The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ជម្រើស​កីឡាករ​ល្អ​ក្នុង​លីក​កម្ពុជា នឹង​​លេង​ជាមួយ​​ក្លិប​លីក​កំពូល​ថៃ​មួយ ដើម្បី​គន្ធបុប្ផា

ជម្រើស​កីឡាករ​ល្អ​ក្នុង​លីក​កម្ពុជា នឹង​​លេង​ជាមួយ​​ក្លិប​លីក​កំពូល​ថៃ​មួយ ដើម្បី​គន្ធបុប្ផា

Content image - Phnom Penh Post

ជម្រើស​កីឡាករ​ល្អ​ក្នុង​លីក​កម្ពុជា នឹង​​លេង​ជាមួយ​​ក្លិប​លីក​កំពូល​ថៃ​មួយ ដើម្បី​គន្ធបុប្ផា

បាងកក៖ ក្រុម​កីឡាករ​ឆ្នើម របស់​កម្ពុជា ដែល​ជ្រើស​ចេញ​ពី​ក្លិប​នានា​​ក្នុង​លីក​កំពូល​កម្ពុជា Metfone Cambodia League ឬ MCL Cambodian All Stars នឹង​ត្រូវ​បើក​ទ្វា​រ​ពហុកីឡដ្ឋាន​ជាតិ ទទួល​ស្វាគមន៍ ​ក្លិប​ក្នុង​លីក​កំពូល​ថៃ SCG MUANGTHONG UNITED នា​ថ្ងៃ​ទី ១៦ មករា ឆ្នាំ​ ២០១៦ ខាង​មុខ​នេះ។

នេះ​គឺជា ដំណើរ​ប្រកួត​លើក​ទីមួយ​របស់​ក្លិប ដែល​មាន​ចំណាត់​ថ្នាក់​លេខ​ ២ នៃ ​​លីក Thai Premier League ​រដូវកាល ២០១៥ ខណៈ ចំណូល​ពីការ​​សំបុត្រ ក្នុង​ការ​ប្រកួត​មិត្ត​ភាព​ជា​ប្រវត្តិសាស្ត្រ ជាមួយ​ក្រុម​​កីឡាករ​កម្ពុជា​នេះ នឹង​ត្រូវ​បរិច្ចាគ​ជូន​មន្ទីរពេទ្យ គន្ធបុប្ផា​ ទាំង​អស់។

ថ្លែង​ក្នុង​សន្និសីទ​កាសែត SCG MUANGTHONG UNITED ASEAN Tour 2016 នៅ​កីឡដ្ឋាន ស្ថិត​នៅ​ទីក្រុង បាងកក​​កាល​ពី​ល្ងាច​​ថ្ងៃ​អាទិត្យ លោក​ Ronnarit Seuwaja នាយក​គ្រប់គ្រង​​ក្លិប​ SCG Muangthong United បាន​និយាយ​ថា​ «នេះ​គឺជា​លើក​ទីមួយ​ហើយ ដែល​ក្រុម​របស់​យើង​ធ្វើ​ដំណើរ​ប្រកួត​មិត្តភាព​អន្តរជាតិ​នៅ​ក្នុង​តំបន់ ដើម្បី​ជំរុញ​មិត្តភាព​រវាង​ប្រទេស​ជិត​ខាង និង​ក្នុង​តំបន់​អាស៊ាន​»។

លោក​បន្ត​ថា ការប្រកួត​នេះ ក៏​នឹង​ផ្ដល់​ឱកាស​សម្រាប់​ក្រុម​លោក​លេង​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ជាមួយ​កីឡាករ​ឆ្នើមៗ​របស់​ កម្ពុជា​ និង​វៀតណាម និង​ជា​ឳកាស​សម្រាប់​ក្រុម​លោក​ ពង្រឹង​សមត្ថភាព​បន្ថែម ត្រៀម​ខ្លួន​មុន​បើក​​រដូវកាល​ថ្មី និង ការ​ចូល​ប្រកួត​ក្នុង​ក្រប​ខណ្ឌ AFC ផងដែរ។

