The Phnom Penh Post Search

Search form

ចាន់ វឌ្ឍនាកា​​ថា រូបគេ មិន​ទាន់យល់​ព្រម​លេង​ឲ្យ​ក្លិប​ណា ​នៅ​ឡើយ​ទេ

Content image - Phnom Penh Post
ខ្សែ​ប្រយុទ្ធ ចាន់ វឌ្ឍនាកា បាន​ធ្វើ​ការ​បដិសេធ ចំពោះ​ព័ត៌​មាន ដែល​ថា រូប​គេ អាច​នឹង​ទៅ​លើ​នៅ​ក្លិប Home United របស់​សិង្ហបុរី។ ស្រេង ម៉េងស្រ៊ុន

ចាន់ វឌ្ឍនាកា​​ថា រូបគេ មិន​ទាន់យល់​ព្រម​លេង​ឲ្យ​ក្លិប​ណា ​នៅ​ឡើយ​ទេ

ភ្នំពេញៈ ខ្សែ​ប្រយុទ្ធ​ដ៏​មាន​ប្រជា​ប្រិយ​របស់​កម្ពុជា ចាន់ វឌ្ឍនាកា ​បាន​ព្រលយ​​ចេញ​នូវ​ព័ត៌​មានដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ ទាក់​ទង​ទៅ​នឹង​​អនាគត​អាជីព​បាល់​ទាត់​របស់​គេ ដោយ​រូបគេ​បាន​និយាយ​ថា មក​ដល់​ពេល​នេះ​រូបគេ មិន​ទាន់​​យល់​ព្រម ឬ​អូខេ ​ទៅ​លេង​ឲ្យ​ក្លិប​ណា​មួយ​នៅ​ឡើយ​ទេ បើ​ទោះ​បីជា​ពេល​នេះ​រូបគេ បាន​នឹងកំពុង​ចចារ​ជាមួយ​ក្លិប​នៅ​ក្រៅ​ប្រទេស​ក៏​ដោយ។

ចាន់ វឌ្ឍនាកា បាន​សរសេរ​បង្ហោះ​នៅ​លើ​ផេច​ហ្វេសប៊ុក​របស់​ខ្លួន កាល​ពី​ម្សិល​មិញ​ថា៖​ «ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ ខ្ញុំ​សង្កេត​ឃើញ​មាន​ពាក្យ​ចចាមអារ៉ាម​​ជា​ច្រើន​ជុំវិញ​អនាគត​របស់​ខ្ញុំ។ ថ្ងៃនេះ​ខ្ញុំ​ចង់​បញ្ជាក់​ថា​ ខ្ញុំ​កំពុង​ស្ថិត​នៅ​រាជ​ធានី​ភ្នំពេញ​ និង​មិន​មាន​ការ​ទៅ​ហាត់ ​ឬ​ទៅ​ធ្វើតេស្ត​នៅ​ក្លិប​​ណា​ទេ​ ហើយ​ក៏​មិនទាន់​អូខេ​ជាមួយ​ក្លិប​​ណា​នោះ​ដែរ​។ សូម​បងប្អូន​កុំ​យល់​ច្រឡំ»។

ការ​លើក​ឡែង​បែប​នេះ​របស់ ចាន់ វឌ្ឍនាកា ក៏​ព្រោះ​តែ​រូប​គេ ចង់​ស្រាយ​បំភ្លឺ​ឲ្យ​បាន​ច្បាស់​លាស់ នូវ​ព័ត៌​មាន​ ដែល​ទើប​លេច​ចេញមក​ថ្មីៗនេះ ​តាម​រយៈ​ផេច​ហ្វេសប៊ុក​ផ្លូវការ​​របស់​​ក្លិប​ Home United របស់​សិង្ហបុរី ដែល​បាន​បង្ហោះ​​នៅ​លើ Instagram  ​ថា ចាន់ វឌ្ឍនាកា និង​កីឡាករ​របស់​អូស្ត្រាលី Isaka Cernak នឹង​អាច​មាន​ម្នាក់ ​បាន​លេង​នៅ​ក្លិប Home United។

Content image - Phnom Penh Post

យ៉ាង​ណា​ក៏​ដោយខ្សែ​ប្រយុទ្ធ​ពាក់​លេខ​១១ ជំនាញ​ប្រើ​ជើង​ឆ្វេង​ ចាន់ វឌ្ឍនាកា ​​បានសារភាព​ថា រូប​គេ ពិតជា​​កំពុង​ចចារ​ជាមួយ​ក្លិប​​នៅ​ក្រៅ​ប្រទេស​មែន ប៉ុន្តែ​មិនមែន​ជាមួយ​ក្លិប Home United នោះ​ទេ។ វឌ្ឍនាកា បាន​បន្ថែម​ថា៖​«ខ្ញុំ​អាច​បង្ហើប​បាន​យ៉ាង​ខ្លី​ថា​ ខ្ញុំ​កំពុង​ចរចា​ជាមួយ​ក្លិប​​បរទេស​ពិតមែន​ ប៉ុន្តែ​មិនមែន​ក្លិប​ ដែល​បងប្អូន​ និង​ព័ត៌មាន​មួយ​ចំនួន​​លើក​ឡើង​នោះ​ឡើយ»​។

កីឡាករ​ជម្រើស​ជាតិ​កម្ពុជា ចាន់ វឌ្ឍនាកា ដែល​ទើប​ត្រូវ​បាន​ក្លិប Pahang របស់​ម៉ាឡេស៊ី បញ្ចប់​កុង​ត្រា មុន​ពេល​កំណត់ កាល​ពី​ពេល​ថ្មីៗ កន្លង​មក​នេះ ​បាន​បង្ហើប​ទៀត​ថា៖​«ខ្ញុំ​នឹង​ប្រកាស​ ជា​ផ្លូវ​ការ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្ញុំ​នេះ​ នៅ​ពេលណា​ការចរចា​ឈាន​ដល់​ការ​ព្រមព្រៀង​១០០​ភាគ​រយ។ សូម​អរគុណ​ចំពោះ​ការ​ស្រឡាញ់ ​និង​ការ​យក​ចិត្ត​ទុកដាក់​របស់​បងប្អូន​ទាំង​អស់​គ្នា​ មក​លើ​រូប​ខ្ញុំ។ សូម​ប្រកបដោយ​សំណាង​ល្អ​ និង​ជោគជ័យ​ទាំង​អស់​គ្នា​»៕

អត្ថបទគួរចាប់អារម្មណ៍