ក្រុង​តូក្យូ: អភិបាល​ក្រុង​តូក្យូ អ្នក​ស្រី Yuriko Koike បាន​មាន​ប្រសាសន៍នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ​ថា វាប្រហែល​ជា​ចាំ​បាច់​ឲ្យ​មានដំណាក់​កាលមួយ​​​ ដែលនឹង​​ផ្ដល់​ភាពងាយ​ស្រួល​សម្រាប់​​ការប្រកួត​ប្រជែង ក្នុង​​ព្រឹត្តិការណ៍​អូឡាំពិក​ឆ្នាំ​ក្រោយ ដោយសារ​ផល​វិបាក​នៃ​ការ​រាត​ត្បាត​ពី​ជំងឺ​កូវីដ ​១៩ ហើយ​ថា​ ក្រុម​អ្ន​ក​រៀប​ចំ បាន​ពិភាក្សា​រួច​ហើយ​ពី​ការ​កែ​ប្រែ​ដែល​អាច​នឹង​មាន​។ ​​​

ការ​លើក​ឡើង​របស់​អ្នកស្រី Koike កើត​មាន​ក្រោយ​កាសែត​នៅ​ជប៉ុន Yomiuri បាន​ធ្វើ​ការ​ចុះ​ផ្សាយ​ថា ជម្រើ​ស​នានា ដូច​ជា​ការ​តម្រូវ​ឲ្យ​​​ធ្វើ​តេស្ត​រក​វីរុ​សកូរ៉ូណា ​នឹង​ការអនុញ្ញាតិ​ឲ្យ​មាន​ទស្សនិក​ជន​តិចតួចជា​ដើម កំពុង​ត្រូវបាន​យក​មក​ពិភាក្សា​ដោយ​គណៈកម្មការ​រៀប​ចំ។​

ប្រធាន​ក្រុម​ត្រួត​ពិនិត្យរបស់​គណៈ​កម្មាធិការ​អូឡាំពិក​អន្តរជាតិ​(IOC) សម្រាប់​ព្រឹត្តិការណ៍ ដែល​នឹង​កើត​ឡើង​នៅ​ក្រុង​តូ​ក្យូ លោក John Coates បានថ្លែង​ថា កង្វះ​ខាត​ការ​ការ​ពារ​ទល់​នឹង​វីរុស​កូរ៉ូណា​ថ្មី បាន​​គំរាម​កំហែងដល់​កម្មវិធី​ប្រកួត​ប្រជែង និង​ក្រុម​អ្នក​រៀប​ចំ ដែល​ត្រូវ​តែ​ចាប់​ផ្ដើម​មាន​ផែន​ការ​សម្រាប់​អ្វី​ ដែល​អាច​មាន​ការ​ប្រកួត​កីឡា​អូឡាំពិក​មួយប្លែក​យ៉ាង​ពិត​ប្រាកដ ប្រសិន​បើ​គ្មាន​សញ្ញា​នៃ​ការ​រលាយ​បាត់​របស់​ជំងឺ​កូវីដ​ ១៩​ ទេ​។

កាសែត​ Yomiuri ដែល​បាន​ស្រង់​សម្ដី​ពី​ប្រភពរបស់​រដ្ឋាភិបាល និង​ក្រុម​អ្នករៀប​ចំ បាន​ឲ្យ​ដឹង​ថា ការ​ធ្វើ​តេស្ដតាម​បច្ចេក​ទេស​កំណត់​លំដាប់ DNA (PCR) ដែល​ចាំបាច់​ត្រូវ​មាន​ចំពោះ​ទស្សនិក​ជន បន្ថែម​ពីលើ​អត្តពលិក និង​បុគ្គលិក​ទាំងអស់ ហើយ​ការ​កម្រិត​ការ​ចេញ​ចូល ក្នុង​ភូមិអត្តពលិក គឺ​ស្ថិត​ក្នុង​ចំណោម​ជម្រើស ដែល​ប្រទេស​ជប៉ុន​ នឹង​លើក​យក​មក​ពិភាក្សា​ជាមួយ IOC​។ សម្រាប់​បញ្ហា​នេះ អ្នកស្រី​អភិបាល​ក្រុង​ មិន​បាន​ធ្វើការ​លម្អិត​នៅឡើយ​ទេ គ្រាន់​តែ​បា្រប់​ថា​ ការ​ពិភាក្សា​ គឺ​ជារឿង​ចាំ​បាច់​មិន​អាច​ខ្វះ​បាន​។

អ្នកស្រី​ Koike បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា​៖ «​ការ​រៀប​ចំ​ការ​ប្រកួត​ប្រជែង​​កីឡា​អូឡាំពិក និង​ប៉ារ៉ាឡាំពិក តម្រូវ​ឲ្យ​មាន​ការ​យល់​ចិត្តយល់​ថ្លើម​ពី​អ្នក​ក្រុង​តូ​ក្យូ និង​ប្រជាជន​ជប៉ុន​ទាំង​អស់​។ សម្រាប់​បញ្ហា​​នោះ​ យើង​ត្រូវ​ការ​ផ្ដល់​ហេតុ​សមរម្យនូវ​អ្វី ដែលត្រូវ​ការ​ឲ្យ​មាន​ភាព​សមរម្យ និងត្រូវ​ការ​ពន្យល់​ងាយ​ៗ​នូវ​អ្វី ដែល​ត្រូវ​ការ​ឲ្យ​មាន​ភាព​ងាយ​ស្រួល​»​។​

IOC និង​រដ្ឋា​ភិបាល​ជប៉ុនកាល​ពី​ខែ​មីនា​ បាន​ធ្វើ​ការ​សម្រេច​ដែល​មិន​ធ្លាប់មាន​ពី​មុនក្នុងការ​ពន្យារ​ពេល​ការ​ប្រកួត​ប្រជែង​ព្រឹត្តិការណ៍​កីឡាដ៏​ធំ ដែល​គ្រោង​នឹង​ចាប់​ផ្ដើម​ក្នុង​ខែ​កក្កដា ឆ្នាំ​នេះ​ រយៈ​ពេល​ ១​ ឆ្នាំ​ ដោយសារតែ​ការ​ផ្ទុះ​ឡើង​នូវ​វីរុស​កូរ៉ូណា​៕ AFP/VN ​​