ភ្នំពេញ៖ អ្នក​ប្រដាល់​ជើង​ចាស់ មុត ខ្លឹមខ្មៅ របស់​ក្លិប​មកុដ​រាជសីហ៍ និង ឆៃ សារ៉ា ព្រម​ទាំង​កីឡាករ​ជើង​ថ្មី កែវ សំរិទ្ធ និង រិទ្ធ ប៊ុនម៉ៅ ត្រូវ​បាន​ដាក់​ឱ្យ​ប្រកួត​ម៉ារ៉ាតុង​ដណ្តើម​ប្រាក់​លាន ទម្ងន់ ៦៧ គីឡូក្រាម នៅ​លើ​សង្វៀន​ថោន​ថ្ងៃ​អាទិត្យ​នេះ ហើយ​ការ​ប្រកួត​លើក​នេះ អ្នក​ទស្សនា​ភាគ​ច្រើន​ចាប់​អារម្មណ៍​ខ្លាំង​ទៅ​លើ​វត្តមាន​របស់ មុត ខ្លឹមខ្មៅ និង ឆៃ សារ៉ា ដែល​ធ្លាប់​ជួបគ្នា ៥ លើក​កន្លង​មក ហើយ​សប្តាហ៍​នេះ អ្នក​ទាំង ២ អាច​នឹង​ប៉ះគ្នា ដើម្បី​ដណ្តើម​ប្រាក់​រង្វាន់​ធំ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ប្រសិន​បើ​វគ្គ​ជម្រុះ​បានឈ្នះ​ដៃគូ​រៀងៗ​ខ្លួន​នោះ។

តាម​ប្រវត្តិ​ប្រកួត​របស់ មុត ខ្លឹមខ្មៅ និង ឆៃ សារ៉ា សុទ្ធ​តែ​ធ្លាប់​ឆ្លង​កាត់​ការ​ប្រកួត​លក្ខណៈ​អន្តរជាតិ​ជា​ច្រើន​លើក និង​ធ្លាប់​ឈ្នះ​បាន​ខ្សែ​ក្រវាត់ ២ ស្ថាប័ន មក​គ្រប់គ្រង​ដូចៗ​គ្នា។ ចំណែក​អ្នក​ប្រដាល់ កែវ សំរិទ្ធ និង រិទ្ធ ប៊ុនម៉ៅ ជា​កីឡាករ​ខ្លាំង​លំដាប់​ជំនាន់​ក្រោយ មិន​ទាន់​មាន​ឈ្មោះ​ល្បី ឬ​ធ្លាប់​ឈ្នះ​ខ្សែ​ក្រវាត់​នៅ​ឡើយ ហើយ​ពួក​គេ​មាន​បទពិសោធ​ប្រកួត​តិច​ជាង មុត ខ្លឹមខ្មៅ និង សារ៉ា ចន្លោះ​ពី ៥០ ទៅ​ជាង ៦០ ដង​ឯណោះ។

បើ​ទោះបី​ជា​ការ​ប្រកួត​នេះ តម្រូវ​ឱ្យ​បេក្ខភាព​ទាំង ៤ នាក់ ធ្វើ​ការ​ចាប់​ឆ្នោត​មុន​ការ​ប្រកួត​ជម្រុះ ប៉ុន្តែ មុត ខ្លឹម​ខ្មៅ ពិត​ជា​ចង់​ជួប​ដៃគូ​ចាស់ ឆៃ សារ៉ា ដើម្បី​ជម្រះ​បញ្ជី​ចាស់។ ខ្លឹមខ្មៅ បាន​ប្រាប់​ថា៖ «ខ្ញុំ​ធ្លាប់​ចូល​ប្រកួត​ដណ្តើម​ប្រាក់​លាន​នេះ ចំនួន ២ លើក​មក​ហើយ ប៉ុន្តែ​មិន​ទាន់​ឈ្នះ​បាន​ប្រាក់​លាន​នៅ​ឡើយ​ទេ ហើយ​សម្រាប់​លើក​ទី៣ នេះ គឺ​បើ​បាន​ជួប ឆៃ សារ៉ា ពិត​ជា​សប្បាយ​ចិត្ត ហើយ​រំពឹង​ថា នឹង​ឈ្នះ ខណៈ​ការ​ជួបគ្នា​ចំនួន ៥ លើក​កន្លង​មក ខ្ញុំ​ឈ្នះ ៣ និង​ចាញ់ ២ ដង»។

