ភ្នំពេញៈ ចៅក្រមកីឡាប្រដាល់គុនខ្មែរចំនួន ៣ នាក់មានលោក ឡុង សាលវ័ន្ត លោក រាម កុសល លោក ម៉ង់ ស៊ីថង ត្រូវបានក្រុមប្រឹក្សាបច្ចេកទេស,ក្រុមប្រឹក្សាវិន័យ និងប្រធានសហព័ន្ធប្រដាល់កីឡាគុនខ្មែរសម្រេចជាផ្លូវការដាក់ពិន័យចំនួន ៦ សប្តាហ៍ដោយផ្អាក ឬព្យួរការងារជាបណ្តោះអាសន្ន ដើម្បីឲ្យទទួលកំហុស និងខិតខំរៀនសូត្រស្វែងយល់ពីច្បាប់ និងលក្ខន្តិកៈឡើងវិញបន្ថែមទៀត ប៉ុន្តែការពិន័យនេះត្រូវបានគេមើលឃើញថាមានលក្ខណៈស្រាលពេក គឺដូចអង្គុយចាំស៊ីប្រាក់របៀបការងារ ស្រួលជាងអ្នកមិនជាប់ពិន័យទៅទៀត។
ការឈានដល់ការដាក់ពិន័យនេះ បន្ទាប់ពីចៅក្រមទាំង ៣ ខាងលើដាក់ពិន្ទុខុសពីការពិត គឺឲ្យកីឡាករ ឃីម បូរ៉ា ចាញ់ថៃ Tuon Pe ក្នុងការប្រកួតដណ្តើមប្រាក់លាននៅលើសង្វៀន CNC កាលពីថ្ងៃសៅរ៍ដែលនាំឲ្យមានផ្ទុះកំហឹងពីមហាជន និងមានការប្តឹងតវ៉ាពីសាមីខ្លួនជាកីឡាករ និងតំណាងក្លិបគឺលោក ហេង ប៊ុនឃីម ផងដែរ។
នៅក្នុងកិច្ចប្រជុំបិទទ្វារកាលពីថ្ងៃ ១៦ ខែមិថុនា នៅ CNC ដែលមានតំណាងខាងអ្នកគ្រប់គ្រងប្រដាល់របស់ CNC និងមន្ត្រីថ្នាក់ដឹកនាំរបស់សហព័ន្ធចំនួន ១១ នាក់នោះគឺបានពិនិត្យវាយតម្លៃការដាក់ពិន្ទុរបស់ចៅក្រមទាំង ៣ ខាងលើ ដោយមានភាពមិនប្រក្រតី និងមានភាពលម្អៀងដែលផ្ទុយពីវិជ្ជាជីវៈនាំឲ្យមានការរិះគន់ប្តឹងតវ៉ា ហើយធ្វើឲ្យសហព័ន្ធកីឡាប្រដាល់គុនខ្មែរ អាប់ឱន និងខាង CNC មិនសប្បាយចិត្ត។
ក្រោយការពិនិត្យវាយតម្លៃនោះប្រធានក្រុមប្រឹក្សាវិន័យ លោក ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ ប្រធានក្រុមប្រឹក្សាបច្ចេកទេសលោក ឆឹង យ៉ៅយ៉េន និងប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរលោកឧត្តមសេនីយ៍ឯក តែម ម៉ឺន បានចេញលិខិតរៀងៗខ្លួនពិន័យចៅក្រម ៣ នាក់ខាងលើដោយផ្អាកការងារត្រឹម ៦ សប្តាហ៍ប៉ុណ្ណោះ។ ការដាក់ពិន័យនេះត្រូវបានគេរិះគន់ថា ស្រាលពេកព្រោះផ្អាកការងាររយៈពេលខ្លី ប៉ុន្តែនៅទទួលបានរបបតម្លៃខ្លួនដដែល។
