ភ្នំពេញៈ ការប្រកួតរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិភ្នំពេញលើកទី៩ ឆ្នាំ ២០១៩ ដែលត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃអាទិត្យបានបញ្ចប់ដោយជោគជ័យដោយមានអ្នកចូលរួមយ៉ាងច្រើន ប៉ុន្តែសម្រាប់តំណែងជើងឯកលើវិញ្ញាសាពាក់កណ្តាលម៉ារ៉ាតុងចម្ងាយ ២១ គីឡូម៉ែត្រ គឺអត្តពលិកមកពីប្រទេសជប៉ុនបានក្រសោបយកតំណែងជើងឯកទាំងផ្នែកបុរស និងនារីតែម្តង រីឯអត្តពលិកកម្ពុជាបានទទួលតំណែងជើងឯកក្នុងការរត់ចម្ងាយ ១០ គីឡូម៉ែត្រប៉ុណ្ណោះ។
សម្រាប់ការប្រកួតដែលបានចេញដំណើរនៅពីខាងមុខព្រះបរមរាជវាំងដោយឆ្លងកាត់ស្ពានជ្រោយចង្វារឆ្ពោះទៅត្រើយម្ខាងព័ន្ធជុំវិញសណ្ឋាគារសុខា រួចវិលត្រឡប់មកបញ្ចប់ទីនៅមុខព្រះបរាជវាំងវិញនោះមានអ្នកចូលរួមរហូតដល់ ៧ ០០០ នាក់ មកពី ៣៨ ប្រទេសគឺលើសកាលពីឆ្នាំមុនចំនួន ២០ ភាគរយ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាអ្នកគ្រប់គ្រងការប្រកួតនេះបានថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «ការប្រកួតនៅឆ្នាំនេះ យើងទទួលបានជោគជ័យល្អ ព្រោះគ្មានបញ្ហាអ្វីកើតឡើង ហើយចំនួនអ្នកចូលរួមមានច្រើនកុះករជាងមុន ធ្វើឲ្យយើងខ្វះមេដាយមួយចំនួនក្នុងការចែកជូនដល់ពួកគាត់ទុកជាអនុស្សាវរីយ៍ ដោយសារអ្នកទាំងនោះបានមកចូលរួមក្រោយការចុះឈ្មោះធ្វើឲ្យយើងផលិតមេដាយមិនទាន់ ប៉ុន្តែជាទូទៅយើងទទួលបានលទ្ធផលល្អជាងឆ្នាំមុនៗ»។
តាមរយៈការប្រកួតប្រជែងដែលពោរពេញដោយការសប្បាយរីករាយ និងស្នាមញញឹមនោះកីឡាករជប៉ុនអាយុ ៣២ ឆ្នាំ Makino Saeki បានបង្ហាញការរត់យ៉ាងអត់ធ្មត់ ដើម្បីសម្រេចបាននៅថិរវេលាត្រឹម ១:១០:២៧ ម៉ោង ដើម្បីក្លាយជាម្ចាស់ជើងឯកលើការរត់ចម្ងាយ ២១ គីឡូម៉ែត្រ គឺដាច់ឆ្ងាយពីកីឡាករជប៉ុនសញ្ជាតិកម្ពុជាអាយុ ៤០ ឆ្នាំ Takizaki Kuniaki ដែលប្រើពេលដល់ ១:១៦:២៦ ម៉ោង ដើម្បីបានលេខ ២ ហើយលេខ ៣ បានទៅកីឡាករវ័យ ៣០ ឆ្នាំរបស់ជប៉ុន Yamaucai Daisuke ដែលប្រើពេល ១:១៩:០៣ ម៉ោង។
ចំណែកការរត់ចម្ងាយ ៤២ គីឡូម៉ែត្រផ្នែកនារី កីឡាការិនីវ័យ ៣៦ ឆ្នាំ របស់ជប៉ុន Sasaki Natsuko បានក្លាយជាម្ចាស់ជើងឯកដោយប្រើពេល ១:៤១:៤៧ ម៉ោង ហើយលេខ ២ បានទៅលើកីឡាការិនីវ័យ ៣៤ ឆ្នាំ របស់អង់គ្លេស Giallombardo Harriet ដោយប្រើថិរវេលា ១:៥១:២៥ ម៉ោង ខណៈកីឡាការិនីវ័យ ២៨ ឆ្នាំរបស់ហ្វីលីពីន Buhawe Kristine ចំណាយពេល ២:០០:៣១ ម៉ោង ដើម្បីទទួលបានចំណាត់ថ្នាក់លេខ ៣។
ដោយឡែកសម្រាប់ការរត់ចម្ងាយ ១០ គីឡូម៉ែត្រ ផ្នែកបុរស កីឡាករ វ៉ាន់ ភារ៉ា, ឈុត ប៊ុនថន និង ជា សម្ភស បានរត់ប្រណាំងគ្នាដ៏គួរចាប់អារម្មណ៍ ដើម្បីដណ្តើមបានជយលាភីទាំង ៣ ចំណាត់ថ្នាក់ជូនកម្ពុជាគឺ ភារ៉ា បានលេខ ១ ជាមួយថិរវេលា ៣៧:២៥ នាទី ឯ ប៊ុនថន បានលេខ ២ ដោយប្រើពេល ៣៩:១៩ នាទី និង សម្ភស បានលេខ ៣ ដោយចំណាយពេល ៣៩:៣៩ នាទី។
ចំណែកកីឡាការិនី ហេង ម៉ីជូ របស់កម្ពុជាបានចំណាយពេលជាង ៤៥ នាទី ដើម្បីទទួលបានលេខ ១ លើការរត់ចម្ងាយ ១០ គីឡូម៉ែត្រ ផ្នែកនារីដោយបាននាំមុខកីឡាការិនីជាប់លេខ ២ Walker Brittany របស់នូវែលសេឡង់ និងឈ្នះកីឡាការិនីរបស់ជប៉ុន Fukuoka Fumie ដែលបានលេខ ៣។ រីឯការរត់បែបកម្សាន្តចម្ងាយ ៣ គីឡូម៉ែត្រ គឺអត្តពលិកកម្ពុជាបានទទួលជយលាភីទាំងផ្នែកបុរស និងនារី ហើយពិធីបើក និងបិទបំពាក់មេដាយត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC ព្រមទាំងមន្ត្រីកីឡា ភាគីពាក់ព័ន្ធជាដៃគូសហការ និងតំណាងម្ចាស់ឧបត្ថម្ភជាច្រើននាក់ទៀត៕