The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ឆៃ សារ៉ា ផ្តួល ខេមរា រីឯ វង្ស វិឆ័យ ឈ្នះ ជំនិត ឡើង​ជួបគ្នា​វគ្គ​ផ្តាច់ព្រ័ត្រ

ឆៃ សារ៉ា ផ្តួល ខេមរា រីឯ វង្ស វិឆ័យ ឈ្នះ ជំនិត ឡើង​ជួបគ្នា​វគ្គ​ផ្តាច់ព្រ័ត្រ

Content image - Phnom Penh Post
ឆៃ សារ៉ា បាន​ទាត់​ទៅ​លើ យ៉ាម ខេមរា មុន​ពេល​រូបគេ​បាន​ម៉ាត់​ឲ្យ​គូប្រកួត​នេះ​សន្លប់​នៅ​ទឹក​ទី​ ៤ កាលពី​ថ្ងៃ​អាទិត្យ​។ រូប ពន្លក

ឆៃ សារ៉ា ផ្តួល ខេមរា រីឯ វង្ស វិឆ័យ ឈ្នះ ជំនិត ឡើង​ជួបគ្នា​វគ្គ​ផ្តាច់ព្រ័ត្រ

ភ្នំពេញៈ កីឡាករ ឆៃ សារ៉ា របស់​សមាគម​កីឡាប្រដាល់​ក្រសួង​ការពារជាតិ និង​ វង្ស វិឆ័យ មកពី​ក្លិប​កងពលតូច​ឆត្រយោង​ ៩១១ នឹងត្រូវ​ឡើង​ទៅ​ជួប​គ្នា​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍​ប្រដាល់​គុន​ខ្មែរ Boostrong Gold Medal Fighter on Fire បន្ទាប់ពី​ពួកគេ​បាន​យក​ឈ្នះ​លើ​ជន​រួម​ជាតិ យ៉ាម ខេមរា និង នន់ ជំនិត ក្នុង​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ​។

សម្រាប់​ការប្រកួត​នៅ​លើ​សង្វៀន SEATV កាលពី​ថ្ងៃ​អាទិត្យ​នោះ ឆៃ សារ៉ា បាន​ផ្តួល យ៉ាម ខេមរា ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​ ៤ ដ៏​មិនគួរ​ឲ្យ​នឹកស្មាន​ដល់ ហើយ​ការប្រកួត​គូ​នេះ​មាន​លក្ខណៈ​ស្វិតស្វាញ និង​ជក់ចិត្ត​បំផុត​។ ការប្រកួត​ទឹក​ទី​ ១ ទឹក​ទី​ ៣ និង​ដើម​ទឹក​ទី​ ៤ ត្រូវ​បាន​គេ​មើលឃើញ​ថា យ៉ាម ខេមរា មាន​ប្រៀប​ទាំង​កណ្តាប់ដៃ និង​ជង្គង់ ចំណែក ឆៃ សារ៉ា វិញ​មាន​ប្រៀប​បន្តិចបន្តួច នៅ​ទឹក​ទី​ ២ ​ប៉ុណ្ណោះ​។

ទោះបី​ជា​យ៉ាងណា​នៅពេល យ៉ាម ខេមរា កំពុង​វាយ​សម្រុក​សន្ធាប់​ខ្លាំង ហើយ​ថែម​ទាំង​ធ្វើឲ្យ ឆៃ សារ៉ា ថមថយ​កម្លាំង​សឹងតែ​លំបាក​វាយបក ឬ​តដៃ​បាន​នោះ​គឺ​ភ្លាមៗ​នោះ​កីឡាករ​ចិត្តធំ ឆៃ សារ៉ា បាន​ព្យាយាម​វាយបក​វិញ​ដោយ​កណ្តាប់ដៃ ហើយ​កម្លាំង​ដៃ​មួយ​ទំហឹង​ដាល់​ចូល​គល់​ថ្គាម​របស់​គេ ធ្វើឲ្យ យ៉ាម ខេមរា ដួល​ទាំង​ជំហរ​សឹងតែ​ធ្លាក់​ពី​លើ​សង្វៀន​។ លោក​អាជ្ញា​កណ្តាល ឡុង វិបុល បាន​រាប់​ចំនួន​ ១០ តែ យ៉ាម ខេមរា បាន​ងើប​ដួលៗ​ក្នុង​សភាព​វង្វេងវង្វាន់​ទើប​ធ្វើឲ្យ​អាជ្ញាកណ្តាល​បញ្ឈប់​តែ​ម្តង ដែល​ជួយ​ឲ្យ ឆៃ សារ៉ា ឈ្នះ ទាំង​ពុំ​នឹក​ស្មាន​ដល់​។