លោក សាន សៅយ៉ាន់ គ្រូបង្វឹក សុខ ធី ដែលធ្លាប់ទទួលពិន័យជុំវិញការតវ៉ាកាត់សេចក្តីមិនយុត្តិធម៌នៅសង្វៀន CNC នេះដែរបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «ការដាក់ពិន័យនេះវាស្រាលណាស់ គឺត្រឹម ៦ សប្តាហ៍ ចំណែករូបខ្ញុំ និងសុខ ធី កន្លងមកមានកំហុសអចេតនាសោះ រឿងសុំយុត្តិធម៌ តែត្រូវបានគេដាក់ពិន័យពួកខ្ញុំរហូតដល់ ៦ ខែឯណោះ»។
ចំណែកលោក វ៉ា ស៊ិនភីរម្យ បានថ្លែងថា៖ «សុំចិត្តចៅក្រមអាជ្ញាកណ្តាលទាំងអស់ត្រូវប្រុងប្រយ័ត្ន និងអនុវត្តការងារឲ្យបានល្អ ព្រោះយើងត្រូវការស្អាតស្អំ និងឈប់យោគយល់ទៀតហើយគឺអ្នកធ្វើខុសត្រូវទទួលពិន័យ។ ក្នុងនាមខ្ញុំជាប្រធានក្រុមប្រឹក្សាវិន័យគឺចាប់ផ្តើមអនុវត្តជាគោលការណ៍តាមការដឹកនាំរបស់ NOCC និងក្រសួងអប់រំ ហើយខ្ញុំនឹងស្នើទៅប្រធាន ដើម្បីពិនិត្យមើលរាល់កំហុសចៅក្រមអាជ្ញាកណ្តាលដែលមិនប្រក្រតីទោះជាគ្មានពាក្យបណ្តឹង ឬតវ៉ាពីភាគីណាក៏ដោយ ក៏ត្រូវតែដាក់ពិន័យឲ្យហ្មត់ចត់ត្រឹមត្រូវ គ្មានយោគយល់ទៀតទេ»។
លោក ឆឹង យ៉ៅយ៉េន និយាយថា៖ «ចៅក្រមអាជ្ញាកណ្តាលខ្លះមានអំនួត ដោយមានភាពស្និទ្ធស្នាលជាមួយភាគីខាងអ្នកគ្រប់គ្រងកម្មវិធីប្រដាល់នៅទូរទស្សន៍លែងចង់ស្តាប់សហព័ន្ធ និងលែងចង់ធ្វើតាមបច្ចេកទេសគឺអនុវត្តផ្ទុយពីបទបញ្ជាប្រកួត ហើយនៅពេលមានបញ្ហាកើតឡើង គេបន្ទោសតែថ្នាក់ដឹកនាំសហព័ន្ធ។ ចំណែកការដាក់ពិន័យនេះជាការរំឭកដាស់តឿន ប៉ុន្តែបើមិនរាងចាលលើកក្រោយកាត់ឈ្មោះចេញតែម្តង»។
គួររំឭកថាកន្លងមកមន្ត្រីសហព័ន្ធដែលបានជាប់ពិន័យ គឺតម្រូវឲ្យទៅបង្ហាញវត្តមានពេលប្រកួតដោយអង្គុយសង្កេតមើលមន្ត្រីបច្ចេកទេសផ្សេងទៀតធ្វើការងារគឺមានន័យថាដូចជាការអង្គុយលេងកាន់តែស្រួល ហើយនៅតែទទួលបានប្រាក់ពីតម្លៃខ្លួនដដែល ខណៈដែលពិន័យបែបនេះត្រូវបានអ្នកដឹងរឿងមួយចំនួនគេរិះគន់ថា គួរតែកាត់ប្រាក់តម្លៃខ្លួន អ្នកជាប់ពិន័យដាក់ចូលក្នុងមូលនិធិណាមួយ ដើម្បីជួយកីឡាកររបួសវាប្រសើរជាង៕