ភ្នំពេញ៖ ​សម្រាប់​ការ​ប្រកួត ​២ ​លើក​ចុង​ក្រោយ​របស់​កីឡាករ ​ឆៃ ​សារ៉ា​ ដែល​ទើប​តែ​ប្រកាស​ពី​ការ​ប្តូរ​ក្លិប​ចេញ​ពី​សមាគម​កីឡា​ប្រដាល់​កង​យោធពល​ខេមរភូមិន្ទ​ មក​ហ្វឹកហាត់​នៅ​ក្លិប​នាគរាជ​ចតុមុខ​នៃ​សមាគម​ប្រដាល់​ក្រសួង​មហាផ្ទៃ​ គឺ​ជា​ការ​តាំង​ចិត្ត​ជា​ថ្មី​ និង​ប្តេជ្ញា​សាង​កេរ្តិ៍ឈ្មោះ​ឱ្យ​ល្បី​ឡើង​វិញ​ ដើម្បី​អាច​ជួយ​ឱ្យ​រូប​គេ​ឈាន​ទៅ​សម្រេច​គោល​បំណង​ធំ​ចំនួន ​២ ​ទៀត នា​ពេល​អនាគត។

ជាមួយ​គ្នា​នេះ ​ការ​តាំង​ចិត្ត​កាល​ពី​សប្តាហ៍​មុន ​គឺ​​ ឆៃ សារ៉ា បាន​សម្រេច​ក្តី​បំណង​របស់​ខ្លួន​​ជា​បណ្តើរៗ​ហើយ​ ដោយ​កាល​ពី​យប់​ថ្ងៃ​អាទិត្យ កន្លង​មក​នេះ​ សារ៉ា បាន​ប្រកួត​ឈ្នះ​ពិន្ទុ​ ​កែវ ​សំរិទ្ធ​ ដោយ​ពិន្ទុ​ដាច់ និង​បន្ត​យក​ឈ្នះ​ គឹម ​វាសនា​ ទាំង​លំបាក​លំបិន​ និង​តឹងតែង​បំផុត​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដើម្បី​ក្រសោប​ទឹក​ប្រាក់ ៣,៤ ​លាន​រៀល ពី​ការ​ប្រកួត​ដណ្តើម​ប្រាក់​លាន​នៅ​សង្វៀន​ថោន។ ​

ទោះ​យ៉ាង​នេះ​ក្តី​ មហិច្ឆតា​របស់ ​ឆៃ ​សារ៉ា​ នៅ​មាន​បំណង​ធំ ​២ ​ទៀត​ គឺ​រូប​​គេ​ចង់​បាន​ក្របខ័ណ្ឌ​ជា​មន្ត្រី​ដូច​សិស្ស​ច្បង​មួយ​ចំនួន និង​ប៉ង​ប្រាថ្នា​បើក​ក្លិប​ប្រដាល់​មួយ​ ដើម្បី​ធ្វើ​ជា​គ្រូ​បង្វឹក​ ដោយ​ខ្លួន​ឯង​ផង​ដែរ​។​

ឆៃ​ សារ៉ា ​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ ​​ក្រោយ​ការ​ប្រកួត​​ថា​៖ «​ខ្ញុំ​រំភើប​ក្រៃ​លែង​នៅ​ពេល​នេះ ​ដែល​ដណ្តើម​បាន​ប្រាក់​រង្វាន់​ពី​សង្វៀន​ថោន ​ដើម្បី​ជួយ​ជីវភាព ​និង​បន្ត​ការ​ហ្វឹកហាត់​ឱ្យ​បាន​ល្អ​ឡើង​វិញ ​ព្រោះ​ការ​ប្រកួត​របស់​ខ្ញុំ​មួយ​រយៈ​នេះ ​គឺ​ធ្លាក់​ចុះ​ដោយ​បញ្ហា​កម្លាំង​ និង​ការ​ហ្វឹកហាត់​មិន​បាន​ល្អ​។ ​មូលហេតុ​ទាំង​នេះ​ គឺ​ដោយសារ​តែ​ជីវភាព​នៅ​លំបាក ​ខ្ញុំ​ត្រូវ​មើល​កូន​តូច​ជំនួស​ប្រពន្ធ​ ដែល​ធ្វើ​ការ​រោងចក្រ»​។​

