ភ្នំពេញ៖ កីឡាករកម្ពុជា ពុទ្ធ ឆាយរិទ្ធី ត្រូវបានគេមើលឃើញថា នឹងប្រឈមនូវឧបសគ្គធំ ខណៈរូបគេត្រូវប៉ះជើងខ្លាំងជំនាញប្រើជង្គង់របស់ថៃ Chhouk Chhai ក្នុងការប្រកួតសន្សំពិន្ទុខ្សែក្រវាត់ «ជើងឯកអ្នកប្រយុទ្ធកំពូលថាមពលឆេមពាន» ទម្ងន់ ៦៧ គីឡូក្រាម នៅលើសង្វៀន SEATV នាយប់ថ្ងៃអាទិត្យ ចំណែក ពុទ្ធ ឆាយរិទ្ធី មានរំពឹងខ្ពស់ ក្នុងការឈ្នះបាន ៣ ពិន្ទុ ពីកីឡាករថៃ Chhieng Chhai។
បើទោះបីជា ឆៃ សារ៉ា បានឈ្នះក្នុងការប្រកួតបើកឆាក ប៉ុន្តែការជួប Chhouk Chhai ដែលមានជំនាញចាប់ឱបបង្វិលបុកជង្គង់បានយ៉ាងល្អនេះ គឺពិតជាមានការលំបាក ព្រោះថៃម្នាក់នេះធ្លាប់បានបង្រ្កាបជើងខ្លាំងរបស់កម្ពុជាច្រើននាក់មកហើយ។ ប៉ុន្តែ លោក ធន់ សុភា គ្រូបង្វឹក ឆៃ សារ៉ា បានប្រាប់ថា៖ «សម្រាប់ក្បាច់ប្រកួតរបស់ថៃ Chhouk Chhai ខ្ញុំមានមធ្យោបាយទប់ទល់ ព្រោះគេចេះតែមួយបែបប៉ុណ្ណោះ គឺខ្ញុំបានបង្វឹកឲ្យ ឆៃ សារ៉ា ផ្លាស់ប្តូរបច្ចេកទេសប្រកួត»។
លោក ធន់ សុភា បានបន្ថែមថា៖ «ខ្ញុំមានជំនឿថា ឆៃ សារ៉ា នឹងឈ្នះ Chhouk Chhaiបន្តទៀត បើសិនគេធ្វើតាមបច្ចេកទេសខ្ញុំប្រាប់ គឺវាយកណ្តាប់ដៃចេញមុន និងទាត់ឆ្ងាយ ហើយនៅពេលឱបគ្នា ត្រូវព្យាយាមប្រើកែងរូសឲ្យបានរហ័ស នោះយើងនឹងមានប្រៀបឈ្នះច្រើន។យ៉ាងណាក៏ដោយ មិនមែនចាញ់ ឬឈ្នះដោយងាយស្រួលឡើយ ព្រោះសុទ្ធតែមានបច្ចេកទេសផ្ទាល់រៀងៗខ្លួន»។
ចំណែកលោក ថៃ អ៊ូ ប្រតិភូនាំកីឡាករថៃមកប្រកួតបានប្រាប់ថា៖ «បើខ្ញុំគិតពីសមត្ថភាពប្រកួត ឆៃ សារ៉ា ចេះច្រើនក្បាច់ និងវ៉ៃបានច្រើនល្បិចកល ហើយមានលទ្ធភាពឈ្នះខ្ពស់ ប៉ុន្តែបើឲ្យ Chhouk Chhai ចាប់ឱបបានវិញ គឺខ្ញុំធានាថា Chhouk Chhai នឹងឈ្នះ ១០០ ភាគរយ។ទោះជាយ៉ាងណាក្តី ខ្ញុំមានទំនុកចិត្តថា Chhouk Chhai មានប្រៀបឈ្នះច្រើនជាង ដោយប្រើក្បាច់ចាប់ឱបឡើងជង្គង់»។
ចំពោះជំនួបរវាង ពុទ្ធ ឆាយរិទ្ធី និងថៃ Chhieng Chhai ត្រូវបានលោក ណន រិទ្ធិ ជាគ្រូបង្វឹកនិយាយថា៖ «ឆាយរិទ្ធី ហ្វឹកហាត់ត្រៀមបានល្អ ហើយជំនួបប្រកួតនេះ មិនបារម្ភពីការចាញ់នោះទេ ព្រោះ Chhieng Chhai មានសមត្ថភាពមិនលើ ឆាយរិទ្ធី នោះឡើយ»៕