Content image - Phnom Penh Post
នន់ ជំនិត បាន​ព្យាយាម​ម៉ាត់ ដើម្បី​ទប់​ការចូល​ចាប់​បុក​ជង្គង់​ពី​សំណាក់​កីឡាករ​ជើង​ខ្លាំង​វ័យក្មេង វង្ស វិឆ័យ​។ រូបថត យឺន ពន្លក

ឆៃ សារ៉ា បាន​និយាយ​ក្រោយ​ការប្រកួត​ថា​៖ «​វគ្គ​ផ្តាច់ព្រ័ត្រ​ពិតជា​លំបាក​ណាស់ ព្រោះ​ប៉ះ​ជាមួយ វង្ស វិឆ័យ ព្រោះ​កម្លាំង និង​កម្ពស់​គេ​ល្អ ហើយ​ក្តីបារម្ភ​របស់​ខ្ញុំ មិនមែន​ក្បាច់គុន ឬ​សមត្ថភាព​នោះ​ទេ​គឺ​កម្លាំង​ខ្ញុំ​ចាស់​ជាងគេ លំបាក​ទប់ទល់​ជាមួយ​កីឡាករ​វ័យ​ក្មេងៗ​ណាស់​។ ប៉ុន្តែ​វគ្គ​ផ្តាច់ព្រ័ត្រ ដែល​មាន​ប្រាក់​ច្រើន​នេះ ខ្ញុំ​នឹង​ហាត់​ឲ្យ​បាន​ល្អ ត្រៀម​ប្រកួត​យក​មេដាយ​ពី​ព្រឹត្តិការណ៍​នេះ​ឲ្យ​បាន​»​។

ដោយឡែក​ការប្រកួត​រវាង នន់ ជំនិត និង វង្ស វិឆ័យ វិញ ហាក់ដូច​ឆ្មា​ដេញចាប់​កណ្តុរ ព្រោះ​សមត្ថភាព​របស់ នន់ ជំនិត លំបាក​ទប់ទល់​ជាមួយ​កីឡាករ​វ័យក្មេង វង្ស វិឆ័យ ណាស់ គឺ​ចាញ់​ទាំង​កម្ពស់ កម្លាំង និង​បច្ចេកទេស​។

ទោះ​ជា​យ៉ាងណា នន់ ជំនិត ដែល​ជា​អ្នក​ប្រដាល់​ពូកែ​ស៊ូទ្រាំ និង​ធ្លាប់​មាន​បទពិសោធ​ប្រកួត​ចាស់វស្សា និង​ស៊ូ​បាន​ល្អ ប្រឆាំង​នឹង​ការវាយលុក​ពី​ដៃគូ​នោះ នៅ​តែ​ព្យាយាម​ប្រើ​ស្នៀត​ការពារ​ទប់ទល់​បាន​ល្អ ដែល​ធ្វើឲ្យ​ការប្រកួត​អូសបន្លាយ​រហូត​បាន​ចំនួន​ ៥ ​ទឹក​ពេញ ហើយ​បាន​ចាញ់​ វង្ស វិឆ័យ ដោយ​ពិន្ទុ​យ៉ាង​គ្រាំគ្រា​។

ក្រោយ​ពេល​ប្រកួត​ឈ្នះ វង្ស វិឆ័យ បាន​និយាយ​ថា​៖ «​ខ្ញុំ​មាន​ឱកាស​ប្រើ​ក្បាច់​ជង្គង់​បាន​ល្អ​សម្រាប់​ ២ ​ទឹក​ដំបូង ហើយ​ខ្ញុំ​នឹក​គិត​ថា រៀមច្បង នន់ ជំនិត មិន​អាច​គេច​ពី​សន្លប់​ក្រោម​ជង្គង់​របស់​ខ្ញុំ​បានទេ ប៉ុន្តែ​ចូល​ដល់​ការប្រកួត​ជា​បន្តបន្ទាប់ គាត់​ជា​កីឡាករ​ជើងចាស់​ដែល​មាន​ស្នៀត​ការពារ​បាន​ល្អ​គឺ​ខ្ញុំ​មិន​អាច​ផ្តួល​គាត់​ឲ្យ​សន្លប់​បានទេ​។ ចំណែក​ការឡើង​ទៅ​ជួប ឆៃ សារ៉ា ខ្ញុំ​នឹង​យក​ឈ្នះ​ឲ្យ​បាន ប៉ុន្តែ​ជំនួប​នេះ​មិន​ងាយស្រួល​នោះ​ទេ​គឺជា​ឧបសគ្គ​ធំ​ណាស់​»៕

អត្ថបទគួរចាប់អារម្មណ៍