The Phnom Penh Post Search

Search form

ចំរើន ឈ្នះ​ជើង​ខ្លាំង​ថៃ ឯ សុវណ្ណ​ឌឿន ស៊ីអ្នក​ជំនួស​ផុយ

Content image - Phnom Penh Post
អ៊ុំ ចំរើន ត្រូវបាន​អាជ្ញាកណ្តាល​លើក​ដៃ​ឲ្យ​ឈ្នះជើង​ខ្លាំង Keng Kat ទាំង​អារម្មណ៍រំភើប។ យឺន ពន្លក

ចំរើន ឈ្នះ​ជើង​ខ្លាំង​ថៃ ឯ សុវណ្ណ​ឌឿន ស៊ីអ្នក​ជំនួស​ផុយ

ភ្នំពេញ: ការប្រកួត​វគ្គជម្រុះ​វិលជុំ​លើក​ចុងក្រោយ​នៃ​ខ្សែក្រវាត់​ខារ៉ាបាវ ដែលគេ​នាំគ្នា​ហៅថា ជាការ​ប្រកួត​បង្គ្រប់កិច្ច​នោះ បានធ្វើ​ឲ្យមាន​ការ​ភ្ញាក់ផ្អើល​បំផុត​ទៅវិញ ខណៈ​កីឡាករ អ៊ុំ ចំរើន ដែល​មិនមាន​រំពឹង​ឈ្នះ​ជើង​ខ្លាំង Keng Kat សោះ ប៉ុន្តែ​បែជា​ទទួល​បាន​ជ័យជម្នះ​គួរឲ្យ​រំភើប និង​ភ្ញាក់ផ្អើល​ទៅវិញ​នោះ ចំណែក ឡុង សុវណ្ណឌឿន ដែល​ព្រួយបារម្ភ​ពីការ​លំបាក​នោះ ក៏បាន​ស៊ីអ្នក​ជំនួស​របស់​ថៃ Kwan Ek យ៉ាង​ងាយ​ផងដែរ។

យ៉ាងណា​ក៏ដោយ ការប្រកួត ដែល​ត្រូវបាន​ធ្វើឡើង លើស​ង្វៀន SEATV កាលពី​ល្ងាចថ្ងៃ​សៅរ៍​នោះ ក៏មាន​បញ្ហា​ចម្រូងចម្រាស​តវ៉ា​ចំពោះ​ជ័យជម្នះ​របស់ អ៊ុំ ចំរើន ដែល​ឈ្នះពិន្ទុ​មិនឯកច្ឆន្ទ​លើ Keng Kat ក្នុងពិន្ទុ ៤ ទល់ ១ ពីសំណាក់​ចៅក្រម​ទាំង ៥ នាក់​ផងដែរ។ បញ្ហា​ប្រតិកម្ម​របស់​ប្រតិភូ​ថៃគឺ លោក ថៃ អ៊ូ បាន​អះអាងថា៖ «រឿង​ចាញ់​ឬឈ្នះ​ខ្ញុំមិន​ថាទេ ប៉ុន្តែ​ក្នុងចំណោម​ចៅក្រម ៤ នាក់ឲ្យ​កីឡាករ​ថៃចាញ់​នេះ មាន​ចៅក្រម​ម្នាក់ឲ្យ​ពិន្ទុ អ៊ុំ ចំរើន ១០០ និងឲ្យ Keng Kat ៩៥ វា​ជារឿង​ហួសហេតុ​គួរតែ​ឲ្យទៅ​រៀន​ដាក់ពិន្ទុ​ម្តងទៀត​ទៅ។

តាម​ស្ថានភាព​ប្រកួត​ជាក់ស្តែង អ៊ុំ ចំរើន វាយ​លើកនេះ​បានល្អ ដោយ​ចូលវាយ​សម្រុក​ខ្លាំង​ទាំង ៥ ទឹក មានប្រៀប​ពិន្ទុ​នាំមុខ​តិចតួច ហើយ​នៅ​ទឹកទី ៤ កីឡាករ​ថៃ Keng Kat បានល្មើស​លក្ខខណ្ឌ ដោយ​វាយចូល​ពងស្វាស នាំឲ្យ អ៊ុំ ចំរើន ចុក​រមួល​សុំ​សម្រាក ២ នាទី ទើបបន្ត​ការប្រកួត​ទៀត។

