ភ្នំពេញ៖ ​​កីឡាករ​ជើង​ខ្លាំង ឡៅ ចិត្ត្រា និង លន បញ្ញ សុទ្ធ​តែ​មាន​ទំនុក​ចិត្ត និង​ប្តេជ្ញា​ស្វែងរក​ជ័យ​ជម្នះ​រៀងៗ​ខ្លួន ដើម្បី​ក្លាយ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​មាស ទម្ងន់ ​៦០ ​គីឡូក្រាម និង​ប្រាក់​រង្វាន់​ចំនួន ​១ ម៉ឺន​ដុល្លារ ខណៈ​អ្នក​ទាំង ​២ ត្រូវ​ប្រឈម​មុខ​ដាក់​គ្នា​ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ​លើ​សង្វៀន PNN នា​រសៀល​ថ្ងៃ​អាទិត្យ​នេះ។

ទាំង ឡៅ ចិត្ត្រា និង លន បញ្ញា សុទ្ធ​តែ​​បោះ​បង់​ចោល​ការ​ប្រកួត​កីឡា ប្រដាល់​គុន​ខ្មែរ​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ ឆ្នាំ ​២០១៩ ដើម្បី​ទុក​ពេល​បង្កើន​ការ​ហ្វឹក​ហាត់ និង​ថែ​ទាំ​សុខភាព ត្រៀម​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​នេះ ព្រោះ​អ្នក​ទាំង ​២ ចង់​​ក្លាយ​ជា​ម្ចាស់​​ខ្សែ​ក្រវាត់ និង​ប្រាក់​រង្វាន់ ​១ ម៉ឺន​ដុល្លារ​ដូច​គ្នា គឺ​មិន​ចង់​បាន​ត្រឹម ​២ ពាន់​ដុល្លារ ក្នុង​នាម​ជា​អ្នក​ចាញ់​នោះ​ឡើយ។

យ៉ាង​ណា​ក៏​ដោយ អតីត​កីឡាករ​ជើង​ខ្លាំង ឡៅ ស៊ីណាត ដែល​ជា​បង​ប្រុស​បង្កើត និង​ជា​អ្នក​បង្វឹក ឡៅ ចិត្ត្រា ដោយ​​ផ្ទាល់​ដៃ​នោះ ​បាន​ប្រាប់​កាល​ពី​ម្សិលមិញ​ថា៖ ​«យើង​មាន​សង្ឃឹម​ឈ្នះ​ច្រើន ដោយសារ​សមត្ថភាព​របស់​យើង​លើ​ជាង។ លន បញ្ញា ល្អ​ដែរ តែ​ការ​វាយ​ចេញ​របស់​គេ រាង​យឺត​បន្តិច គឺ​ផ្ទុយ​ពី​ ចិត្ត្រា ​ដែល​វាយ​ចេញ​បាន​ល្អ ហេតុ​នេះ​ខ្ញុំ​រំពឹង​ឈ្នះ​ ​៨០ ​ភាគរយ»។

ឡៅ ស៊ីណាត បាន​បញ្ជាក់​ថា៖ ​«ខ្ញុំ​មាន​ការ​បារម្ភ​តែ​មួយ​ប៉ុណ្ណោះ​ទេ គឺ​ខ្លាច ចិត្ត្រា ​ភ្លាត់​ស្លៀត ប៉ុន្តែ​បើ​គ្មាន​ករណី​នេះ​កើត​ឡើង​ទេ គឺ ឡៅ ចិត្រ្តា មិន​អាច​ចាញ់​បាន​ឡើយ ព្រោះ​យើង​​សុខ​ចិត្ត​មិន​ចូលរួម​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ ដើម្បីទុក​ពេល​ឲ្យ ចិត្ត្រា ​ហ្វឹក​ហាត់ និង​ថែទាំ​សុខភាព​បាន​ពេញ​លេញ​សម្រាប់​ការ​ប្រកួត​ផ្តាច់ព្រ័ត្រ​នេះ ព្រោះ​មហិច្ឆតា​របស់​យើង គឺ​ត្រូវ​ដណ្តើម​យក​ខ្សែ​ក្រវាត់​មាស​នេះ និង​យក​ប្រាក់​រង្វាន់​ចំនួន​ ​១ ម៉ឺន​ដុល្លារ ឲ្យ​បាន»។

