ភ្នំពេញ: សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​នឹង​នាំយក​ច្បាប់ និង​បទ​បញ្ជា​ដែល​ទើប​មាន​ការ​កែប្រែ​ថ្មី​មួយ​ចំនួន​មក​អនុវត្ត​ក្នុង​ការ​ប្រកួត​កីឡា​ចំបាប់​ជ្រើស​រើស​ជើង​ឯក​ថ្នាក់​ជាតិ​ឆ្នាំ ២០១៨ ដែល​នឹង​ចាប់​ដំណើរ​ការ​នៅ​សាល​ដំបូល​ទូក​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​នៅ​ថ្ងៃ​ចន្ទ​នេះ និង​គ្រោង​បញ្ចប់​នៅ​ថ្ងៃ​ពុធ ដើម្បី​ធ្វើ​ឲ្យ​ការ​ប្រកួត​ប្រជែង​រក​ជើង​ខ្លាំង​ប្រចាំ​ឆ្នាំ​នេះ​ ស្រប​ទៅ​តាម​ការ​ផ្លាស់ប្តូរ​នៃ​ច្បាប់ និង​បទ​បញ្ជា​ប្រកួត​របស់​សហព័ន្ធ​កីឡា​ចំបាប់​អន្តរជាតិ។

លោក ធិ​ន វិចិត្រ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ កាល​ពី​ថ្ងៃ​អាទិត្យ​ថា៖ «ការ​ប្រកួត​កីឡា​ចំបាប់​ជ្រើសរើស​ជើង​ឯក​ថ្នាក់​ជាតិ​នៅ​ឆ្នាំនេះ មាន​ចំនួន​ក្លិប និង​អត្តពលិក​ចូលរួម​ប្រហែល​ទៅ​នឹង​ឆ្នាំ​មុន​ដែរ ប៉ុន្តែ​លើក​នេះ យើង​នឹង​មាន​ការ​បន្ថែម​នូវ​ច្បាប់ និង​បទ​បញ្ជា​ការ​ប្រកួត​ថ្មី​ខ្លះ និង​កាត់​បទ​បញ្ជា​ចាស់​ខ្លះ​ចោល ហើយ​ការ​ធ្វើ​បែប​នេះ ដើម្បី ធ្វើ​ឲ្យ​ការ​ប្រកួត​របស់​យើង ស្រប​ទៅ​តាម​ការ​ផ្លាស់ប្តូរ​នៃ​ច្បាប់ និង​បទ​បញ្ជា​ការ​ប្រកួត​មួយ​ចំនួន​របស់​សហព័ន្ធ​កីឡា​ចំបាប់​អន្តរជាតិ ពិសេស​ធ្វើ​ឲ្យ​ការ​ប្រកួត​នេះ កាន់​តែ​មាន​ភាព​ស្វិត​ស្វាញ»។

ជាមួយនឹង​ការផ្លាស់ប្តូរ​ច្បាប់ និង​បទបញ្ជា​នៃ​ការប្រកួតខ្លះៗនេះ សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា បាន​កែប្រែ​រូបមន្ត​ប្រកួត គឺ​បើ​ក្នុង ១ វិញ្ញាសា​មាន​អត្តពលិក​ចូលរួម ចាប់​ពី ៦ នាក់​ឡើង ត្រូវ​បែង​ចែក​ការ​ប្រកួត​ជា ២ ពូល ដោយ​យក​អ្នក​បាន​លេខ ១ និង​លេខ ២ តាម​ពូល​ទាំង ២ ឡើង​ទៅ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ និង​វគ្គ​ផ្តាច់​ព្រ័ត្រ​ប៉ុន្តែ​បើ ១ វិញ្ញាសា មាន​អ្នក​ចូល​រួម ៥ នាក់​ចុះ​ក្រោម ត្រូវ​កំណត់​ឲ្យ​ប្រកួត​វិល​ជុំ រួច​កំណត់​យក​ចំណាត់​ថ្នាក់​តែ​ម្តង។

បន្ថែម​លើ​នេះ នៅ​រាល់​ការប្រកួត​តាម​ថ្ងៃនីមួយៗ គឺ​ត្រូវ​ថ្លឹង​ទម្ងន់​ពេលព្រឹក និង​ត្រូវ​ប្រកួត​នៅ​ពេល រសៀល ហើយ​ការ​កាត់​បន្ថយ​ម៉ោង​ថ្លឹង​ទម្ងន់​ឲ្យ​កៀក​ទៅ​នឹង ម៉ោង​ប្រកួត​បែប​នេះ ត្រូវ​បាន លោក ធិន វិចិត្រ បញ្ជាក់​ថា ដើម្បី​កាត់​បន្ថយ​ការ​បញ្ចុះ​ទម្ងន់​ច្រើន ពេក​របស់​អត្តពលិក​ដែល​នាំ​ឲ្យ​មាន​ការ​ប៉ះពាល់ ឬ​គ្រោះ​ថ្នាក់ ពេល​ពួកគេ​ប្រកួត​ជាក់​ស្តែង។

