The Phnom Penh Post Search

Search form

ចំរើន ប៉ះ​អ្នកខ្លាំង តែ សុវណ្ណឌឿន ឡើង​កំដរ​ថៃ

Content image - Phnom Penh Post
ឡុង សុវណ្ណឌឿន ត្រូវ​ឡើង​ប្រកួត​បង្រ្គប់​កិច្ច​ជាមួយ​កីឡាករ​ថៃ Kwan Ek នៅ​ថ្ងៃសៅរ៍​​។ រូប សហការី

ចំរើន ប៉ះ​អ្នកខ្លាំង តែ សុវណ្ណឌឿន ឡើង​កំដរ​ថៃ

ភ្នំពេញៈ ប្រកួត​វគ្គជម្រុះ​ចុងក្រោយ​ដណ្តើម​ខ្សែក្រវាត់​ខារ៉ាបាវ ទម្ងន់ ៦៩ គ.ក្រ នាល្ងាច​ថ្ងៃសៅរ៍ នៅលើ​សង្វៀន SEATV វាបាន​ក្លាយ​ជាការ​ប្រកួត​បង្គ្រប់កិច្ច ដោយសារ​កីឡាករ​ឡាវ Thav Poulekvong អវត្តមាន ព្រោះ​បញ្ហា​សុខភាព និង​ជំនួស​ដោយ​កីឡាករ​វ័យក្មេង​របស់​ថៃ Kwan EK នោះ ដូច្នេះ​លទ្ធផល​ត្រូវបាន​គណៈកម្មការ​ប្រកួត​ត្រៀម ៣ ពិន្ទុ​ជូន ឡុង សុវណ្ណឌឿន​ទោះបី​ចាញ់​ឬឈ្នះ​ក៏ដោយ។

ចំណែក​មួយគូ​ទៀត​រវាង អ៊ុំ ចំរើន និង Keng Kat ត្រូវបាន​គេមើល​ឃើញថា Keng Kat មាន​ភាគរយ​ឈ្នះ​ខ្ពស់​បំផុត​លើ អ៊ុំ ចំរើន ព្រោះ ៣ ប្រកួត​ដូចគ្នា​កន្លងមក Keng Kat ឈ្នះទាំង ៣ ប្រកួត មាន ៩ ពិន្ទុ ប៉ុន្តែ អ៊ុំ ចំរើន ចាញ់​ដោយ​សន្លប់​ទាំង ៣ ប្រកួត និង​មានតែ ៣ ពិន្ទុទេ។

អ៊ុំ ចំរើន ដែល​ធ្លាប់ឈ្នះ​ខ្សែក្រវាត់​ចំនួន ២ គឺ​នៅ​សង្វៀន​ប៉ុស្តិ៍លេខ ៥ និងសង្វៀន CNC ក្នុង​ឆ្នាំ ២០១៦ នោះ បច្ចុប្បន្ន​បានធ្លាក់​វិជ្ជាគុន​យ៉ាងគំហុក ដោយ​ប្រកួត​ចាញ់​ញឹកញាប់​ពិសេស​ក្នុងអំឡុង​ការប្រកួត​ដណ្តើម​ខ្សែក្រវាត់​នេះ ដោយ​មិនទាន់​ស្គាល់​រសជាតិ​ឈ្នះទេ​ហើយ​ការប្រកួត​លើកនេះ​ជាមួយ​ជើង​ខ្លាំង​របស់​ថៃ Keng Kat មិនធ្លាប់​ចាញ់សោះ​នោះ គឺ​លំបាក​រកចំណុច​ណាមាន​លទ្ធភាព​ឈ្នះ​ដៃគូ​ណាស់។

