ភ្នំពេញ៖ កីឡាករកម្ពុជា ពុទ្ធ ឆាយរិទ្ធី បានប្រើគ្រប់ក្បាច់ ក្នុងការយកឈ្នះលើកីឡាករថៃ Fa Mechai ដើម្បីក្លាយជាគូប្រកួត ដែលមានការគាំទ្រខ្លាំង។ ចំណែក វ៉ាន់ វឿន បានផ្តួលថៃ Dek Doeur ឲ្យសន្លប់ត្រឹមទឹកទី ៣ ដោយស្នៀតកែង ស្របពេល សេន កុសល បានឈ្នះថៃ Banasak ដោយពិន្ទុ ហើយជ័យជម្នះ ដែលកីឡាករកម្ពុជាទទួលបាននេះ គឺដូចអ្វីដែលពួកគេបានតាំងចិត្ត តាំងពីមុនការប្រកួត។

សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិ នៅលើសង្វៀន SEATV កាលពីព្រឹកថ្ងៃអាទិត្យ ម្សិលមិញនោះ ពុទ្ធ ឆាយរិទ្ធី និង Fa Mechai បានប្រកួតគ្នាយ៉ាងស្វិតស្វាញរយៈពេល៥ទឹកពេញ។ ការប្រកួតនេះក៏អាចចាត់ទុកថា ជាការប្រកួតសងសឹក ព្រោះការជួបគ្នា៣ដងកន្លងមក គឺរកមិនទាន់ឃើញអ្នកណាខ្លាំងពិតប្រាកដនៅឡើយទេ ដោយសារលទ្ធផលឈ្នះ ១ ចាញ់ ១ និងស្មើ ១ ដូចគ្នា។

ប៉ុន្តែការជួបគ្នាលើកទី៤ នេះ កីឡាករកម្ពុជា ពុទ្ធ ឆាយរិទ្ធី បានយកឈ្នះដោយពិន្ទុជាឯកច្ឆន្ទ គឺឈ្នះដាច់ទាំង៥ទឹកតែម្តង។ ឆាយរិទ្ធី ឈ្នះដាច់នៅ ២ ទឹកដំបូង ដោយប្រើស្នៀតវាយសម្រុកគ្រប់ក្បាច់ ទាំងទាត់ ជង្គង់ និងកណ្តាប់ដៃ ចំណែកនៅទឹកទី៣ អាចថា មានលក្ខណៈប្រហាក់ប្រហែលគ្នា។

ចំពោះការប្រកួតនៅទឹកទី៤ និងទី៥ ការវាយចេញរបស់ ឆាយរិទ្ធី មានប្រៀបជាង ដោយសារវាយចេញបានច្រើនជាង ខណៈ Fa Mechai ព្យាយាមដកថយ និងវាយចេញតិចតួច។ ជ័យជម្នះរបស់ ឆាយរិទ្ធី ទោះបីឈ្នះជាឯកច្ឆន្ទ ប៉ុន្តែទទួលរងនូវការវាយបកដោយក្បាច់ទាត់ និងកណ្តាប់ដៃពី Fa Mechai ធ្ងន់ៗផងដែរ។ ចំណែកជំនួបរវាងជើងចាស់ លួន សុខខេងហេង សំរាំង បានបញ្ចប់ដោយលទ្ធផលស្មើគ្នា។

ដោយឡែក ការប្រកួតជម្រុះសន្សំពិន្ទុដណ្តើមខ្សែក្រវាត់ខារ៉ាបាវ ជុំទី ៣ ដែលត្រូវបានធ្វើឡើង កាលពីថ្ងៃសៅរ៍ នៅសង្វៀន SEATV នោះដែរ កីឡាករកម្ពុជា វ៉ាន់ វឿន បានប្រើក្បាច់កែងផ្តួលដៃ Dek Doeur ឲ្យសន្លប់នៅទឹកទី៣ ហើយលទ្ធផលនេះ គឺវាដូចគ្នាទៅនឹងអ្វីដែល វ៉ាន់ វឿន បានប្តេជ្ញាចិត្តមុនការប្រកួតថា គេនឹងផ្តួលថៃម្នាក់នេះឲ្យសន្លប់ ដើម្បីឈរលេខ ១ នៅលើកំពូលតារាងនៃពូលកម្ពុជា។

ចំណែកកីឡាករ សេង កុសល ដែលបានតាំងចិត្ត មុនការប្រកួត ដោយរូបគេ ធានាប្រកួតយកឈ្នះឲ្យបាននោះ គឺបានព្យាយាមវាយសម្រុកខ្លាំង ហើយបានយកឈ្នះកីឡាករថៃ Banasak ត្រឹមពិន្ទុប៉ុណ្ណោះ។ លទ្ធផលនេះបានធ្វើឲ្យ សេន កុសល មាន ៩ ពិន្ទុស្មើ វ៉ាន់ វឿន ដោយឈ្នះទាំង ៣ ប្រកួតដូចគ្នា។

ចំណែកការប្រកួតនៅសប្តាហ៍ក្រោយ បើទោះបីជា ធន់ មករា និង លាភ រដ្ឋា ប្រកួតឈ្នះថៃដូចគ្នា ឬក៏ផ្តួលដៃគូឲ្យសន្លប់ ដើម្បីមាន ៩ ពិន្ទុដែរ ក៏មិនទាន់មានលទ្ធភាពទៅឈរនៅលើកំពូលតារាងនៃពូលកម្ពុជាឲ្យប្រាកដនោះដែរ ព្រោះតាមលក្ខខ័ណ្ឌប្រកួត បើមានពិន្ទុស្មើគ្នា គឺគណៈកម្មការ នឹងធ្វើការវិនិច្ឆ័យទៅលើលក្ខខ័ណ្ឌ ៤ ចំណុច ដើម្បីរកអ្នកដែលត្រូវទទួលបានលេខ ១។

កីឡាករ​ជើង​ចាស់ លួន សុខខេង បាន​ទទួល​រង​ការ​ម៉ាត់​ពេញ​មួយ​ទំហឹង​ពី​សំណាក់​អ្នក​ប្រដាល់ ហេង សំរាំង មុន​ពេល​អ្នក​ទាំង​២ ត្រូវ​បាន​ប្រកាស​ឲ្យស្មើ​ពិន្ទុ។

លោក ឯម ហៀង អនុប្រធានវិនិច្ឆ័យប្រចាំនៅសង្វៀន SEATV បានប្រាប់ថា៖«ក្នុងករណីកីឡាករក្នុងពូល មានពិន្ទុស្មើគ្នា យើងផ្ទៀងផ្ទាត់នូវ៤ចំណុច ដោយមិនមានប្រកួតបន្ថែមទៀតនោះទេ។ ទី១​ ឈ្នះ​ដោយ​បាន​ផ្តួល​ដៃ​គូ​ច្រើន​ជាង​គេ ទី២ មានអត្តចរឹក និងសីលធម៌ល្អ ព្រមទាំងគ្មានបទល្មើសហិង្សាក្នុងពេលប្រកួត។ ចំណែកទី៣ ឈ្នះដោយផ្តួលដៃគូមានរយៈពេលខ្លីជាងគេ និងទី៤ ឈ្នះដោយបានឡើងប្រកួត គឺមិនមែនឈ្នះដោយស្វ័យប្រវត្តិ ឬ​ដៃ​គូ​អវត្តមាន ឬឈ្នះដោយស៊ីឡាក់នោះទេ៕