កីឡាករ​ប្រើ​កម្លាំង ដើម្បី​រក​លុយ​ផ្គត់ផ្គង់​គ្រួសារ មុត ខ្លឹមខ្មៅ បាន​បន្ថែម​ថា៖ «ខ្ញុំ​ហ្វឹកហាត់​ត្រៀម​បាន​ល្អ និង​ជឿជាក់​ថា បើ​ជួប ឆៃ សារ៉ា នឹង​យក​ឈ្នះ​បាន ៨០ ភាគរយ ហើយ​បើ​ចាប់​ឆ្នោត​ប៉ះ កែវ សំរិទ្ធ ឬក៏ រិទ្ធ ប៊ុនម៉ៅ ក្តី ខ្ញុំ​ធានា​ឈ្នះ​បាន ដោយ​មិន​ព្រួយ​បារម្ភ​នោះ​ឡើយ»។

មុត ខ្លឹមខ្មៅ បាន​បញ្ជាក់​ថា៖ «នៅ​សង្វៀន​ថោន​នេះ ខ្ញុំ​ធ្លាប់​ចាញ់​កីឡាករ គឹម វាសនា ទាំង​មិន​អស់​ចិត្ត ប៉ុន្តែ​សម្រាប់ ឆៃ សារ៉ា វិញ ខ្ញុំ​គិត​ថា ស្រួល​វ៉ៃ​ជាង គឹម វាសនា»។

ចំណែក ឆៃ សារ៉ា ដែល​ជា​កីឡាករ​ចិត្ត​ធំ ល្អ​កែង​រូស ចូល​វាយ​សម្រុក​ខ្លាំង និង​មិន​ចេះ​ដក​ថយ​នោះ ហាក់​មិន​សូវ​ហ៊ាន​ក្អេងក្អាង​ជាមួយ មុត ខ្លឹមខ្មៅ នោះទេ។ សារ៉ា បាន​និយាយ​ថា៖ «ខ្ញុំ​ប្រកួត​ជាមួយ ខ្លឹមខ្មៅ ពិត​ជា​លំបាក ព្រោះ​គាត់​ល្អ​ចាប់​ឡើង​ជង្គង់ និង​ទាត់​បាន​ល្អ​ទៀត ​ហេតុនេះ​វ៉ៃ​កៀក​ពិត​ជា​ចាញ់​ប្រៀប​គាត់ ប៉ុន្តែ​ខ្ញុំ​ធ្លាប់​ប្រកួត​មាន​ប្រៀប​លើ​គាត់ គឺ​វ៉ៃ​ឆ្ងាយ និង​ប្រើ​កែង​ឱ្យ​បាន​ច្រើន»។

សិស្សគណ​ក្លិប​នាគរាជ​ចតុមុខ ឆៃ សារ៉ា បាន​ប្រាប់​បន្ថែម​ថា៖ «ទោះជា​យ៉ាងណា ជំនួប​នេះ​ក៏​ដូចជា​ការ​ប្រកួត​សងសឹក​ទៅ​លើ មុត ខ្លឹមខ្មៅ ដោយ​ខ្ញុំ​រំពឹង​ឈ្នះ​តែ ៥០ ភាគរយ​ប៉ុណ្ណោះ ​ប៉ុន្តែ​បើ​ប៉ះ​ក្រៅ​ពី មុត ខ្លឹមខ្មៅ គឺ​មាន​ដូចជា​កីឡាករ កែវ សំរិទ្ធ ឬក៏ រិទ្ធ ប៊ុនម៉ៅ ខ្ញុំ​មិន​ព្រួយបារម្ភ​ពី​ការ​ចាញ់​នោះទេ»។

ជាមួយ​គ្នា​នេះ កីឡាករ កែវ សំរិទ្ធ និង រិទ្ធ ប៊ុនម៉ៅ ទោះបីជា​អ្នក​ខ្លាំង​ជំនាន់​ក្រោយ ប៉ុន្តែ​មិន​អាច​មើល​រំលង​សមត្ថភាព​របស់​ពួក​គេ​បាន​នោះ​ទេ ប៉ុន្តែ​ទាក់ទង​នឹង​ការ​ប្រកួត​នេះ ទាំង សំរិទ្ធ និង ប៊ុនម៉ៅ ​ហាក់​ដូច​មិន​ហ៊ាន​និយាយ​ពី​ការ​រំពឹង​ឈ្នះ​ច្រើន​ទេ ព្រោះ ឆៃ សារ៉ា និង មុត ខ្លឹមខ្មៅ ជា​កំពូល​កីឡាករ​លំដាប់​ចាស់​វស្សា មាន​បទពិសោធ​ប្រកួត​យូរ​ឆ្នាំ​មក​ហើយ។ រិទ្ធ ប៊ុនម៉ៅ បាន​និយាយ​ថា ចាំ​មើល​ការ​ប្រកួត​សិន តែ​ធានា​វ៉ៃ​អស់​ពី​សមត្ថភាព​ចំណែក​រឿង​ឈ្នះ ប៉ុន្មាន​ភាគរយ​មិន​ហ៊ាន​និយាយ​ទេ៕