ភ្នំពេញ៖ មន្ត្រី​ជំនាញ​របស់​គណៈកម្មាធិការ​ជាតិ រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី ៣២ ឆ្នាំ ២០២៣ (CAMSOC) បានបញ្ជាក់​ជាថ្មី​ថា សម្ព័ន្ធមិត្ត​ចិន បាន សម្រេច​ជ្រើសរើស យក​ប្រភេទ​កីឡា​ចំនួន ១២ របស់​កម្ពុជា ឱ្យ ទៅ​ហ្វឹកហាត់​រយៈពេល​វែង នៅ​ប្រទេស​របស់ខ្លួន ដើម្បី​ពង្រឹង សមត្ថភាព ត្រៀម​ទាំង​ការប្រកួត​ស៊ីហ្គេម នៅ​វៀតណាម ចុងឆ្នាំ​នេះ ពិសេស​នៅពេល​កម្ពុជា ធ្វើ ជា​ម្ចាស់ផ្ទះ ស៊ីហ្គេម នៅ​ឆ្នាំ ២០២៣។

ប្រភេទ​កីឡា​ទាំង ១២ របស់​កម្ពុជា ដែល​ប្រទេស​ចិន​បាន​ជ្រើសរើស សម្រាប់​យកទៅ​ហ្វឹកហាត់​រយៈពេល​វែង រួមមាន​កីឡា​កាយសម្ព័ន្ធ វាយសី វូស៊ូ បាល់ទាត់​ស្ត្រី ហែល​ទឹក អត្តពលកម្ម បាល់បោះ បាញ់កាំភ្លើង ចំបាប់ វាយ​កូនឃ្លី​លើ​តុ លើក​ទម្ងន់ និង​បាល់ទះ ដោយ​សរុប​មាន​ក្រុម​អត្តពលិក​ចំនួន ១៣៥ នាក់។

បើទោះបីជា គម្រោង​បញ្ជូន​ក្រុម​អត្តពលិក​ទៅ​ហ្វឹកហាត់​រយៈពេល​វែង​នៅ​ប្រទេស​ចិន ត្រូវបាន​ពន្យារពេល និង​លើក​ពេល​ម្តង​ហើយ​ម្តងទៀត ដោយសារ​តែ​ការផ្ទុះ​ឡើង​ខ្លាំង​នៃ​ជំងឺ​កូវីដ ប៉ុន្តែ​នៅក្នុង​ឆ្នាំ ២០២១ នេះ កម្ពុជា​មាន​គោលការណ៍​ថ្មី​ថា នឹង​ស្វែងរក​ការសម្របសម្រួល​បញ្ជូន​ក្រុម​អត្តពលិក​ទៅ​ហ្វឹកហាត់​ឱ្យបាន ព្រោះ​កីឡា​ស៊ីហ្គេម​លើក​ទី ៣២ ដែល​កម្ពុជា​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​កាន់តែ​ខិតជិត​មកដល់​ហើយ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បាន​ថ្លែង​ប្រាប់ថា៖ «ថ្ងៃទី ១៧ ខែឧសភា ខាងមុខនេះ ជា​ពេលវេលា​ចុងក្រោយ​សម្រាប់​គម្រោង​មុន ដែល​យើង​ថា​នឹង​បញ្ជូន​ក្រុម​អត្តពលិក​ឱ្យទៅ​ហ្វឹកហាត់​នៅ​ចិន ប៉ុន្តែ​យើង​នៅតែ​មិនទាន់​អាច​ធ្វើ​ទៅបាន។ តែ​ទោះបីជា​យ៉ាងណា គម្រោង​បញ្ជូន​ក្រុម​អត្តពលិក​ទៅ​ហាត់​នៅ​ប្រទេស​ចិន​នេះ ត្រូវតែ​ធ្វើឱ្យ​បាន​នៅ​ឆ្នាំ ២០២១ នេះ ហើយ​យើង​ចង់​ធ្វើឱ្យបាន​មុន​ខែវិច្ឆិកា ឬ​មុន​ការប្រកួត​ស៊ីហ្គេម​នៅ​ប្រទេស​វៀតណាម ដើម្បី​ត្រៀម​ការប្រកួត​នេះ​ផងដែរ»។

សកម្មភាព​ប្រកួត​កីឡា​ហែលទឹក នាពេល​កន្លងមក ហើយ​ប្រភេទ​កីឡា​នេះ ក៏​នឹង​ត្រូវ​បញ្ជូន​ឱ្យទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ចិន​ផង​ដែរ។

លោក វ៉ាត់ ចំរើន ដែល​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ផង​នោះ​បាន​បន្តថា៖ «គម្រោង​បញ្ជូន​ក្រុម​អត្តពលិក​ទៅ​ហ្វឹកហាត់​នេះ គឺ​ធ្វើតាម​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន។ ជាមួយ​គ្នា​នេះ យើង​ត្រៀម​កីឡាករ​កីឡាការិនី​ចំនួន ១៣៥ នាក់ មកពី ១២ ប្រភេទ​កីឡា និង​មាន​គ្រូបង្វឹក​ជា​អ្នកដឹកនាំ​ចំនួន ១១ នាក់ ព្រមទាំង​ស្ត្រី​ចំនួន ៥ នាក់ ដែល​ជា​អ្នកបកប្រែ​ភាសា​ក្នុង​ការសម្រួល​ទំនាក់ទំនង​ដល់​ការហ្វឹកហាត់»។

ក្រៅពី​ផែនការ​បញ្ជូន​ក្រុម​អត្តពលិក​កម្ពុជា​ទៅ​ហ្វឹកហាត់​រយៈពេល​វែង នៅ​ប្រទេស​ចិន​នេះ លោក វ៉ាត់ ចំរើន បាន​អះអាងថា កម្ពុជា​ក៏មាន​ទំនាក់ទំនង​បញ្ជូន​ប្រភេទ​កីឡា​ខ្លះទៀត ឱ្យ​ទៅ​ហ្វឹកហាត់​នៅតាម​ប្រទេស​មួយចំនួន​ទៀត​ផងដែរ ដូចជា​កូរ៉េខាងត្បូង វៀតណាម ថៃ និង​អឺរ៉ុប ជាដើម ព្រោះ​ការហ្វឹកហាត់​នៅក្រៅ​ប្រទេស​ពិតជា​សំខាន់​ណាស់។

អគ្គលេខាធិការ CAMSOC លោក ចំរើន បាន​បញ្ជាក់ថា ៖ «ការហ្វឹកហាត់​នៅក្រៅ​ប្រទេស​ជា​ចំណុចខ្លាំង ដោយសារ​កត្តា គ្រូ​ជំនាញ​ល្អ ពេលវេលា​គ្រប់គ្រាន់ សម្ភារ​ទំនើប និង​ការហូបចុក​ស្នាក់នៅ​កម្រិត​ស្តង់ដា​អន្តរជាតិ ហើយ​បន្ថែម​ពីលើ​នេះ គឺ​គោរព​វិន័យ តឹងតែង​បាន​ល្អ​តែម្តង។ ហេតុនេះ ការហ្វឹកហាត់​នៅ​ក្រៅ​ប្រទេស ពិតជា​បាន​ផលល្អ ដើម្បី​ឆ្លើយតប និង​ការត្រៀម​​ហ្គេម ឆ្នាំ ២០២៣ ដែល​ធ្វើឡើង​ក្នុងនាម​ម្ចាស់ផ្ទះ ជា​ប្រវត្តិសាស្ត្រ នៅក្នុង​ប្រទេស​កម្ពុជា»៕