ភ្នំពេញ: កីឡាករ​ម៉ាជ សុខ​រ៉ា និង​ពុទ្ធ ឆាយ​រិទ្ធី បានបញ្ចប់​ការ​ប្រកួត​វគ្គ​ជម្រុះ​សន្សំ​ពិន្ទុ​ខ្សែ​ក្រវាត់ Wurkz ទម្ងន់ ៦៧ គីឡូក្រាម​នៃ​សង្វៀន​អាស៊ី​អាគ្នេយ៍​ហើយ​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ ដោយ​ទទួល​បាន​លទ្ធផល​ល្អ ក្រោយ​ពី​បាន​ផ្តួល​ដៃគូ​ប្រកួត​គឺ​កីឡាករ​ថៃ​ឲ្យ​សន្លប់​បាន ៣ ពិន្ទុ​ដូចគ្នា ក្នុង​នោះ​ពុទ្ធ ឆាយ​រិទ្ធី បាន​ចំណាយ​ពេល​តែ ១០ វិនាទី​ប៉ុណ្ណោះ​ក្នុង​ទឹក​ទី ១ ដើម្បី​ធ្វើ​ឲ្យ Kao Ah សន្លប់​ឈឹង។

ប៉ុន្តែ លទ្ធផល​ប្រកួត​នៅ​វគ្គ​ជម្រុះ​បញ្ចប់​នេះ មិនអាច​នាំ​សំណាង​ឲ្យ​ពុទ្ធ ឆាយ​រិទ្ធី មាន​ឱកាស​ទៅ​ប្រជែង​ជាមួយ​ម៉ាជ សុខរ៉ា និង​រឿង សារ័ត្ន បាន​ទេ ទោះ​កំពុង​មាន​ពិន្ទុ​ស្មើ​គ្នា​ក៏ដោយ ពី​ព្រោះ​ម៉ាជ សុខរ៉ា មាន​ប្រៀប​នាំមុខ​តាមរយៈ​ការ​ផ្តួល​ដៃគូ​ប្រកួត​ឲ្យ​សន្លប់​បាន ២ លើក។

ជាមួយគ្នានេះ ទោះបី​ការប្រកួត​វគ្គ​ជម្រុះ​របស់​ម៉ាជ សុខ​រ៉ា បានបញ្ចប់​ទៅហើយ ដោយ​កីឡាករ​រូប​នេះ​បាន​ឈ្នះ​តាមរយៈ​ការ​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​ចំនួន ២ លើក និង​ចាញ់​កីឡាករ​ថៃ​ដោយ​ពិន្ទុ​ចំនួន ២ លើក មាន ១២ ពិន្ទុ ប៉ុន្តែ​មិន​ទាន់​ច្បាស់​ថា ត្រូវ​ខ្ទាត​ចេញ ឬ​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ជាមួយ​កីឡាករ​ថៃ​នោះ​នៅ​ឡើយ​ទេ ដោយ​រង់ចាំ​លទ្ធផល​ប្រកួត​មួយ​លើក​ទៀត​រវាង​កីឡាករ​កម្ពុជា​រឿង សារ័ត្ន ជាមួយ​កីឡាករ​ថៃ Kang Kat សិន។

តាម​ការ​បូកសរុប​ពិន្ទុ​បណ្តោះអាសន្ន​ពី​គណៈកម្មការ​រៀបចំ ប្រកួត​នៃ​សង្វៀន​អាស៊ី​អាគ្នេយ៍ អាច​នឹង​ចេញ​លទ្ធផល​ចំនួន ២ គឺថា ប្រសិន​បើ​​រឿង សារ័ត្ន ប្រកួត​នៅ​សប្តាហ៍​ក្រោយ​ដោយ​យក​ឈ្នះ Kang Kat រូបគេ​មាន​ឱកាស​បាន​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ជាមួយ​កីឡាករ​ថៃ Kong Kang Van ប៉ុន្តែ​ប្រសិន​បើ​រឿង សារ័ត្ន ប្រកួត​ចាញ់ កៅអី​ផ្តាច់​ព្រ័ត្រ​នេះ​នឹង​ធ្លាក់​ទៅ​លើ​កីឡាករ​ម៉ាជ សុខរ៉ា ឡើង​ជំនួស​វិញ​ម្តង​ក្នុង​វគ្គ ផ្តាច់​ព្រ័ត្រ​ជាមួយ​កីឡាករ​ថៃ ដើម្បី​ដណ្តើម​យក​ខ្សែក្រវាត់ និង​ទឹកប្រាក់​រង្វាន់​ចំនួន ៥០០០ ដុល្លារ​អាមេរិក។

