«ខ្ញុំ​ស្រឡាញ់​កម្ពុជា និង​ស្រឡាញ់​ក្លិប​បាល់​ទាត់​បឹង​កេត» បាន​ក្លាយជា​ពាក្យ​ពេចចុង​ក្រោយ ដែល​ខ្សែ​ប្រយុទ្ធ ចាន់ វឌ្ឍនាកា ​បាន​បន្សល់​ទុក ​នៅ​ក្នុងវីដេអូ​ឃ្លីប​របស់​ក្លិបបាល់​ទាត់​បឹង​កេត បន្ទាប់​ពី​រូប​គេ បាន​សម្រេច​ចាក​ចេញ​ពី​​ក្លិប​ក្នុងស្រុក​មួយនេះ ដើម្បីសម្រេច​បំណង​​ទៅ​លេង​នៅ​លីកកំពូល​ម៉ាឡេស៊ី ជា​លីកទី ​២ ក្នុងឆ្នាំ ​២០១៩ ​នេះ។

ចាន់ វឌ្ឍនាកា ធ្លាប់​បាន​​ទទួល​ការ​ខក​ចិត្ត​ម្តង​ហើយ សម្រាប់​ការ​ចេញ​ទៅ​លេង​នៅ​ក្លិប Pahang កាល​ពី​ដើម​ឆ្នាំ ​២០១៨ ​បន្ទាប់​ពី​ក្លិប​លេង​នៅ​លីកំពូល​ម៉ាឡេស៊ី មួយនេះ បាន​សម្រេច​បញ្ចប់​កុង​ត្រា​ជាមួយ​រូប​គេ ត្រឹម​ពាក់​កណ្តាល​រដូវកាល​នោះ។

ប៉ុន្តែកីឡាករ​មាន​ដើម​កំណើតនៅ​ខេត្តកំពត​ វឌ្ឍនាកា នៅ​តែ​ចង់​ចេញ​ទៅ​ប្រកប​អាជីព នៅ​លើ​ទឹក​ដី​ម៉ាឡេស៊ី តាម​រយៈ​ការ​ទៅ​រួម​រស់​ជាមួយ​ក្លិប​ PKNS FC ដែល​ទើប​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ​៣ ក្នុងការ​ប្រកួត​លីកកំពូល​ម៉ាឡេស៊ី កាល​ពី​ ២០១៨។

លោក បែ មករា អ្នក​ចាត់​ការ​ទូទៅ​ក្លិប​បឹងកេត បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ មុន​នេះ​បន្តិច​ថា៖ ​«​ចាន់ វឌ្ឍនាកា បាន​បញ្ចប់​កុង​ត្រា​ជាមួយ​ក្លិប​បឹង​កេត​ហើយ ហើយ​ការ​ចេញ​ទៅ​​ប្រកប​អាជីព នៅ​លីកកំពូល​ម៉ាឡេស៊ី ជា​លើក​ទី ​២ ​នេះ ជា​ការ​​សម្រេច​ចិត្ត​របស់​គាត់​ផ្ទាល់ អ៊ីចឹង​ក្លិប​មាន​តែ​ជួយ​ជ្រោម​ជ្រែង ដើម្បី​បំពេញ​បំណង​របស់​គាត់»។

ចាន់ វឌ្ឍនាកា (ឆ្វេង) ពេល​ចូល​រួម​ជួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា ប្រកួត​ជាមួយ​ក្រុម​ជម្រើសជាតិ​សិង្ហបុរី កន្លង​មក។ ស្រេង ម៉េងស្រ៊ុន

លោក​បាន​បង្ហាញ​ការ​សោក​ស្តាយ សម្រាប់​ការ​ចាក​ចេញ​​របស់ ចាន់ វឌ្ឍនាកា ដោយ​​បាន​និយាយ​ថា៖​ «​​គាត់ហាក់​ដូចជា​កីឡាករ​ឆ្នើម​​ប្រចាំ​​ក្លិប ធ្លាប់​នៅ​ជាមួយ​យើង​យូរ និង​បាន​ជួយ​សាង​ភាព​ល្បី​ល្បាញ​នៅ​ក្នុង​ក្លិប អ៊ីចឹង​ជាធម្ម​តា​ការ​បាត់​បង់​កីឡាករ​ឆ្នើម ​មាន​លំដាប់​លេខ ​១ ​ក្នុងស្រុក គឺ​យើង​មាន​ការ​សោក​ស្តាយ​ខ្លាំង ប៉ុន្តែ​ដើម្បី​អនាគត​កីឡាករ និង​ដើម្បី​បើក​ផ្លូវ​ឲ្យកីឡាករ​ខ្មែរ​យើង​ផ្សេងៗ​ទៀត បាន​ទៅ​លេង​នៅ​ក្រៅ​ប្រទេស យើង​​ត្រូវ​តែ​ធ្វើ​ការ​លះ​បង់»។