គួរ​រំឭក​ថា នៅ​មុន​ការ​ឡើង​មក​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ដណ្តើម​ខ្សែ​ក្រវាត់​មាស​នេះ ឡៅ ចិត្ត្រា បាន​ផ្តួល​គូ​ប្រកួត​ឲ្យ​សន្លប់ មិន​លើស ​២ ទឹក​នោះ​ទេ សម្រាប់​ការ​ប្រកួត​ជម្រុះ ២ ​លើក​កន្លង​មក ហើយ​នៅ​ក្នុង​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ចិត្ត្រា បាន​ម៉ាត់​ឲ្យ ឡុង ជិន សន្លប់​ត្រឹម​រយៈពេល ​១ ​នាទី។

ជាមួយ​សមត្ថភាព​ប្រកួត​ដ៏​លេច​ធ្លោ​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ឡៅ ចិត្ត្រា ​នឹង​អាច​បន្ត​យក​ឈ្នះ លន បញ្ញា ដើម្បី​ក្លាយ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​មាស​ក្នុង​រដូវកាល​ទី ​១ ​នេះ ព្រោះ​បច្ចេកទេស និង​សមត្ថភាព​ប្រកួត​របស់ លន បញ្ញា ហាក់​ស្ថិត​នៅ​ក្រោម ចិត្ត្រា ហើយ​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​កន្លង​មក​នេះ លន បញ្ញា ​ត្រូវ​បាន​ចៅ​ក្រម​កាត់​ក្តី​ឲ្យ​​ឈ្នះ​ សុខ សាវិន ៣-២ ទាំង​ចម្រូង​ចម្រាស​ និង​មាន​ការ​ប្តឹង​តវ៉ា​ពី​ភាគី សុខ សាវិន ផង​ដែរ។

យ៉ាង​ណា​ក៏​ដោយ លន បញ្ញា បាន​ប្រាប់​ថា គេ​គ្មាន​ការ​ញញើត ឡៅ ចិត្ត្រា នោះ​ទេ ហើយ​រូប​គេ​ក៏​បាន​ត្រៀម​ទិចនិក​ថ្មីៗ​មួយ​ចំនួន​ដើម្បី​ទប់ទល់​ជាមួយ ចិត្ត្រា ផង​ដែរ។ លន បញ្ញា បាន​ប្រាប់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា៖ ​«២ សប្តាហ៍​មក​នេះ ខ្ញុំ​បាន​ហ្វឹកហាត់​ពេញ​លេញ​ល្អ​ណាស់ ហើយ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​បាន​ល្អ ដោយ​សង្ឃឹម​ឈ្នះ ​៧០ ​ភាគរយ»។

សិស្ស​គណសមាគម​កីឡា​ប្រដាល់​ក្រសួង​ការពារ​ជាតិ លន បញ្ញា បាន​បញ្ជាក់​ថា៖ ​«ខ្ញុំ​គ្មាន​ការ​បារម្ភ ឬ​ភ័យ​ខ្លាច​ទៅ​នឹង​ភាព​ល្បី និង​ភាព​ខ្លាំង​របស់ ឡៅ ចិត្ត្រា នោះ​ទេ ព្រោះ​ខ្ញុំ​ត្រៀម​ខ្លួន​បាន​ល្អ ហើយ​ខ្ញុំ​ក៏​ប្តូរ​នូវ​ទិចនិក និង​បច្ចេកទេស​ប្រកួត​មួយ​ចំនួន​ផង​ដែរ។ ខ្ញុំ​បាន​ព្យាយាម​ខ្លាំង សម្រាប់​ត្រៀម​ការ​ប្រកួត​នេះ ព្រោះ​ខ្ញុំ​ចង់​ឈ្នះ​បាន​ខ្សែ​ក្រវាត់ និង​ប្រាក់​រង្វាន់ ​១ ម៉ឺន​ដុល្លារ»៕