លោក​ញាន សុធី ដែលជា​នាយក​គ្រប់គ្រង​កម្មវិធី​ប្រកួត​ប្រចាំ​សង្វៀន​អាស៊ី​អាគ្នេយ៍ បាន​ប្រាប់​ឲ្យ​ដឹង​ថា៖ «ការ​ប្រកួត​វគ្គ​ជម្រុះ​ចុង​ក្រោយ​នេះ​ជា​ការ​ប្រកួត​ប្រជែង​មួយ​ដ៏​ស្វិត​ស្វាញ​ពីព្រោះ​លទ្ធផល​យ៉ាង​ណា​គ្មាន​អ្នក​ណា​ហ៊ាន​ទស្សន៍​ទាយ ឬ​ព្យាករ​មុន​នោះ​ឡើយ ដោយ​ត្រូវ​រង់ចាំ​ការ​ប្រកួត​រវាង​រឿង សារ័ត្ន ជាមួយ Kang Kat ហើយ​លទ្ធផល​ដែល​ចេញ​ពិត​ប្រាកដ​គឺ​សំណាង​ល្អ និង​អត់​សំណាង​អាច​និយាយ​ថា «មួយ​ចាន​គោក មួយ​ចាន​ទឹក» ពីព្រោះ​រឿង សារ័ត្ន និង Kang Kat មាន​សមត្ថភាព​ប្រហាក់​ប្រហែល​គ្នា»។

អ្នកតាមដាន​ប្រដាល់​ម្នាក់ ដែល​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ បាន​ប្រាប់ថា៖ «រវាង​កីឡាករ​កម្ពុជា និង​ថៃ​មាន​អាថ៌កំបាំង​ក្រៅ​ឆាក​នៃ​សង្វៀន​ខ្លះ ដែល​ជា​រឿង​គួរ​ឲ្យ​ខ្លាច ពីព្រោះ​កីឡាករ​ថៃ​គេ​អាច​វាយ​ទម្លាក់ ឬ​ដំឡើង​គ្នា​គេ​បាន​តាម​ការ​កំណត់ ឬ​ណាត់​គ្នា​ផ្ទៃ​ក្នុង»។

ប្រភព​បានបញ្ជាក់​តាម​រយៈ​ការលើក​ជា​ឧទាហរណ៍​ថា៖ «ប្រសិនបើ​កីឡាករ Kang Kat ឈ្នះ ឬ​ចាញ់​រឿង សា​រ័ត្ន ក៏​គ្មាន​ឱកាស​បាន​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ដែរ ដោយ​មាន​តែ Kong Kang Van ម្នាក់​គត់​ដែល​ឈរ​ចាំ។ មានន័យ​ថា​ប្រសិន Kang Kat ឈ្នះ​រឿង សា​រ័ត្ន​ឱកាស Kong Kang Van អាច​នឹង​ស៊ី​ម៉ាជ សុខរ៉ា ផុយ​ដើម្បី​យក​ខ្សែក្រវាត់ ដោយ​មិន​លំបាក ពីព្រោះ​ធ្លាប់​ឈ្នះ សុខរ៉ា​រួច​មក​ហើយ។ ចំណុច​ទី២ ប្រសិន​បើ​កីឡាករ Kang Kat ចាញ់​រឿង សារ័ត្ន វិញ ឱកាស​របស់ Kong Kang Van ជាមួយ​រឿង សា​រ័ត្ន ពិតជា​លំបាក​ពីព្រោះ​កីឡាករ​ថៃ​រូបនេះ​ធ្លាប់​ចាញ់​រឿង សារ័ត្ន»៕