ភ្នំពេញ: ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ដណ្តើម​ខ្សែក្រវាត់​ខារ៉ាបាវ​ទម្ងន់ ៦៥ គីឡូក្រាម​នៃ​សង្វៀន​អាស៊ី​អាគ្នេយ៍ នឹង​ឈាន​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី ២៨ ខែ​មេសា ឆ្នាំ ២០១៨ តាម​កម្មវិធី​ដែល​បាន​គ្រោង​ទុក។

បេក្ខភាព​កីឡាករ​សម្រាប់​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​គឺ​សំខាន់​នេះ​នឹង​ធ្លាក់​ទៅលើ ជឹម ចិ​ត្ត្រា របស់​កម្ពុជា មក​ពី​ក្លិប​ខ្លារ​ខិន​មាន​រិទ្ធ និង Kreang Krai របស់​ថៃ ដើម្បី​ដណ្តើម​ខ្សែ​ក្រវាត់​ដែល​អម​ដោយ​ទឹក​ប្រាក់​ចំនួន ៥០០០ ដុល្លារ ហើយ​អ្នក​ចាញ់ ដែល​បាន​ចំណាត់​ថ្នាក់​លេខ ២ នឹង​ទទួល​បាន​ប្រាក់​ចំនួន ៣០០០ ដុល្លារ​ផង​ដែរ។

ការប្រកួត​នេះ គឺ​ហាក់ដូចជា​បង្ហាញ​ឲ្យ​ទស្សនិកជន និង​អ្នកនិយម​ទស្សនា​ប្រដាល់​ភាគ​ច្រើន​សម្តែង​មតិ​យោ​បល់ ព្រមទាំង​ហ៊ាន​ព្យាករ​ពី​លទ្ធផល​ថា ជឹម ចិត្ត្រា របស់​កម្ពុជា​មិន​អាច​តស៊ូ​ប្រកួត​ឈ្នះ​ជើង​ខ្លាំង Kre-ang Krai របស់​ថៃ​បាន​នោះ​ទេ។

ការ​ព្យាករ​បែបនេះ ដោយសារតែ​ការប្រកួត​របស់​កីឡាករ​ជឹម ចិ​ត្ត្រា ភាគ​ច្រើន​ចាញ់​សន្លប់ ក្រោម​ស្នៀត​កីឡាករ​ថៃ​ញឹកញាប់ ហើយ​បើ​គិត​ក្នុង​អំឡុង​ប្រកួត​ខ្សែ​ក្រវាត់ វគ្គ​ជម្រុះ​ចំនួន ៤ ប្រកួត​នេះ​វិញ រូបគេ បាន​ឈ្នះ​ថៃ​តែ ២ លើក និង​ចាញ់​សន្លប់ ២ ប្រកួត មុន​នឹង​ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដោយសារ​មឿន សុខហ៊ុច ចាញ់​ថៃ​ក្នុង​ថិរវេលា​លឿន​បំផុត​ក្នុង​ទឹក​ទី ១ ខណៈ​ដែល​ពិន្ទុ​ស្មើ​គ្នា។ ជុំវិញ​ការ​ប្រកួត​ផ្តាច់ព្រ័ត្រ​នេះ កីឡាករ​ជឹម ចិត្ត្រា មិន​ត្រូវ​បាន​រំពឹង​ទុក​ថា អាច​យក​ឈ្នះ​លើ​កីឡាករ​ថៃ Kreang Krai បាន​ទេ ហើយ​សូម្បី​តែ​ទប់​ទល់​ការពារ មិន​ឲ្យ​សន្លប់ ក៏​គ្មាន​ទំនុក​ចិត្ត​ដែរ។

លោក​សុផាត ដែលមាន​មុខរបរ​ជា​អ្នក​ភ្នាល់​ប្រដាល់​ម្នាក់​ដ៏​សកម្ម បាន​និយាយ​ថា៖ «ហាង​ឆេង​ភ្នាល់​រវាង​កីឡាករ​កីឡាករ​ថៃ Kreang Krai និង​ជឹម ចិត្ត្រា មាន​តម្លៃ​ទាប​ណាស់ ពោល​គឺ ១០ ស៊ី​តែ ១ ទេ ហើយ​ភាគ​ច្រើន​មាន​តែ​អ្នក​ត ខណៈ​អ្នក​រង​សឹង​តែ​គ្មាន​ដោយសារ​គេ​ស្គាល់​សមត្ថភាព​ខ្លាំង​របស់​កីឡាករ​ថៃ Kreang Krai ហើយ​ក្នុង​អំឡុង​ប្រកួត​ខ្សែ​ក្រវាត់ ៤ ប្រកួត​កន្លង​មក​នេះ ឈ្នះ​ទាំង ៤ លើក ក្នុង​នោះ​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​ចំនួន ៣ នាក់​ឯ​ណោះ»។

ប៉ុន្តែ អ្នកស្រី​ឡុង រ៉ាវី អ្នកគ្រប់គ្រង​កីឡាករ​ជឹម ចិ​ត្ត្រា បាន​ប្រតិកម្ម​ថា៖ «ទោះបី​ការ​លើក​ឡើង​របស់​អ្នក​ទស្សនា ឬ​ពួក​ឈ្មួញ​ប្រដាល់​ដែល​វាយ​តម្លៃ​ជឹម ចិត្ត្រា ខ្សោយ​យ៉ាង​ណា ប៉ុន្តែ​សម្រាប់​ខ្ញុំ ខ្ញុំ​គិត​ថា ការ​វ៉ៃ​គ្នា​មិន​អាច​មើល​ងាយ​បាន​ទេ ពីព្រោះ​អ្នក​ឯង​ទស្សន៍ទាយ​មិន​មែន​ពិត​នោះ​ទេ ការ​ប្រកួត​ជាក់​ស្តែង​នោះ​វា​ជា​ការ​ពិត ដែល​យើង​កុំ​មើល​ស្រាល​កណ្តាប់​ដៃ កែង និង​ស្នៀត​ទាត់​របស់​ចិត្ត្រា ឲ្យ​សោះ»។

កីឡាករ​ជឹម ចិ​ត្ត្រា ផ្ទាល់​បាន​និយាយថា៖ «ការប្រកួត​នេះ​ធំ​ណាស់។ វា​ជា​ឱកាស​មាស​ដែល​ខ្ញុំ​មិន​ធ្លាប់​ឈាន​មក​ដល់ ហើយ​ខ្ញុំ​បាន​តាំង​ចិត្ត​ថា មិន​មែន​មក​ស៊ី​ខ្ញុំ​ផុយ​បាន​ទេ ដោយ​ការ​តាំង​ចិត្ត​វាយ​ប្តូរ​របស់​ខ្ញុំ​គឺ​សង្ឃឹម​ឈ្នះ ៦០ ភាគរយ»៕