ភ្នំពេញៈ ​កីឡាការិនី​វ័យ​ក្មេង​តូច​ច្រមក់ ឆាង​ ឈាវហួយ​ ដែល​មាន​ប្រភព​ពី​ក្មេង​កំព្រា​ក្រីក្រ​តោក​យ៉ាក​ និង​​គ្មាន​ទីពឹង ដោយ​មាន​ស្រុក​កំណើត​នៅ​ភូមិ​ក្តុល ​ឃុំ​លំចង់ ​ស្រុក​សំរោង ​ខេត្ត​តាកែវ​នោះ បាន​កែប្រែ​ខ្សែ​ជីវិត​របស់​ខ្លួន ពី​អ្នក​រើស​គ្រាប់​បាល់​សូហ្វតិន្នីស រហូត​ក្លាយ​ជា​កីឡាការិនី​ឆ្នើម មាន​វ័យ​ក្មេង​ជាង​គេ​​ និង​ទទួល​បាន​ឱកាស​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​ជា​លើក​ដំបូង។

លោកស្រី​ ស្តើង​ សុខុម​ ត្រូវ​ជា​អ៊ំ ឈាវហួយ បាន​​​ប្រាប់​​ថា​៖​ «ឆាង ឈាវហួយ ​ជា​ក្មេង​កំព្រា​ ដោយសារ​​ឪពុក​ម្តាយ​​របស់​គេ បាន​បែកបាក់​គ្នា​ ហើយ​ក្នុង​នាម​ខ្ញុំ​ជា​ម្តាយ​ធំ បាន​យក​រូប​គេ មក​​សុំ​អង្គការ​​ផ្កាយ​សមុទ្រ​ ឲ្យ​បាន​ចូល​រៀន​ និង​បន្ទាប់​មក​សុំ​មក​ហ្វឹកហាត់​កីឡា​សូហ្វតិន្នីស​​នៅ​ក្នុង​ស្តាត​អូឡាំពិក ​ដោយ​ទទួល​បាន​ការ​អាណិត​អាសូ​ពី​ឯក​ឧត្តម ​ជា ​ប៊ុនហេង ជា​ប្រធាន​អង្គភាព​កីឡា​ក្រសួង​មហា​ផ្ទៃ ដោយ​លោក​បាន​​ជួយ​ជ្រោមជ្រែង ​ទើប​ ឆាង ​ឈាវហួយ ទទួល​បាន​លទ្ធផល​ឆ្នើម​មក​ដល់​ពេល​នេះ​»។​

លោកស្រី​ ស្តើង​ សុខុម​ បាន​​​ចាត់​ទុក​ថា ​ជា​សំណាង​មួយ​របស់​ ឆាង​ ឈាវហួយ ​ហៅ ​ក្អួយ​ ដែល​បាន​ចូល​សាលា​រៀន ​ហើយ​ត្រូវ​បាន​អង្គការ​ផ្កាយ​សមុទ្រ​ ផ្តល់​អាហារ​សម្លៀក​បំពាក់​សម្ភារ​សិក្សា​ ហើយ​ទទួល​បាន​ការ​ហ្វឹកហាត់​កីឡា​ទទួល​បាន​លទ្ធផល​ល្អ​បែប​នេះ​ ព្រោះ​ពី​ដំបូង​ឡើយ ឈាវហួយ គ្រាន់​តែ​ជា​អ្នក​​រើស​គ្រាប់​បាល់​សូហ្វតិន្នីស​ នៅ​ទីលាន​សហព័ន្ធ​ដើម្បី​បាន​ប្រាក់​ខ្លះ​ពី​អ្នក​លេង​តាម​ទឹក​ចិត្ត​អាណិត​អាសូរ ​ប៉ុន្តែ​​ដោយសារ​ឃើញ ឈាវហួយ មាន​ភាព​វៃឆ្លាត និង​ខិតខំ​ឆ្លៀត​យក​ពេល ទំនេរ​​ហ្វឹកហាត់​ដោយ​ខ្លួន​ឯង​នោះ ទើប​ធ្វើ​ឲ្យ​លោក ជា ប៊ុនហេង​ ជួយ​ឲ្យ​បាន​ហ្វឹកហាត់​ពេញ​លេញ​​តែ​ម្តង​។​

តាមរយៈ​ការ​ខិតខំ​ហ្វឹកហាត់​ជិត ​២ ​ឆ្នាំ ឈាវហួយ បាន​ក្លាយជា​កីឡាការិនី​វ័យ​ក្មេង មាន​រូបរាង​តូច​ជាង​គេ ដែល​មាន​សមត្ថភាព​លេង​សូហ្វតិន្នីស​​បាន​ល្អ ហើយ​ការ​រីកចម្រើន​នេះ ​ឈាវហួយ​ ត្រូវ​បាន​សហព័ន្ធ​កីឡា​សូហ្វតិន្នីស​កម្ពុជា ផ្តល់​ឱកាស​ឲ្យ​ចេញ​ទៅ​ប្រកួត​កីឡា​សូហ្វតិន្នីស​​ជើង​ឯក​យុវជន​អាស៊ី (The 1st Asian Junior Soft Tennis Championship 2019) នៅ​ប្រទេស ​ហ្វីលីពីន ជា​លើក​ដំបូង។

