The Phnom Penh Post Search

Search form

ឆាយរិទ្ធី រំពឹង​ឈ្នះ​ថៃ ស្តារ​ឱកាស​ទៅ​វគ្គ​បន្ត

Content image - Phnom Penh Post
កីឡាករ Phan Chhai ត្រូវ​ប្រកួត​ដណ្តើម​យក​ ៣ ​ពិន្ទុ​ជាមួយ ពុទ្ធ ឆាយរិទ្ធី នៅ​រសៀល​ថ្ងៃ​អាទិត្យ​។ រូប សហការី

ឆាយរិទ្ធី រំពឹង​ឈ្នះ​ថៃ ស្តារ​ឱកាស​ទៅ​វគ្គ​បន្ត

ភ្នំពេញៈ កីឡាករ​កម្ពុជា ពុទ្ធ ឆាយរិទ្ធី បាន​ត្រៀម​ខ្លួន​រួច​រាល់​អស់​ហើយ ដើម្បី​ឡើង​ប្រកួត​សន្សំ​ពិន្ទុ​លើក​ទី​ ២ ជាមួយ​អ្នក​ប្រដាល់​របស់​ឡាវ Phan Chhai ក្នុង​ពាន​រង្វាន់​អន្តរជាតិ កំពូល​អ្នក​ប្រដាល់​កណ្តាប់​ដៃ​ដែក ISI PALM ប្រភេទ​ទម្ងន់​ ៦៧ ​គីឡូក្រាម​នៅ​លើ​សង្វៀន CNC នា​រសៀល​ថ្ងៃ​អាទិត្យ គឺ​មុន​ពេល ឆៃ សារ៉ា ត្រូវ​ប្រឈម​ជាមួយ​ជើង​ខ្លាំង​របស់​ថៃ Noeng Trakan​។

ទាក់ទង​ទៅ​នឹង​ការ​ប្រកួត​លើក​ទី​ ២ ​នេះ​លោក ណន រិទ្ធ គ្រូបង្វឹក ពុទ្ធ ឆាយរិទ្ធី បាន​ផ្តល់​ទំនុក​ចិត្ត​ខ្ពស់​ដល់​សិស្ស​របស់​លោក​ថា នឹង​ទទួល​បាន​ជ័យជម្នះ​។

លោក​បាន​ប្រាប់​កាលពី​ម្សិលមិញ​ថា​៖ «​សម្រាប់​ការ​ប្រកួត​លើក​ទី​ ២ ​នេះ ខ្ញុំ​មាន​សង្ឃឹម​លើ ពុទ្ធ ឆាយរិទ្ធី ៨០ ​ភាគរយ ព្រោះ​លើក​នេះ​សិស្ស​របស់​ខ្ញុំ ហ្វឹកហាត់​បាន​ពេញ​ល្អ​»​។

គួរ​រំឭក​ថា​សម្រាប់​ការ​ប្រកួត​បើក​ឆាក​កាលពី​ថ្ងៃ​ទី​ ៤ ខែ​កុម្ភៈ កន្លង​មក​នេះ ពុទ្ធ ឆាយរិទ្ធី បាន​ចាញ់​ពិន្ទុ​ជើង​ខ្លាំង Noeng Trakan ទាំង​មិន​អស់​ចិត្ត ហើយ​ការ​ចាញ់​នោះ​បាន​ធ្វើឲ្យ ឆាយរិទ្ធី មាន​ត្រឹម​ ១ ​ពិន្ទុ​ស្មើ​ជាមួយ មាស សុជាតិ កីឡាករ​ថៃ Chhan Chhai និង ឡាវ Phan Chhai ខណៈ ឆៃ សារ៉ា​, ឡៅ ចន្ទ្រា Noeng Trakan និង​កីឡាករ​ថៃ Rong Nakpha សុទ្ធតែ​ទទួល​បាន​ ៣ ​ពិន្ទុ​ពេញ​ដូច​គ្នា​។