លោក រិទ្ធី សំណាង តំណាងក្រុម Cambodian All Stars និង​ជា​ម្ចាស់​ក្លិប​ភ្នំពេញ ក្រោន ដែល​ទើប​លើក​ពាន Metfone Cambodia League រដូវកាល ២០១៥ នេះ បាន​ថ្លែង​ក្នុង​សន្និសីទ​ដែរ​ថា ការ​ប្រកួត​នេះ​ពិត​ជា​សំខាន់​ណាស់​សម្រាប់​វិស័យ​បាល់ទាត់​កម្ពុជា ​ដែល​នឹង​ជំរុញ​ឲ្យ​វិស័យ​នេះ​ ​កាន់​តែ​រីក​ចម្រើន។

លោកថ្លែងថា «ការ​ប្រកួត​នេះ​មិន​ត្រឹមតែ បាល់ទាត់​ម្យ៉ាង​ទេ​ ប៉ុន្តែ​ក៏​បង្កើន​នូវ​ការ​ទំនាក់​ទំនាក់​ ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ វប្បធម៌​ និង​ជា​ពិសេស ​គឺ​​សកម្មភាព​សប្បុរស​ធម៌​មួយ​ជួយ​ដល់​មន្ទីរពេទ្យ​ គន្ធបុប្ផា។​ ខ្ញុំ​សង្ឃឹម​ថា​ សកម្មភាព​ប្រកួត​បែប​នេះ​នឹង​កើត​មាន​ជា​រៀងរាល់​ឆ្នាំ»។

ដោយ​លើក​ឡើង ពី​បាល់ទាត់​កម្ពុជា​កំពុង​រីក​ចម្រើន​ រួមជាមួយ​អ្នក​គាំទ្រ​កាន់​តែ​ច្រើន ម្ចាស់​ក្លិប​ជើងឯក​លីក​កំពូល​កម្ពុជា រូបនេះ រំពឹងថា កម្រិត​នៃ​វិស័យ​បាល់ទាត់​កម្ពុជា នា​រយៈពេល ៥-៦ ឆ្នាំ​ទៀត​នឹង​មាន​កម្រិត​ស្មើ ដូច​វិស័យ​បាល់ទាត់​របស់​ប្រទេស​ថៃ ដែល​ទើប​រីក​ចម្រើន​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

SCG MUANGTHONG UNITED ក៏​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស វៀតណាម ដើម្បី​ធ្វើ​ការ​ប្រកួត​មិត្ត​ភាព​ជាមួយ ម្ចាស់​ជើង​ឯក​លីក​កំពូល​វៀតណាម Becamex Binh Doung ផង​ដែរ​នា​ថ្ងៃ​ទី ២៣ មករា ឆ្នាំ ២០១៦ ដែល​​ជា​ផ្នែក​មួយ​នៃ SCG MUANGTHONG UNITED ASEAN Tour 2016 ។

លោក Yuttana Jiamtragan អនុ​ប្រធាន​ក្រុម​ហ៊ុន​ SCG ដែល​ជា​អ្នក​ឧបត្ថម្ភ​ធំ​ដល់​ក្លិប SCG MUANGTHONG UNITED នេះ បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា SCG ​កំពុង​ពង្រឹង​ការ​ប្តេជ្ញា​ចិត្ត​សម្រាប់​អាជីវកម្ម​ ឈាន​មុខ​នៅ​តំបន់​អាស៊ាន។ «ខ្ញុំ​ជឿ​ថា​ ​ព្រឹត្តិការណ៍​នេះ​នឹង​ពង្រឹង​ទំនាក់ទំនង​​ជា​មួយ​ប្រជា​ជន​អាស៊ាន ក៏​ដូច​ជា​បង្កើន​អ្នក​គាំទ្រ​ទៅ​កាន់​ក្រៅ​ប្រទេស ហើយ​ការ​ប្រកួត​នេះ ​ក៏​ជា​កាដូ​ស្វាគមន៍​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ ឬ​ AEC នា​ដើម​ឆ្នាំ​នេះ​ផង​ដែរ»។

