ភ្នំពេញៈ តាមរយៈ​ការប្រកួត​ប្រជែង​យ៉ាង​ស្វិត​ស្វាញ ៣ ថ្ងៃ​ពេញ ព្រឹត្តិការណ៍​ប្រកួត​កីឡា​ចំបាប់​ជ្រើស​រើស​ជើង​ឯក​ថ្នាក់​ជាតិ ឆ្នាំ ២០១៨ បាន​បញ្ចប់​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ ហើយ​លទ្ធផល​ដែល​ទទួល​បាន គឺ​ក្រុម​យុវជន​មកពី​តាម បណ្តា​ខេត្ត បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​សមត្ថភាព​ប្រកួត​គួរ​ឲ្យ​ចាប់​អារម្មណ៍ ដើម្បី​ធ្វើ​ឲ្យ​ការ​ប្រកួត​នេះ បាន​បញ្ចប់​ដោយ​ជោគជ័យ ខណៈ​ក្លិប​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​សមាគម​ក្រសួង​មហាផ្ទៃ ឈ្នះ​បាន​មេដាយ​មាស​ច្រើន​ជាង​គេ។

លោក ធិ​ន វិចិត្រ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា និង​ជា​ប្រធាន​គ្រប់គ្រង​ការ​ប្រកួត​នេះ បាន​ធ្វើការ​វាយ​តម្លៃ​ខ្ពស់ ចំពោះ​លទ្ធផល​ដែល​ទទួល​បាន សម្រាប់​ការ​ប្រកួត​ថ្នាក់​ជាតិ ក្នុង​ឆ្នាំ ២០១៨ នេះ ពិសេស​សមត្ថភាព និង​ទេព​កោសល្យ​ប្រកួត​របស់​ក្រុម​យុវជន​មក​ពី​តាម​ខេត្ត ដែល​ស្តែង​ឲ្យ​ឃើញ​ពី​ការ​រីក​ចម្រើន​ជាង​ឆ្នាំ​មុន។

លោក​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ថា៖ «តាមរយៈ​ការប្រកួត​ថ្នាក់ជាតិ នៅ​ឆ្នាំនេះ យើង​មើល​ឃើញ​ថា មាន​លក្ខណៈ​ប្លែក និង​គួរ​ឲ្យ​ចាប់​អារម្មណ៍ ព្រោះ​ក្រុម​យុវជន​ពី ៧០ ទៅ ៧៥ ភាគរយ ដែល​ភាគ​ច្រើន​មក​ពី​តាម​បណ្តា​ខេត្ត​នោះ គឺ​ពួកគេ​មាន​សមត្ថភាព​រីក​ចម្រើន​ទាំង​លើ​ការ​ប្រកួត​ចំបាប់​បុរាណ និង​ចំបាប់​សម័យ​សេរី»។

លោក ធិ​ន វិចិត្រ បាន​បន្ថែមថា៖ «ជ័យជម្នះ​ធំ​មួយទៀត គឺ​ក្រុម​កីឡាការិនី​វ័យ​ក្មេង​មក​ពី​ខេត្ត​ប្រមាណ ១៥ ភាគរយ មាន​ការ​រីក​ចម្រើន​លើ​បច្ចេកទេស​ប្រកួត ដែល​មាន​លក្ខណៈ​ប្លែក​ពី​ឆ្នាំ​មុនៗ ព្រោះ​ពួកគេ អាច​យក​ឈ្នះ​ក្រុម​ចំបាប់ មាន​មូលដ្ឋាន​នៅ​ភ្នំពេញ ហើយ​អ្នក​មក​ពី​ខេត្ត ក៏មាន​ការ​យល់​ដឹង​បាន​ច្រើន ទៅ​លើ​ច្បាប់ និង​បទបញ្ជា​ប្រកួត​ថ្មី​មួយ​ចំនួន ដែល​យើង​បាន​យក​មក​អនុវត្ត នៅ​ក្នុង​ការ​ប្រកួត​នេះ​ផង​ដែរ»។