សម្រាប់​ការប្រកួត​កីឡា​ចំបាប់​ថ្នាក់ជាតិ​ឆ្នាំ ២០១៨ នេះ មាន​កីឡាករ ៨៨ នាក់ និង​កីឡាការិនី ២០ នាក់ សរុប​មាន ១១៩ នាក់ ដែល​ពួកគេ​ត្រូវ​លេង​តំណាង​ឲ្យ​ក្លិប​ចំនួន ៨ ក្នុង​នោះ​មាន​ក្លិប​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ, ក្រសួង​មហាផ្ទៃ, យាយ​ព្រីង​មានរិទ្ធិ, រិទ្ធី​សែន​ខេត្ត​កំពង់ឆ្នាំង, ឃ្លាំង​មឿង​ខេត្ត​ពោធិ៍សាត់, ខេត្ត​ព្រៃវែង, បារមី​ម៉ឺន​ឯក និង​ក្លិប​ប្រយ៉ាប​មាន​រិទ្ធិ។

នៅក្នុង​ការប្រកួត​នេះ​ថ្នាក់ជាតិ ឆ្នាំ ២០១៨ នេះដែរ សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា បាន​បន្ថែម​វិញ្ញាសា​ប្រកួត​ចំបាប់​សម័យ​នារី លើ​ទម្ងន់ ៥៣ គីឡូក្រាម និង​ទម្ងន់​សេរី (Open) ដែល​ធ្វើ​ឲ្យ​ការ​ប្រកួត ទាំង​ចំបាប់​បុរាណ (បុរស-នារី) ចំបាប់​សម័យ​សេរី (បុរស-នារី) និង​ចំបាប់​ក្រិច​កូរ៉ូម៉ាំង (បុរស) នៅ​ឆ្នាំ​នេះ មាន​ចំនួន​សរុប ១៨ វិញ្ញាសា។

ចំណែក​អត្ត​ព​លិ​ក​ចូលរួម​នៅ​ឆ្នាំនេះ មាន​យុវជន​ជាង ៧០ ភាគរយ ដែល​ស្រប​ទៅ​តាម​ការ​ចង់​បាន​របស់​សហព័ន្ធ ព្រោះ​ការ​ប្រកួត​នេះ​គឺ​ដើម្បី​ជ្រើស​រើស​អត្តពលិក​វ័យ​ក្មេង​មាន​ទេព​កោសល្យ ត្រៀម​ដាក់​ឲ្យ​ចូល​ហ្វឹកហាត់​ក្នុង​ក្រុម​ជម្រើស​ជាតិ នៅ​ឆ្នាំ ២០១៩។ យ៉ាង​ណា​ក៏ដោយ ចំពោះ​កញ្ចប់​ថវិកា​ប្រកួត​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​មិន​ទាន់​គ្រប់​គ្រាន់​ទៅ​លើ​ការ​រៀបចំ និង​ការ​ចំណាយ​ក្នុង​ការ​ប្រកួត​ជើង​ឯក​ថ្នាក់​ជាតិ​នេះ​ទេ។

ទាក់ទង​នឹង​បញ្ហា​នេះ លោក ធិ​ន វិចិត្រ បាន​បញ្ជាក់ថា៖ «ការប្រកួត​ថ្នាក់ជាតិ​នេះ យើង​ត្រូវ​ចំណាយ​អស់​ចូល ៦០ លាន​រៀល តែ​កញ្ចប់​ថវិកា​របស់​ក្រសួង​អប់រំ មាន​ត្រឹម ៣៦ លាន​រៀល​ទេ អ៊ីចឹង​ការ​ចំណាយ​បន្ថែម​រៀង​រាល់​ឆ្នាំ គឺ​បាន​មក​ពី​លោក Casey Barnett ដែល​ជា​អនុ​ប្រធាន​សហព័ន្ធ។ ជាមួយ​គ្នា​នេះ ក្រុមហ៊ុន​ខ្មែរប៊ែ​វើរីជីស (Khmer Beverages) តាមរយៈ​លោក Michael Sovann ក៏បាន​ឧបត្ថម្ភ​ភេសជ្ជៈ​ចំនួន ៦០ កេស និង​ទឹក​បរិសុទ្ធ​ចំនួន ១០ កេស​ដល់​ការ​ប្រកួត​ថ្នាក់​ជាតិ​នៅ​ឆ្នាំ​នេះ​ផង​ដែរ»៕