ភ្នំពេញ៖ ​ការ​ប្រកួត​​ជម្រុះ​ខ្សែ​ក្រវាត់​ជើង​ឯក​អ្នក​ប្រយុទ្ធ​កំពូល​ថាមពល​ឆេមពាន​របស់​សង្វៀន​អាស៊ីអាគ្នេយ៍ បាន​ឈាន​ដល់​ជុំ​ទី ​៣ ​ហើយ នា​រាត្រី​ថ្ងៃ​អាទិត្យ​នេះ ដោយ​ក្នុង​នោះ ឆៃ​ សារ៉ា​ ​របស់​​សមាគម​កីឡា​ប្រដាល់​ក្រសួង​ការពារ​ជាតិ ត្រូវ​​ប៉ះ​​ថៃ​ Rong Napha​ ខណៈ ​ពុទ្ធ ​ឆាយរិទ្ធី ​ក្លិប​​ពុទ្ធសេរី​វង្ស ត្រូវ​ជួប​​ថៃ​ Phat Oubun ហើយ​សម្រាប់​​ជំនួប​នេះ ភាគី​កីឡាករ​កម្ពុជា​ទាំង ​២ ​រូប សុទ្ធ​តែ​រំពឹង​ខ្ពស់​ក្នុង​ការ​ឈ្នះ​បាន ​៣ ពិន្ទុ។

យ៉ាង​ណា​ក៏​ដោយ បើ​ទោះបី​ជា​លទ្ធផល​របស់​កីឡាករ​កម្ពុជា​រំពឹង​ឈ្នះ​ថៃ​ខ្ពស់​បំផុត ​ប៉ុន្តែ​ទាំង​ ឆៃ​ សារ៉ា​ និង ​ឆាយ​រិទ្ធី សុទ្ធ​តែ​​​ប្រឈម​ទៅ​នឹង​ការ​ធ្លាក់​ចេញ​ ឬ​អាច​និយាយ​ថា​ មាន​ឱកាស​តិច​តួច​បំផុត​ ​ព្រោះ​នៅ​ក្នុង​ពូល​កម្ពុជា​ ជាមួយ​គ្នា​នេះ ​កីឡាករ​ ឡុង​ សុភី​ និង ​វង្ស ​វិឆ័យ កំពុង​​មាន​ពិន្ទុ​នៅ​បាំង​ពី​លើ​ ដោយ​ឈ្នះ​ទាំង ​២ ​ប្រកួត ​មាន ​៦ ពិន្ទុ ​ដូច​គ្នា ផ្ទុយ​ពី​នេះ ឆៃ សារ៉ា និង ឆាយរិទ្ធី ​បាន​ឈ្នះ ​១ និង​ចាញ់ ​១ ​ប្រកួត មាន​ ៤ ពិន្ទុ​ដូច​គ្នា។

លោក​ ធន់ ​សុភា​ គ្រូ​បង្វឹក ​ឆៃ ​សារ៉ា​ និយាយ​ថា​៖ «​សប្តាហ៍​នេះ​ ឆៃ​ សារ៉ា​ ហ្វឹកហាត់​បាន​ល្អ​ ធានា​វ៉ៃ​ឈ្នះ​កីឡាករ​ថៃ ​Rong Napha​ គឺ​សង្ឃឹម ​៩០ ​ភាគរយ​។ តាម​ខ្ញុំ​វាយ​តម្លៃ​តាម​បច្ចេកទេស​ក្បាច់​គុន ​ឆៃ ​សារ៉ា ​នឹង​វ៉ៃ​ឈ្នះ​ ​ព្រោះ​ស្នៀត​កែង​ជង្គង់​ និង​ទាត់ ​មាន​ប្រៀប​ជាង​ពិសេស​ក្បាច់​កែង​មុខ​កាណូត​ អាច​នឹង​ធ្វើ​ឲ្យ​កីឡាករ​ ​Rong Napha ​សន្លប់​ក្នុង​ទឹក​ណា​មួយ​ក៏​ថា​បាន​ដែរ​។

