ភ្នំពេញ៖ ​អ្នក​ប្រដាល់​ចាស់​វស្សា​ ឆៃ សារ៉ា ដែល​ធ្លាប់​ឈ្នះ​ប្រាក់​លាន​ពី​សង្វៀន​ថោន​ម្តង​ហើយ​នោះ ​បាន​បង្ហាញ​មហិច្ឆតា​ខ្ពស់ ដោយ​ចង់​ឈ្នះ​ប្រាក់​រង្វាន់​ចំនួន ៣,៤ លាន​រៀល​ជា​ថ្មី សម្រាប់​ការ​ប្រកួត​ក្នុង​ទម្ងន់ ​៦៧​ គីឡូក្រាម ​នៅ​ថ្ងៃ​អាទិត្យ​នេះ ប៉ុន្តែ​បាន​បារម្ភ​ពី​បេក្ខភាព​​ជើង​ខ្លាំង​ចាស់​វស្សា​ដូច​គ្នា​គឺ មុត ​ខ្លឹមខ្មៅ​ និង គឹម ​វាសនា​ ខណៈ ​មាស ​សុជាតិ​ មិនមែន​ជា​ឧបសគ្គ។​

ក្នុង​អាជីព​ជា​អ្នក​ប្រដាល់​រយៈពេល​ជាង ​១០ ​ឆ្នាំ​ នៅ​លើ​សង្វៀន​ដោយ​​បញ្ចេញ​ញើស​ និង​ពេល​ខ្លះ​ស្រក់​ឈាម​ផង​នោះ​ ឆៃ សារ៉ា នៅ​មាន​ជីវភាព​បាន​ត្រឹម​​ហូប​ចុក​ទាំង​លំបាក​ ខណៈ​ដែល​បន្ទុក​ធ្ងន់​ គឺ​មាន​កូន ​៤ ​នាក់ ​ដែល​ពុំ​ទាន់​មាន​ប្រាក់​ចំណូល​អ្វី​ក្រៅ​ពី​ប្រដាល់​នោះ​ឡើយ​។ ហេតុ​នេះ រូប​គេ ពិត​ជា​ចង់​ឈ្នះ​​ប្រាក់​លាន​លើក​នេះ ដើម្បី​យក​ទៅ​​ដោះ​បំណុល​ ក្រោយ​ពី​កូនៗ​បាន​ឈឺ​ រួច​បាន​​ជំពាក់​ថ្លៃ​ព្យាបាល​។

ទាក់ទង​នឹង​ការ​ប្រកួត​នេះ ឆៃ​ សារ៉ា​ បាន​និយាយ​ថា​៖​ «​ក្នុង​ចំណោម​កីឡាករ​ទាំង ​៣ ​នាក់ ​ដែល​ត្រៀម​ជាប់​ឆ្នោត​ប្រកួត​លើក​នេះ ​គឺ​​កីឡាករ​ដែល​លំបាក​យក​ឈ្នះ​នោះ​ មាន ​គឹម ​វាសនា និង​ ​មុត ​ខ្លឹមខ្មៅ ​ចំណែក​ ​មាស ​សុជាតិ​ មិន​ជា​ឧបសគ្គ​ធំ​ក្នុង​ការ​យក​ឈ្នះ​នោះ​ឡើយ​»។ ​

សារ៉ា បាន​បន្ត​ថា​៖ «​កាល​មុន ​ខ្ញុំ​ធ្លាប់​ឈ្នះ​ប្រាក់​ពី​កម្មវិធី​នេះ​ម្តង ​បន្ទាប់​ពី​ឈ្នះ ​កែវ​ សំរិទ្ធ​ នៅ​វគ្គ​ជម្រុះ​ និង​ឈ្នះ​ គឹម ​វាសនា​ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ ហើយ​ទទួល​បាន​ប្រាក់​ មក​ដោះ​ស្រាយ​ជីវភាព​បាន​មួយ​កម្រិត​។​ ​ខ្ញុំ​បាន​​ឈ្នះ​ គឹម ​វាសនា​ ក្នុង​លក្ខណៈ​លំបាក​តឹងតែង​ណាស់​ ចំណែក​ មុត ​ខ្លឹមខ្មៅ​ ធ្លាប់​ប៉ះ​គ្នា ​៥ ​លើក ​ចាញ់ ​៣ និង​​ឈ្នះ ​២​ សុទ្ធ​បែក​ឈាម​ទាំង​អស់​ ប៉ុន្តែ​ទោះ​ជា​ឧបសគ្គ​ធំ​យ៉ាង​ណា​ គឺ​តាម​ការ​ប្រឹងប្រែង​ហ្វឹកហាត់​ និង​តាំង​ចិត្ត​ប្រកួត ​ខ្ញុំ​រំពឹង​​ឈ្នះ​ ​៦០ ​ភាគរយ​ដែរ»។​

