត់ចប់ ៣ ទឹកទេ»។
ចាន់ រតនា ដែលមានកំណត់ត្រាប្រកួតគុនចម្រុះបាន ១០ ដង ឈ្នះ ៧ ដង និងចាញ់ ៣ ដង ពិតជាមានមហិច្ឆតាចង់ឈ្នះ កីឡាករធ្លាប់ប្រកួតគុនចម្រុះ ៨ លើក ឈ្នះ ៥ និង ចាញ់ ៣ ដង Xie Wei ដើម្បីរក្សាកំណត់ត្រាការឈ្នះជាលើកទី៤ ជាប់ៗគ្នានៅសង្វៀន ONE។
កីឡាករ ចាន់ រតនា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ មុនចាកចេញទៅប្រទេសសិង្ហបុរី កាលពីថ្ងៃសៅរ៍ ទី១២ ខែធ្នូ ថា៖ «ខ្ញុំរំពឹងឈ្នះខ្ពស់ ១០០ ភាគរយ ព្រោះហ្វឹកហាត់បានល្អ និងមានការតាំងចិត្តខ្ពស់ឈានទៅរកការឈ្នះជាលើកទី៤ ជាប់ៗគ្នានៅ ONE សម្រាប់ការប្រកួតចុងក្រោយក្នុងឆ្នាំ ២០២០ នេះ ដើម្បីក្លាយជាអ្នកខ្លាំងដែលមានតម្លៃខ្លួនប្រកួតកាន់តែកើនឡើង»៕