ទោះ​ជា​យ៉ាង​ណា​ នៅ​ពេល​សួរ​ពី​ឱកាស​ប្រជែង​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​របស់ ឆៃ សារ៉ា នោះ លោក ធន់ សុភា បាន​ឆ្លើយ​តប​ថា៖ ​«តាម​​រូបមន្ត​ប្រកួត​ ដែល​ក្នុង ​១ ​ពូល ​យក​តែ​កីឡាករ ​២ ​រូប​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​នោះ​ គឺ​ឱកាស​បាន​ឡើង​របស់​ ឆៃ​ សារ៉ា​ ពិត​ជា​តិចតួច​ណាស់ ព្រោះ​ពេល​នេះ​​មាន​ជើង​ខ្លាំង​នៅ​ពី​លើ​ដល់​ទៅ ​២ នាក់​ឯណោះ»។

ស្រដៀង​គ្នា​នេះ​ដែរ​ លោក​ ណន ​រិទ្ធ ​គ្រូ​បង្វឹក ​ពុទ្ធ ​ឆាយរិទ្ធី បាន​​អះអាង​ថា​៖ «​ខ្ញុំ​មាន​ទំនុក​ចិត្ត​ខ្ពស់​ថា​ ​ឆាយ ​រិទ្ធី ​នឹង​ឈ្នះ​កីឡាករ​ Phat Oubun​ ​ព្រោះ​សមត្ថភាព​ និង​បទពិសោធ​​របស់ ​ឆាយ ​រិទ្ធី ​មាន​ប្រៀប​ជាង​ ហើយ​​ជាមួយ​គ្នា​នេះ​ការ​ហ្វឹកហាត់​របស់ ឆាយរិទ្ធី គឺ​ត្រៀម​ប្រកួត​បាន​ល្អ»​។​

ចំណែក លោក ​ថៃ ​អ៊ូ​ ប្រតិភូ​នាំ​កីឡាករ​ថៃ​មក​ប្រកួត​បាន​​ប្រាប់​ថា​៖ «​​និយាយ​ការ​ពិត​ទៅ​សមត្ថភាព​របស់​កីឡាករ​ថៃ ​​Phat Oubun​ និង​ Rong Napha​ នៅ​មាន​កម្រិត ​មិន​ដល់​កីឡាករ​​ខ្មែរ​ទាំង ​២ ​នេះ​មែន​ ហើយ​ការ​ប្រកួត​វគ្គ​ជម្រុះ​ចំនួន ​២ ​លើក​កន្លង​មក ​យើង​ទទួល​ស្គាល់​ថា​ មិន​ទាន់​បាន​ឈ្នះ​នៅ​ឡើយ​។​​ ទោះ​ជា​យ៉ាង​ណា​ ការ​ប្រកួត​នេះ​ ខ្ញុំ​ជំរុញ​​ឲ្យ​ប្រកួត​អស់​ពី​សមត្ថភាព​ គឺ​ចាញ់​ ឬ​ឈ្នះ​ ក្នុង​លក្ខណៈ​ស្វិត​ស្វាញ​ ជា​គូ​ដែល​ជក់​ចិត្ត ​សម​ជា​គូ​ដណ្តើម​ខ្សែ​ក្រវាត់​ មិន​ឲ្យ​អ្នក​ទស្សនា​រិះគន់​ទេ​»។​

តាម​រូបមន្ត​នៃ​ការ​​ប្រកួត​ខ្សែ​ក្រវាត់​នេះ ​​គឺ​​តម្រូវ​យក​កីឡាករ​តែ ​១ ​នាក់ ក្នុង​ពូល​នីមួយៗ ដើម្បី​​​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ​ហើយ​តាមរយៈ​លទ្ធផល​ប្រកួត ​២ លើក​ដូច​គ្នា គឺ​កីឡាករ​ជើង​ចាស់ ​ឡុង ​សុភី​ និង​ជើង​ថ្មី ​វង្ស ​វិឆ័យ មាន​ភាគរយ​ខ្ពស់​បំផុត​ក្នុង​ការ​ប្រជែង​គ្នា​ដោយ​ប្រយោល ដើម្បី​យក​ម្នាក់​ទៅ​ប៉ះ​អ្នក​លេខ ​១ ​ពូល​ថៃ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ខណៈ​ឱកាស​របស់ ឆៃ​ សារ៉ា​ និង​កីឡាករ ពុទ្ធ ឆាយ​រិទ្ធី​ ពិត​ជា​មាន​ផ្លូវ​តូច​ចង្អៀត​ណាស់​៕​​