លោក​សង្ឃឹម​ថា ​ការ​ប្រកួត នឹង មាន​អ្នក​ចូល​រួម​ទស្សនា​ច្រើន ដើម្បី​ភាព​រីក​ចម្រើន នៃ​វិស័យ​បាល់​ទាត់​ក្នុង​តំបន់។

ការត្រៀមរបស់កីឡាករ

Content image - Phnom Penh Post
(ឆ្វេងទៅស្តាំ) តំណាងកីឡាករ និង​គ្រូ​បង្វឹក​ក្លិប SCG Muongthong United និង​កីឡាករ Chantha Theary Bin ប្រធាន​ក្រុម Cambodian All stars ថ្លែង​ក្នុង​សន្និសីទ​កាសែត​ជាមួយ​គ្នា។

ខណៈ​ លោក ប្រាក់ សុវណ្ណារ៉ា ត្រូវ​បាន​ជ្រើស​រើស​ជា​អ្នក​ដឹក​នាំ​ក្រុម Cambodian All Stars កីឡាករ Chantha Theary Bin ដែល​ជា​ប្រធាន​ក្រុម​នេះ បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ជាមួយ​ក្លិប SCG MUANGTHONG UNITED ថា ការ​ប្រកួត​នេះ វា​មិន​មែន​ត្រឹម​ជា​ការ​ប្រកួត​បាល់ទាត់​ទេ ប៉ុន្តែ​ជា​ការ​សិក្សា​ពី​គ្នា​ទៅ​វិញ​ទៅ​មក និង​ការ​ពង្រឹង​មិត្តភាព។

កីឡាករ​មក​ពី​ក្លិប​ភ្នំពេញ ក្រោ​ន​នេះ ថ្លែង​ថា «វា​គឺជា​បទ​ពិសោធន៍​មួយ​ល្អ។ យើង​សប្បាយ​ចិត្ត ពីព្រោះ យើង​អាច​រៀន​បាន​ច្រើន​ទៀត​ពីកី​ឡាករ នៃ​ក្លិប SCG MUANGTHONG UNITED នេះ»។

ដោយ​ឡែក ក្នុង​បទ​សម្ភាស​មួយ​ដាច់​ដោយ​ឡែក​ជាមួយ​អ្នក​សារព័ត៌មាន​កម្ពុជា ដែល​ត្រូវ​បាន​អញ្ជើញ​ទៅ​ទស្សនា ការ​ប្រកួត​បាល់ទាត់​របស់ SCG MUANGTHONG UNITED នាយប់​ថ្ងៃ​អាទិត្យ​នោះ ខ្សែ​ប្រយុទ្ធ​ឆ្នើម​របស់​ក្លិប SCG MUANGTHONG UNITED គឺកីឡាករ Teerasil Dangda ថា កម្រិត​បាល់​ទាត់​កម្ពុជា មាន​ការ​រីក​ចម្រើន​គួរ​ឲ្យ​សម្គាល់។ «វា​ភាព​រីក​រាយ​មួយ ដែល​យើង​បាន​ទៅ​លេង​នៅ​កម្ពុជា ជាមួយ​កីឡាករ​កម្ពុជា​ឆ្នើមៗ»។

ខ្សែ​ប្រយុទ្ធជួរមុខ​ ​ជម្រើស​ជាតិ​​ថៃ ​រូប​នេះ ដែល​​ធ្លាប់​​ចុះកុងត្រាលេង​នៅ​ក្លិប​អេស្បាញ Almeria បន្ត​ថា «ក្រុម​យើង​នឹង​ប្រឹង​លេង​ឲ្យ​លទ្ធភាព ទោះ​ជា​ការ​ប្រកួត​មិត្តភាព​ក៏​ដោយ»៕

អត្ថបទគួរចាប់អារម្មណ៍