យ៉ាងណាក៏ដោយ លោក ធិ​ន វិចិត្រ បាន​ទទួលស្គាល់ថា នៅមាន​ចំណុច​ខ្វះខាត​ប្រមាណ ២០ ភាគរយ ដែល​ត្រូវ​ពង្រឹង​បន្ថែម ប៉ុន្តែ​លោក​បាន​សរសើរ​ទៅ​ដល់​ក្រុម​យុវជន​ថ្នាល​ជម្រើស​ជាតិ ដែល​បង្ហាញ​ការ​ប្រកួត​យ៉ាង​ល្អ ដើម្បី​រក្សា​បាន​ឱកាស ក្នុង​ការ​ប្រមូល​ផ្តុំ នៅ​ឆ្នាំ​ក្រោយ​ជា​បន្ត​ទៀត។ ចំណែក​ក្រុម​ធំ​ជម្រើស​ជាតិ ទាំង ១៥ នាក់ ក៏​នៅ​តែ​មាន​សមត្ថភាព​ល្អ​ដែរ តែ​ដោយសារ​អ្នក​ខ្លះ​មាន​អាយុ​ច្រើន អ៊ីចឹង​ការ​ប្រកួត​ផ្តុំ​ឆ្នាំ​ក្រោយ អាច​មាន​ការ​រុះ​រើ​ចេញ​ខ្លះ។

ចំណែក​លោក Casey Barnett អនុប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា ដែល​បាន​ចំណាយ​ថវិការ​ផ្ទាល់​ខ្លួន​ជាង ២៤ លាន​រៀល បន្ថែម​លើ​កញ្ចប់​ថវិកា ៣៦ លាន​រៀល​របស់​ក្រសួង​អប់រំ សម្រាប់​ចំណាយ​លើ​ការ​ប្រកួត នេះ​បាន​ថ្លែង​ថា៖ «ការ​ប្រកួត​ថ្នាក់​ជាតិ នៅ​ឆ្នាំ​នេះ ទទួល​បាន​ជោគ​ជ័យ​ជាង​ឆ្នាំ​មុនៗ ព្រោះ​ឆ្នាំ​នេះ​យើង​បាន​បង្ហាត់​ក្រុម​ថ្នាល ១៥ នាក់ ហើយ​ថ្ងៃ​នេះ យើង​ឃើញ​ពួកគេ​បញ្ចេញ​សមត្ថភាព​បាន​ល្អ ហើយ​ការ​លើក​ទឹក​ចិត្ត​ដល់​ពួកគេ​ក៏បាន​ល្អ​ដែរ»។

គួរ​បញ្ជាក់ថា ការប្រកួត​កីឡា​ចំបាប់​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ឆ្នាំ ២០១៨ នេះ មាន​កីឡាករ ៨៨ នាក់ និង​កីឡាការិនី ២០ នាក់ បាន​ចូលរួម ដោយ​ពួកគេ​ត្រូវ​លេង​តំណាង​ឲ្យ​ក្លិប​ចំនួន ៨ ហើយ​តាមរយៈ​ការ​ប្រកួត​ទាំង ១៥ វិញ្ញាសា​នេះ ក្លិប​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ឈរ​នៅ​លេខ ១ ដោយ​ឈ្នះ​បាន​មេដាយ​មាស ៦ ប្រាក់ ៥ សំរឹទ្ធ ២ តាម​ពី​ក្រោយ​ដោយ​ក្រសួង​មហាផ្ទៃ ឈ្នះ​បាន​មាស ៦ ប្រាក់ ៤ សំរឹទ្ធ ៣ និង​លេខ ៣ ក្លិប​បារមី​ម៉ឺន​ឯក ខេត្ត​កណ្តាល ដោយ​ឈ្នះ​បាន​មេដាយ​មាស ១ ប្រាក់ ២ និង​សំរឹទ្ធ ៧។

ចំណែក​ក្រុម​អត្ត​ព​លិ​ករ​បស់​ក្លិប​យាយ​ព្រីង​មាន​រិ​ទ្ធ បានឈ្នះ​មេដាយមាស ១ ប្រាក់១ សំរឹទ្ធ៤ ដើម្បី​ឈរ​នៅ​លេខ ៤ តាម​ពី​ក្រោយ​ដោយ​ក្លិប​រិទ្ធី​សែន​ខេត្ត​កំពង់ឆ្នាំង ឈ្នះ​បាន​មាស ១ សំរឹទ្ធ ២ ក្លិប​ខេត្ត​ព្រៃវែង ឈ្នះ​បាន​ប្រាក់ ៣ សំរឹទ្ធ ៥ ក្លិប​ឃ្លាំង​មឿង​ខេត្ត​ពោធិ៍សាត់ បាន​មេដាយ​សំរឹទ្ធ ២ និង​ក្លិប​ប្រយ៉ាប​មាន​រិទ្ធិ បាន​មេដាយ​សំរឹទ្ធ ១៕