កីឡាករ​រូប​នេះ បាន​​ប្រាប់​បន្ថែម​ថា​៖ «​ខ្ញុំ​នឹង​ខំ​ប្រឹង​ហ្វឹកហាត់​ឱ្យ​បាន​​រឹងមាំ ​និង​ល្អ​ឡើង​វិញ ​ដើម្បី​ឈាន​ទៅ​ដណ្តើម​យក​ខ្សែ​ក្រវាត់ ​ឬ​ពាន​ផ្សេងៗ​ ក្នុង​នោះ​សង្ឃឹម​ថា​ មេៗ​នឹង​ផ្តល់​ក្របខ័ណ្ឌ​ជា​មន្ត្រី​ដូច​បងៗ​មួយ​ចំនួន​ផង​ដែរ​ ហើយ​បើ​សិន​​ជា​ខ្ញុំ​ទទួល​បាន​​ជោគជ័យ​ខ្ញុំ​មាន​បំណង​បើក​ក្លិប​មួយ​បង្ហាត់​សិស្ស​ ព្រោះ​ខ្ញុំ​គ្មាន​មុខ​របរ​អ្វី​ទេ ​គឺ​សង្ឃឹម​លើ​អាជីព​ប្រដាល់​នេះ​ហើយ​ជា​មុខ​របរ​»​។​

កីឡាករ​វ័យ ​៣២ ​ឆ្នាំ ឆៃ សារ៉ា មាន​ស្រុក​កំណើត​ នៅ​ឃុំ​​សំបួរ ​ស្រុក​ភ្នំ​ព្រឹក​ ខេត្ត​បាត់​ដំបង ​ហើយ​រូប​គេ​បាន​​ចូល​ប្រឡូក​ក្នុង​វិស័យ​​ប្រដាល់​អស់​​រយៈ​ពេល​ជាង ​១០ ​ឆ្នាំ​ហើយ ប៉ុន្តែ​​គ្មាន​សល់​អ្វី​ក្រៅ​ពី​កូន​ចំនួន ​៤ ​នាក់​ ​ដែល​ជា​បន្ទុក​ធំ។ កត្តា​ទាំង​នេះ បាន​ធ្វើ​ឱ្យ ឆៃ សារ៉ា ក្លាយ​ជា​កីឡាករ​មាន​​ជីវភាព​ក្រ​ខ្សត់​ជាង​គេ​ក្នុង​កីឡា​ប្រដាល់​បច្ចុប្បន្ន​។​​

ឆៃ ​សារ៉ា ​បាន​ទម្លាយ​ពី​ភាព​​មន្ទិល​នៅ​​ក្នុង​ចិត្ត​ថា​៖ ​«​ខ្ញុំ​ប្រកួត​នៅ​ក្នុង​ក្លិប​ចាស់​ចំនួន​​ ៩​ ឆ្នាំ ​មាន​ស្នាដៃ​ច្រើន​ និង​បាន​​ឈ្នះ​ខ្សែ​ក្រវាត់​ ១ ​ទម្ងន់​ ៦៣,៥ គីឡូ​ក្រាម​ ​តែ​ខ្ញុំ​​មិន​ទទួល​បាន​ក្របខ័ណ្ឌ​ជា​មន្ត្រី​ដូច​សិស្ស​ច្បង​នានា​នោះ​ទេ អ៊ីចឹង​ហើយ​​ទើប​ខ្ញុំ​​សម្រេច​ចិត្ត​សុំ​មេ​ចាស់​ប្តូរ​មក​ក្លិប​ថ្មី ​ក្រែង​មាន​សំណាង​បាន​ដូច​គេ​។ ​ទោះ​ជា​យ៉ាង​ណា ​ខ្ញុំ​សូម​​អរគុណ​ដល់​​មេ​ចាស់ ​ដែល​អនុញ្ញាត ​និង​ជួយ​សម្រួល​ឱ្យ​ខ្ញុំ​​ប្តូរ​ក្លិប​បាន​សម្រេច»​៕​​