ភ្នំពេញ៖ ​ស្រប​ពេល​ដែល​អង្គភាព​រៀបចំ​ការ​ប្រកួត​ក្បាច់​គុន​ចម្រុះ ​​ONE ​Championship ចេះ​តែ​ពន្យារ​ការ​ប្រកួត​របស់​ខ្លួន​ជា​បន្ត​បន្ទាប់ ដោយ​វិបត្តិ​ជំងឺ​កូវីដ ១៩ ហើយ​មិន​ទាន់​បាន​កំណត់​កាល​បរិច្ឆេទ​ប្រកួត​ជា​ថ្មី ឲ្យ​បាន​ច្បាស់​លាស់​នោះ បាន​​ធ្វើ​ឲ្យ​កីឡាករ​លំដាប់​ល្អ​របស់​កម្ពុជា​ ចាន់ ​រតនា​ អន្ទះសា​ចង់​ឡើង​ប្រកួត ដើម្បី​បង្ហាញ​ភាព​អស្ចារ្យ​ជា​ថ្មី ខណៈ​ជីវភាព​គ្រួសារ​របស់​គេ​ក៏​បាន​ជួប​បញ្ហា​លំបាក​ក្នុង​គ្រាមាន​វិបត្តិ​ជា​សកល​នេះ​ផង​ដែរ​។

យ៉ាង​ណា​ក៏​ដោយ ចាន់ រតនា ដែល​សាង​បាន​ភាព​ល្បី​ខ្លាំង​នៅ​ក្នុង​ការ​ប្រកួត ONE ​នេះ មិន​បាន​ផ្តេកផ្តួល ឬ​អស់​សង្ឃឹម​​ទៅ​នឹង​ការ​រង់ចាំ​នេះ​នោះ​ទេ គឺ​រូប​គេ​នៅ​តែ​បន្ត​​ព្យាយាម​ខំ​ហ្វឹកហាត់​ត្រៀម​ប្រកួត ​មិន​ថមថយ​ឡើយ ​គឺ​ប្រឹង​ជា​ប្រចាំ​ បើ​ទោះបី​ជា​ពេល​នេះ ក្លិប​ប្រដាល់​របស់​​គេ (ក្លិប​សិល្បៈ​គុន​ខ្មែរ) ដែល​ធ្លាប់​តែ​មាន​ជន​បរទេស និង​ក្មេងៗ​ជំនាន់​ក្រោយ មក​ហ្វឹកហាត់​ជា​ហូរហែ ស្ទើរ​តែ​ត្រូវ​បិទ​ទ្វារ ដោយសារ​វិបត្តិ​ជំងឺ​កូវីដ ​១៩ ក៏​ដោយ។

ចាន់ ​រតនា បាន​​ប្រាប់​​ថា​៖ «ខ្ញុំ​នៅ​តែ​រង់ចាំ​ការ​ប្រកួត​ដ៏​ធំ​នេះ​ជានិច្ច ​បើ​ទោះបី​ជា​​​កម្មវិធី ONE Championship ​នៅ​តែ​លើក ​និង​ពន្យារពេល​ប្រកួត​ក៏​ដោយ​។ ដើម្បី​ទទួល​បាន​លទ្ធផល​​ល្អ​ ក្នុង​រយៈពេល​ជំងឺ​កូវីដ ​១៩ នេះ ​​គឺ​ខ្ញុំ​មិន​ភ្លេច​ហ្វឹកហាត់​ត្រៀម​នោះ​ទេ ដើម្បី​​ទន្ទឹង​រង់ចាំ​ការ​ប្រកួត​មួយ​ដ៏​អស្ចារ្យ​ ជា​មួយ​កីឡាករ​លំដាប់​ល្បី​របស់​​​ជប៉ុន​ Yoya Wakamatsu ព្រោះ​​នេះ​ជា​ការ​ប្រកួត​លំដាប់​អន្តរជាតិ​មួយ​ ដែល​នាំ​ខ្ញុំ​ឲ្យ​មាន​​ភាព​ល្បី​ល្បាញ​ខ្លាំង​ និង​បាន​​តម្លៃ​ខ្លួន​ច្រើន​ណាស់ បើ​សិន​ខ្ញុំ​​ប្រកួត​ឈ្នះ​នោះ​»។