​យ៉ាង​ណា​ក៏​ដោយ អ្នក​ចាត់​ការទូទៅ ដែល​ធ្លាប់​មាន​បទពិសោធ​ទៅ​ដឹកនាំ​ក្រុម​នៅ​ប្រទេស​​ ​ថៃ​ លោក បែ មករា ​​នៅ​តែ​មាន​ការគាំ​ទ្រ​ទៅលើ​ការ​សម្រេច​ចិត្ត​របស់ខ្សែ​ប្រយុទ្ធ​ក្រុម​ជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍនាកា ក្នុងការ​ទៅ​ប្រកប​អាជីព​នៅ​​លីកកំពូល​ម៉ាឡេស៊ី ​ដោយ​លោក​​គិត​ថា វឌ្ឍនាកា នឹង​មាន​អនាគត​ជាង​ការ​លេង​នៅ​ក្នុង​ស្រុក។

លោក បែ មករា បានបញ្ជាក់​ថា៖​«​យើង​ដឹង​ហើយ​ថា សមត្ថ​ភាព​របស់ ចាន់ វឌ្ឍនាកា ​គួរ​តែ​ទៅ​លេងនៅលីក​ដែល​ល្អ​ជាង​យើង ហើយជា​ធម្ម​តា ​យើង​​ផ្តល់​ឱកាស​ដល់​កីឡាករ​ខ្មែរ​ទាំង​អស់ ដែល​មាន​ក្លិបល្អៗ​​ក្រៅ​ប្រទេសចង់​បាន គឺ​យើង​ឲ្យ​គាត់​ទៅ ព្រោះ​ការ​ទៅ​លេង​នៅ​ក្រៅ​ប្រទេស​ វា​មិន​​ត្រឹម​តែទទួល​បាន​ចំណូល​ច្រើន​ជាង​ក្លិប​នៅ​ក្នុងស្រុក​នោះ​ទេ ប៉ុន្តែ​គាត់​អាចសាង​កេរ្តិ៍​ឈ្មោះ​របស់​គាត់ ​និង​អាច​សាង​កិត្តិយស​របស់​ប្រទេស​ជាតិ នៅ​លើ​ឆាក​អន្តរជាតិ​ទៀត​ផង»។

លោក បែ មករា និង ចាន់ វឌ្ឍនាកា ពេល​បង្ហាញ​វត្តមាន​រូប​គ្នា នៅ​ក្នុងសន្និសីទកាសែត ដែល​រៀបចំ​ឡើង​ដោយ​ក្លិប​បឹងកេត។ ស្រេង ម៉េងស្រ៊ុន

ជាមួយ​គ្នា​នេះ ក្លិប​​បឹង​កេត ក៏​បានសរសេរ​បង្ហោះ​នៅ​លើ​ផេចហ្វេសប៊ុក​របស់​ខ្លួន ​ជូន​ពរ​ដល់ ចាន់ វឌ្ឍនាកា ​ឲ្យ​ទទួល​បាន​ជោគ​ជ័យ សម្រាប់​ការ​ផ្ទេរ​ទៅ​លេង​នៅ​ក្លិប​ថ្មី PKNS FC របស់​ម៉ាឡេស៊ី នា​រដូវ​កាល​ថ្មី​នេះ​​ផងដែរ ​ហើយ​បឹង​កេត ​ក៏នាំ​ចូល​កីឡាករ​បរទេស​ល្អៗ ​ដើម្បី​​ត្រៀម​ការ​ប្រកួត​លីកកំពូល​កម្ពុជា ឆ្នាំ​ ​២០១៩​ នេះ ដោយ​គ្មាន​វត្ត​មាន ចាន់ វឌ្ឍនាកា ផងដែរ។

ទាក់​ទង​ទៅ​នឹង​បញ្ហា លោក បែ មករា បាន​បង្ហើប​ថា គិតមក​ដល់​ពេល​នេះ ក្លិប​បឹង​កេត ​បាន​នាំ​យក​កីឡាករ​បរទេស​គ្រប់​៥​នាក់ សម្រាប់​ត្រៀម​រដូវ​កាល​ថ្មីនេះ​រួច​រាល់​ហើយ គ្រាន់​តែ​យើង​មិន​ទាន់​បង្ហាញ​ គឺ​យើង​ទុក​ប្រកាស​ជា​ផ្លូវការ​សរុប នៅ​ក្នុង​សន្និសីទកាសែត ដែល​ក្លិប ​គ្រោងនឹង​​ធ្វើ​នៅ​ថ្ងៃ​ទី ​១៥ ខែកុម្ភៈ ហើយ​ការ​ត្រៀម​ខ្លួន​លើក​នេះ យើង​សង្ឃឹម​ថា យើង​នឹង​អាច​ធ្វើ​បាន​ល្អ​ជាងមុន៕