ឆាង ឈាវហួយ បាន​ធ្វើ​ដំណើរ​​​ទៅ​ចូល​រួម​ការ​ប្រកួត​ជើង​ឯក​យុវជន​អាស៊ី​​នេះ ជាមួយ​ក្រុម​យុវជន​សូហ្វតិន្នីស​កម្ពុជា​ចំនួន ​១២ ​នាក់​ទៀត ក្រោម​ការ​ដឹកនាំ​របស់​លោក ជា ប៊ុនហេង អនុប្រធាន​ទី​១ សហព័ន្ធ​កីឡា​សូហ្វតិន្នីស​កម្ពុជា គ្រូ​បង្គោល​លោក ជា សែនវិស្សុត ព្រម​ទាំង​គ្រូ​ជំនួយ លោក យី សារិន និង​លោក ឆាយ បញ្ញាវុធ គឺ​ប្រតិភូ​កីឡា​តំណាង​ឲ្យ​កម្ពុជា​មួយ​ក្រុម​នេះ បាន​ចាកចេញ​ពី​មាតុ​ប្រទេស​កាល​ពី​យប់​ថ្ងៃ​ចន្ទ នឹង​ត្រូវ​ត្រឡប់​មក​វិញ នៅ​ថ្ងៃទី ​៣១ ខែ សីហា។

លោក​ ជា​ សែនវិស្សុត​ ​ដែល​ជា​អគ្គលេខាធិការ​សហព័ន្ធ​ផង​នោះ បាន​និយាយ​ថា​៖​ «ឆាង ​ឈាវ​ហួយ​ ប្រកួត​ឈ្នះ​ដៃគូ​ជា​ច្រើន ​ហើយ​មាន​ទេពកោសល្យ​ល្អ​ និង​មាន​ចរិត​ស្លូត​បូត ​ទើប​ទទួល​បាន​ឱកាស​​ចេញ​ទៅ​ប្រកួត​​នៅ​លើ​ឆាក​អន្តរជាតិ ​ជា​លើក​ទី​១ ​ក្នុង​ឆាក​ជីវិត​របស់​នាង​ លើក​នេះ ហើយ​​បើ ​ឈាវហួយ​ បាន​លទ្ធផល​ល្អ​នោះ គឺ​​អនាគត​​របស់​កីឡា​សូហ្វតិន្នីស​ នឹង​មាន​កីឡាការិនី​ឆ្នើម​បន្ថែម​ទៀត»​។

កីឡាការិនី​វ័យ ​១២ ​ឆ្នាំ ឆាង​ ឈាវហួយ និយាយ​ថា៖ «​សព្វ​ថ្ងៃ​ខ្ញុំ​នៅ​ជា​មួយ​អ៊ំស្រី​ ហើយ​ខ្ញុំ​បាន​ចូល​រៀន​នៅ​សាលា​អង្គការ​ផ្កាយ​សមុទ្រ​ ថ្នាក់​ទី​៣ ​ដោយ​សាលា​បាន​ជួយ​អង្ករ ១ ​ខែ ​២០ ​គីឡូក្រាម ​និង​សម្ភារ​សិក្សា​មួយ​ចប់ ​ហើយ​អ៊ំ​ខាង​កីឡា​ ជួយ​ឲ្យ​ហាត់​រៀងរាល់​ល្ងាច​នៅ​ស្តាត»​។​

ចំណែក​ម្តាយ​បង្កើត​របស់ ឆាង ឈាវហួយ ​ឈ្មោះ ​ដើង ​គៀង​ អាយុ ​៤០ ​ឆ្នាំ​ ដែល​មាន​លំនៅ​ស្រុក​សំរោង​ ខេត្ត​តាកែវ ​បាន​បង្ហាញ​អារម្មណ៍​សប្បាយ​ខ្លាំង នៅ​ពេល​​ទទួល​បាន​ដំណឹង​ថា​ កូន​ស្រី​របស់​ខ្លួន​ទទួល​បាន​​ឱកាស​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​នោះ។

លោកស្រីបាន​និយាយ​ទាំង​អួល​ដើម​ក​ថា​៖ ​«មិន​នឹក​ស្មាន​ថា​ កូន​ស្រី​ខ្ញុំ ​ដែល​ខ្ញុំ​គ្មាន​សមត្ថភាព​ចិញ្ចឹម​ និង​មើល​ថែ​នោះ ​មាន​វាសនា​យ៉ាង​នេះ​សោះ​។​ ខ្ញុំ​​សូម​អរគុណ​ដល់​អង្គការ​ផ្កាយ​សមុទ្រ​ដែល​ជួយ​កូន​ខ្ញុំ​បាន​ចូល​រៀន​ និង​អរគុណ​ដល់​ឯកឧត្តម ​ជា ​ប៊ុនហេង​ បាន​ជួយ​កូន​ខ្ញុំ​ឲ្យ​​លេង​កីឡា​បាន​ល្អ​យ៉ាង​នេះ​»៕​