នៅ​ទឹកទី ៥ កីឡាករ​ថៃ​រូបនេះ នៅតែ​ដកថយ​មិនវាយ​សម្រុក​ទេ ហេតុនេះ​ការប្រកាស​លទ្ធផល​ឲ្យ អ៊ុំ ចំរើន ឈ្នះនេះ មានការ​សាទរ​ពីអ្នកទស្សនា ព្រោះ​មហាជន មិនសូវ​និយម​ចូលចិត្ត​ការវាយ​ដកថយ​របស់ Keng Kat នោះទេ។ ម្យ៉ាង​វិញទៀត ប្រសិនបើ​នៅតែ​បន្ត​ឲ្យថៃ​នេះឈ្នះ​រហូត ក៏មិន​ទំនង​នោះដែរ ព្រោះ ៥ ទឹក​រត់សឹង​ទាំង ៥ ទឹក គឺមាន​ការ​វាយបក​ដោយ​ជង្គង់​បានខ្លះ​ប៉ុណ្ណោះ។

បន្ថែម​លើនេះ ការប្រកួត ៣ លើក​កន្លងមក Keng Kat បាន​ឈ្នះ រឿង សោភ័ណ្ឌ ឈ្នះ ពុទ្ធ ឆាយ​រិទ្ធី និង​ឈ្នះ ឡុង សុវណ្ណ​ឌឿន សុទ្ធតែ​ប្រផិត​ប្រផើយ ដែលមាន​ការតវ៉ា​ទាំងអស់ ដូច្នេះ​អ្នកទស្សនា​មួយ​ចំនួនធំ បាន​ហៅ​ការកាត់ក្តី​ឲ្យ Keng Kat ចាញ់ អ៊ុំ ចំរើន លើកនេះ​ថា វាសមរម្យ​ហើយ ព្រោះ​ការប្រកួត​ដណ្តើម​ខ្សែក្រវាត់​វាយ​គិតតែ​ពីរត់ ហើយ​ទទួល​បានឈ្នះ​កីឡាករ​ខ្មែរ​នោះ មិន​ទំនង​ទេ។

ចំណែក ឡុង សុវណ្ណ​ឌឿន បាន​ចំណាយ​ពេល​តែមួយ​ទឹក ក្នុងការ​ផ្តួល​កីឡាករ​ថៃ Kwan Ek តាមរយៈ​ការម៉ាត់​ផ្តួនៗ​ចំផ្ទៃ​មុខ។ ប៉ុន្តែ លោក រាជ សុផែន ប្រធាន​បច្ចេកទេស បាន​និយាយថា ទោះបី ឡុង សុវណ្ណ​ឌឿន ផ្តួល​គូប្រកួត​លឿន​ក្នុង​ទឹកទី ១ ប៉ុន្តែមិន​ទទួលបាន​ចំណាត់ថ្នាក់​លេខ ១ ទេ ព្រោះ​ប្រកួត​គម្រប់​កិច្ច​មិនមែន​គូដណ្តើម​ខ្សែក្រវាត់ គឺ Kwan Ek ឡើង​ប្រកួត​ជំនួស​កីឡាករ​ឡាវ Thav Poulekvong ដែល​បាន​អវត្តមាន​ដោយ​បញ្ហា​សុខភាព ហេតុនេះ សុវណ្ណ​ឌឿន ត្រូវបាន​គិតថា ឈ្នះបាន ៣ ពិន្ទុ​ធម្មតា។

គួររំឭកថា ឡុង សុវណ្ណ​ឌឿន និង រឿង សោភ័ណ្ឌ មាន ១០ ពិន្ទុ​ដូចគ្នា ប៉ុន្តែ រឿង សោភ័ណ្ឌ បានផ្តួល​ដៃគូ​ក្នុង​ទឹកទី ៣ ឯ សុវណ្ណ​ឌឿន ត្រូវបាន​គណៈកម្មការ​គិត​ត្រឹមឈ្នះ​ពិន្ទុ​ដោយ​ឡើង​ប្រកួត​គម្រប់​កិច្ច៕

អត្ថបទគួរចាប់អារម្មណ៍