ជាមួយ​នឹង​លទ្ធផល​ជា​បណ្តោះអាសន្ន​នេះ វា​តម្រូវ​ឲ្យ ពុទ្ធ ឆាយរិទ្ធី ត្រូវការ​ឈ្នះ​ជា​ដាច់ខាត ដើម្បី​បង្កើត​ឱកាស​ឡើង​វិញ​ក្នុង​ការ​ប្រជែង​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ដោយ​គេ​កំណត់​យក​កីឡាករ​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ​ ៤ ​នាក់​ក្នុង​ចំណោម​អ្នក​ទាំង​ ៨ ហើយ​អ្នក​ឈ្នះ​ក្នុង​វគ្គ​ខ្វែង​នោះ​នឹង​ត្រូវ​ឡើង​ទៅ​ប្រកួត​ដណ្តើម​យក​ពាន​អន្តរជាតិ​នេះ អម​ជាមួយ​ប្រាក់​រង្វាន់​ ២៤ ​លាន​រៀល​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​។

លោក ណន រិទ្ធ បាន​បន្ថែម​ថា​៖​ «​ពុទ្ធ ឆាយរិទ្ធី ទាមទារ​យក​ឈ្នះ​ឲ្យ​បាន ព្រោះ​បើ​យើង​បន្ត​ចាញ់​ក្នុង​ការ​ប្រកួត​លើក​ទី​ ២ ​នេះ យើង​អាច​នឹង​បាត់​ឱកាស សម្រាប់​ការ​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត​។ កីឡាករ​របស់​ឡាវ​ម្នាក់​នេះ​មាន​សមត្ថភាព​ល្អ​ដែរ ប៉ុន្តែ​ប្រហែល​ជា​ទៅ​មិន​រួច​ជាមួយ​សិស្ស​របស់​ខ្ញុំ​ទេ ដោយសារ ឆាយរិទ្ធី មាន​កណ្តាប់ដៃ និង​មាន​ស្នៀត​ជើង​ល្អ​ជាង​»​។

ចំណែក​ការ​ជួប​គ្នា​រវាង ឆៃ សារ៉ា និង Noeng Trakan វា​បាន​ក្លាយ​ជា​ការ​ប្រកួត​ប្រជែង​គ្នា​យ៉ាង​សំខាន់ ដើម្បី​ដណ្តើម​យក​ ៣ ​ពិន្ទុ ព្រោះ​អ្នក​ឈ្នះ​នឹង​ត្រូវ​ឡើង​ទៅ​ឈរ​នៅ​កំពូល​តារាង​ជា​បណ្តោះអាសន្ន និង​មាន​ឱកាស​កាន់តែ​ច្រើន​បាន​ទៅ​ប្រកួត​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។

យ៉ាង​ណា​ក៏ដោយ​តាមរយៈ​ការ​ប្រកួត​កន្លង​មក​នេះ​ត្រូវ​បាន​គេ​មើលឃើញ​ថា Noeng Trakan មាន​បច្ចេកទេស​ល្អ ហើយ​ល្បឿន​វាយ​ចេញ​របស់​គេ អាច​លឿន​ជាង ឆៃ សារ៉ា ពិសេស​ការ​វាយ​កែង​តែ​ម្តង ប៉ុន្តែ​ការ​វាយ​ចេញ​របស់ សារ៉ា ក៏​ល្អ​ដែរ​។ ហេតុ​នេះ​ការ​ឈ្នះ​ចាញ់​របស់​អ្នក​ទាំង​ ២ ​នេះ​អាច​នឹង​បញ្ចប់​ដោយ​ភាព​តានតឹង ហើយ​ករណី​បែក​ក៏​អាច​នឹង​កើត​មាន​ឡើង​ផង​ដែរ ដោយសារ​ពួកគេ​ចូលចិត្ត​ប្តូរ​កែង​ដូច​គ្នា​៕

អត្ថបទគួរចាប់អារម្មណ៍