កីឡាករ​មាន​ជំនាញ​ទាំង​ប្រដាល់​គុន​ខ្មែរ ល្បុក្កតោ ការ៉ាតេ យុទ្ធគុនខម យូដូ តេក្វាន់ដូ និង​វ៉ូវីណាម ចាន់ រតនា ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា ជា​កីឡាករ​កម្ពុជា​តែ​ម្នាក់​គត់ ដែល​ទទួល​បាន​ជោគជ័យ​ខ្លាំង​ក្នុង​ការ​ប្រកួត ONE ដោយ​រូប​គេ​ចាប់​ផ្តើម​​ប្រកួត​តាំង​ពី​មាន​ប្រាក់​តម្លៃ​ខ្លួន ​១ ​ពាន់​ដុល្លារ រហូត​បាន ​៣ ពាន់​ដុល្លារ ខណៈ ចាន់ រតនា បាន​ឈ្នះ ៣ ​លើក​ជាប់ៗ​គ្នា​នោះ គឺ​​​ឈ្នះ​ Abrou Fernandes, ​Rudy Agustian និង​ឈ្នះ Gustavo Balart ​កាល​ពី​ខែ​សីហា ​ឆ្នាំ ​២០១៩​។ 

ការ​ទទួល​បាន​ជោគជ័យ​​នេះ បាន​ធ្វើ​ឲ្យ ចាន់ រតនា ទទួល​បាន​កុងត្រា​ថ្មី​ជាមួយ ONE ដោយ​រូប​គេ​នឹង​ត្រូវ​ប្រកួត ​៦ ​លើក នៅ​ក្នុង​ឆ្នាំ ​២០២០ ​នេះ ហើយ​ការ​ប្រកួត​លើក​ទី​១ ប្រចាំ​ឆ្នាំ​នេះ​របស់ រតនា គឺ​ការ​ជួប​អ្នក​ប្រយុទ្ធ​របស់​ជប៉ុន​ Yoya Wakamatsu នេះ​តែ​ម្តង ខណៈ​ជំនួប​នេះ គ្រោង​រៀបចំ​តាំង​ពី​ខែ​មេសា ប៉ុន្តែ​ត្រូវ​បាន​ពន្យារពេល​ដោយសារ​វិបត្តិ​ជំងឺ​កូវីដ ១៩ រហូត​មក​ដល់​ពេល​នេះ។

«​ប្រសិន​គ្មាន​បញ្ហា​កូវីដ ​១៩ ​រាតត្បាត​ទេ ​ការ​ប្រកួត​បាន​រួចរាល់​បាត់​ទៅ​ហើយ ​ប៉ុន្តែ​​រឿង​នេះ​ ខ្ញុំ​មិន​ដែល​បោះបង់​ការ​ហ្វឹកហាត់​ម្តង​ណា​ឡើយ ដើម្បី​​រង់ចាំ​ការ​បើក​ឲ្យ​មាន​​ប្រកួត​ ONE ជា​ថ្មី ​ដោយ​គ្មាន​ធ្វេស​ប្រហែស​ទេ​ ហើយ​ខ្ញុំ​នៅ​តែ​សង្ឃឹម​យ៉ាង​មុតមាំ​​ថា​ ​ការ​ហ្វឹកហាត់​ត្រៀម​របស់​ខ្ញុំ​ ក្នុង​ការ​ប្រកួត​​ជាមួយ Yoya Wakamatsu គឺ​ខ្ញុំ​នឹង​នាំ​មក​នូវ​​ជ័យជម្នះ​ពាន ​និង​ប្រាក់​យ៉ាង​ច្រើន​ជា​ទី​គាប់​ចិត្ត»​។​

ចាន់ ​រតនា​ ​បាន​បញ្ជាក់​ថា៖ ​«Yoya Wakamatsu មាន​សមត្ថភាព​ខ្លាំង ប៉ុន្តែ​​ខ្ញុំ​បាន​សិក្សា​ពី​បច្ចេកទេស​វាយ​របស់​គេ​តាមរយៈ​វីដេអូ​ ដើម្បី​យក​ឈ្នះ​បាន​ ហេតុ​នេះនៅ​ពេល​​​កម្មវិធី ​​ ONE ​បើក​ភ្លាម​ ទោះ​ជា​នៅ​ក្នុង​ខែ​ណា​មួយ ​នៃ​ចុង​ឆ្នាំ​ ២០២០​ ​នេះ​ គឺ​ខ្ញុំ​នៅ​តែ​ធានា​បាន​នូវ​សុខភាព​ និង​កម្លាំង​កាយ​រឹងមាំ​បច្ចេកទេស​ល្អ​ ដើម្បី​ឡើង​ទៅ​យក​ឈ្នះ​​ជប៉ុន​រូប​នេះ​ឲ្យ​បាន​»៕​