ចំណែក មុត ខ្លឹមខ្មៅ មាន​រំពឹង​ខ្ពស់​ជាង ឆៃ សារ៉ា ទៅ​ទៀត ដោយ​និយាយ​ថា៖ «​ខ្ញុំ​មាន​សង្ឃឹម​ឈ្នះ ​៨០ ​ភាគរយ​ ដោយ​ក្នុង​ចំណោម ​៣ នាក់​នេះ​ មាស ​សុជាតិ​ អាច​ស៊ី​ផុយ​ ​ព្រោះ​​ខ្ញុំ​ធ្លាប់​វ៉ៃ​ឱ្យ​សន្លប់ ​២ លើក​ហើយ ចំណែក ​ឆៃ ​សារ៉ា ​ខ្ញុំ​ធ្លាប់​​ឈ្នះ ​៣ ​និង​ចាញ់ ​២ ​ដង ខណៈ ​គឹម ​វាសនា ​ខ្ញុំ​វ៉ៃ​ឈ្នះ ​១​ និង​​ចាញ់ ​២ ​ដង»​។ ​ខ្លឹមខ្មៅ​បាន​បញ្ជាក់​ថា៖​ «​ឧបសគ្គ​ធំ​សម្រាប់​ខ្ញុំ​ មិនមែន ​មាស សុជាតិ​ និង ​ឆៃ​ សារ៉ា​ នោះ​ទេ​ គឺ​ គឹម ​វាសនា ​នេះ​តែ​ម្តង​»។​

ចំពោះ គឹម ​វាសនា ​ដែល​ដៃ​គូ​ខាង​លើ​សុទ្ធ​តែ​ញញើត​នោះ​ គឺ​មិន​បញ្ចេញ​ទស្សនៈ​អ្វី​ឡើយ​ ដោយ​​គេ​និយាយ​ខ្លី​ថា​៖ «​ខ្ញុំ​មិន​ហ៊ាន​ទស្សន៍ទាយ​ទេ​ ប៉ុន្តែ​ធានា​វ៉ៃ​ឱ្យ​អស់​ពី​លទ្ធភាព​ និង​ចង់​ឈ្នះ​រង្វាន់​ដូច​គ្នា»​។​

តាម​ប្រវត្តិ​ប្រកួត​ ដែល​ក្រុម​ការងារ​បច្ចេកទេស​ស្រង់​បាន​ គឺ ឆៃ សារ៉ា, មុត ខ្លឹមខ្មៅ និង មាស សុជាតិ សុទ្ធ​តែ​ធ្លាប់​ប្រកួត​ច្រើន​ជាង ​១០០ ដង គឺ​មាន​តែ​ ​គឹម ​វាសនា ​តិច​ជាង​គេ​ ដោយ​ប្រកួត​បាន ​៧២ ​លើក​ ប៉ុន្តែ​ជើង​ខ្លាំង​ទាំង ​២ សុទ្ធ​តែ​ញញើត​ដូច​គ្នា​។​

លោក​ ជួប​ វុត្ថា​ អ្នក​គ្រប់គ្រង​ និង​សម្របសម្រួល​កីឡាករ​ប្រកួត​ប្រចាំ​សង្វៀន​ថោន​បាន​ប្រាប់​ថា​៖ ​«អ្នក​ប្រដាល់​ទាំង ​៤ ​នេះ ​ពិត​ជា​មាន​សមត្ថភាព​ប្រហាក់​ប្រហែល​គ្នា ​ហើយ​លទ្ធផល​នៃ​ការ​ប្រកួត​ ពិត​ជា​លំបាក​ព្យាករ​ថា ​នរណា​មាន​ប្រៀប​ជាង​អ្នក​ណា​ណាស់​ គឺ​អាស្រ័យ​នៅ​លើ​សង្វៀន​ផ្ទាល់​តែ​ម្តង»​៕​​