ទោះ​យ៉ាងណា អ៊ុំ ចំរើន បាន​ប្រាប់ថា ការចាញ់​របស់គេ​មួយរយៈ​នេះ គឺ​ពិតជា​ចាញ់​ដោយ​អស់ចិត្ត។ ចំរើន បាន​អះអាងថា មិនដែល​ប្រកួត​ធ្វើពុត​ចាញ់​នោះ​ឡើយ គឺចាញ់​ឈ្នះ​ក្នុង​សេចក្តី​ថ្លៃថ្នូរ មិនលក់​ខ្លួន​ឡើយ។ អ៊ុំ ចំរើន មាន​កម្ពស់ ១,៦៧ ម៉ែត្រ ធ្លាប់​ប្រកួត​បាន ១០៣ ដង ឈ្នះ ៧០ និងចាញ់ ៣៣ ដង ចំណែក​កីឡាករ​មាន​កម្ពស់ ១,៧០ ម៉ែត្រ Keng Kat ធ្លាប់​ប្រកួត​បាន ៩៣ ដង ឈ្នះ ៨២ ចាញ់ ១០ និង​ស្មើ ១ ដង។

យ៉ាងណា​មិញ​ការជួបគ្នា​រវាង ឡុង សុវណ្ណឌឿន និង Kwan EK បានក្លាយ​ជាការ​ប្រកួត​កម្តៅ​សាច់ដុំ​របស់ សុវណ្ណឌឿន មុនពេល​រូបគេ​ត្រូវ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ។ ប៉ុន្តែ គូនេះ​ស័ក្តិសម​គ្នា​ណាស់ ព្រោះអ្នក ទាំង ២ នេះ មាន​កម្ពស់​ប្រហែល​គ្នា ហើយ​ចំនួន​ប្រកួត ឡុង សុវណ្ណ​ឌឿន លើស​តែ ៧ លើក​ប៉ុណ្ណោះ ដោយ​ក្នុងនោះ ឡុង សុវណ្ណឌឿន ធ្លាប់​ប្រកួត​បាន ៩៧ ដង ឈ្នះ ៨៣ ចាញ់ ១០ និង​ស្មើ ៦ ដង ឯ Kwan EK ធ្លាប់​ប្រកួត​បាន ៩០ ដង ឈ្នះ ៦៥ ចាញ់ ២១ និង​ស្មើ ៤ ដង។

លោក ថៃ អ៊ូ ប្រតិភូ​នាំ​កីឡាករ​បរទេស​មក​ប្រកួត​នៅ​សង្វៀន SEATV បាន​និយាយថា Kwan EK ធ្លាប់​ប្រកួត​ស្មើ​ជាមួយ ឡុង សុភី ហើយ​កីឡាករថៃ​រូបនេះ​ល្អ​ជង្គង់ និងមាន​កម្លាំង​ថេរ​ចំនួន ៥ ទឹក។ លោក​អះអាងថា៖ «ឡុង សុវណ្ណ​ឌឿន មិន​ប្រាកដថា​អាច​យកឈ្នះ Kwan EK នោះទេ ព្រោះ​សមត្ថ​ភាពមិន​លើសខ្វះ​គ្នា​ប៉ុន្មាន​ឡើយ ប៉ុន្តែ​ការសម្រេច​ផ្តល់​ពិន្ទុពី​សំណាក់​ចៅក្រម​ទាំង ៥ ខ្ញុំ​មិនសូវ​ជាមាន​ទំនុកចិត្ត​ទេ ដោយសារ​កន្លងមក តែងតែ​ទទួល​ការរិះគន់​ពីអ្នក​ទស្សនា​ដូចជា​ពេលខ្លះ​ថៃ មានប្រៀប​ឲ្យចាញ់ ពេលខ្លះ​ថៃ​ចាញ់​ឲ្យស្មើ ឬឈ្នះ តែ​អ្វីដែល​ខ្ញុំចង់​បាន គឺ​អ្នកណា​ឈ្នះឲ្យ​ឈ្នះ អ្នកចាញ់​គឺឲ្យ​ចាញ់ វាចប់​រឿង កុំចាំបាច់​យិតយោង​ធ្វើអ្វី?»។

យ៉ាងណា​ក៏ដោយ ការប្រកួត​នេះ ទោះបីជា​លទ្ធផល​បែបណា​ក៏ សុវណ្ណឌឿន នៅតែ​ទទួល​បាន ៣ ពិន្ទុ​បន្ថែម ព្រោះ Kwan EK គ្រាន់តែ​ជាអ្នក​ឡើង​ប្រកួត​ជំនួស​កីឡាករ​ឡាវ៕

អត្ថបទគួរចាប់អារម្មណ៍