ភ្នំពេញ៖ សហព័ន្ធ​កីឡា​ប្រដាល់​គុនខ្មែរ ​បាន​ផ្តល់​ទំនុក​ចិត្ត​ទៅ​លើ​លោក ហេង ​ប៊ុនឃីម​ ​តាមរយៈ​ការ​ជ្រើសរើស​គ្រូ​បង្វឹក​មក​ពី​ខេត្ត​បន្ទាយមានជ័យ​រូប​នេះ​ឱ្យ​ធ្វើ​គ្រូ​ធំ​ ​ព្រម​ទាំង​បាន​ជ្រើស​រើស​អតីត​ជើង​ខ្លាំង​មាន​ឈ្មោះ​បោះ​សំឡេង​​ ​ឡៅ​ ស៊ីណាត​, ឃុន ឌីម៉ា (ឃីម​ ឌីម៉ា) សេន ​ប៊ុនថេន ​និង​លោក ទេព ​ស៊ីវុត្ថា ឱ្យ​ធ្វើ​ជា​ក្រុម​ជំនួយ​សម្រាប់​បង្វឹក​ក្រុម​ជម្រើសជាតិ​គុន​ខ្មែរ ឆ្នាំ ​២០២១ ដែល​បាន​​ផ្តល់​ជូន​ដល់​​​កីឡាករ​បាន​​ឈ្នះ​ជើងឯក​ថ្នាក់​ជាតិ ​​ឆ្នាំ ​២០២០ សឹង ​៩០ ភាគរយ និង​​បន្ថែម​ក្រុម​មក​ពី​ថ្នាល​ចំនួន ​៥ ​នាក់​ទៀត​។

ជុំវិញ​ការ​ជ្រើសរើស​គ្រូ​បង្គោល និង​គ្រូ​ជំនួយ​នេះ លោក​ តែម ​ម៉ឺន ​ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​បាន​​ប្រាប់ ភ្នំពេញ ​ប៉ុស្តិ៍​ថា៖​ «គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កីឡា​ប្រដាល់​គុន​ខ្មែរ​ទាំង ​៥ នាក់​នេះ ​ត្រូវ​បាន​ជ្រើសរើស ​ដោយ​គណៈកម្មការ​ជ្រើសរើស​គ្រូបង្វឹក និង​កីឡាករ​របស់​ខ្លួន​យ៉ាង​ត្រឹមត្រូវ​ ក្នុង​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​ ចំពោះ​មុខ​មាត់​ប្រទេស​ជាតិ​ ក្នុង​នោះ​មាន​បេក្ខជន​ជា​ច្រើន​រូប​បាន​ឈរ​ឈ្មោះ​រួម​ទាំង​អតីត​គ្រូបង្វឹក​​ជម្រើស​ជាតិ (២ រូប)​ ឆ្នាំ​ចាស់ ​២០២០ ផងដែរ ​ប៉ុន្តែ​មិន​គ្រប់​​លក្ខខណ្ឌ​ត្រូវ​ជាប់»​។

លោក​បាន​បន្ត​ថា ​​គ្រូ​ធំ​លោក ហេង ប៊ុនឃីម ព្រម​ទាំង​គ្រូ​ជំនួយ​ ឡៅ​ ស៊ីណាត​, សេន ​ប៊ុនថេន ​លោក ទេព ​ស៊ីវុត្ថា និង​ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម ឃីម ​ឌីម៉ា ​នឹង​ផ្តោត​ខ្លាំង​ទៅ​លើ​ការ​បង្វឹក​​ក្រុម​ជម្រើសជាតិ​គុន​ខ្មែរ​ឱ្យ​មាន​សមត្ថភាព​ខ្លាំង ដើម្បី​ចូលរួម​​ការ​ប្រកួត​ស៊ីហ្គេម​លើក​ទី​៣១ នៅ​វៀតណាម ចុង​ឆ្នាំ ​២០២១ ​នេះ​ឱ្យ​ទទួល​បាន​លទ្ធផល​ល្អ។

ចំណែក​កីឡាករ​ជម្រើស​ជាតិ​គុន​ខ្មែរ ឆ្នាំ ​២០២១​នេះ មាន​ចំនួន ​១៣ ​នាក់ រួម​មាន​​កីឡាករ ​ភុន ​ពិសិដ្ឋ ​ទម្ងន់ ៤៥ គ.ក្រ ខាំ​ ខ្លានាង​ ទម្ងន់ ៥១ គ.ក្រ កាន់ ម៉េងហុង​ ទម្ងន់ ៥៤ គ.ក្រ ​​ប៊ុន ​គន្ធា ​(ប៊ុន សុធា) ទម្ងន់ ​៥៧ ​គ.ក្រ ​ ឃីម បូរ៉ា​ ទម្ងន់ ៦០ គ.ក្រ ​​សោម ពិសិដ្ឋ​ ទម្ងន់ ៦៣,៥ គ.ក្រ​ ប៉ោ ភារិទ្ធ ​(​យ៉េន ​ឌីណា​) ​ទម្ងន់ ​៦៣,៥ គ.ក្រ ​លន បញ្ញា ​ទម្ងន់ ​៦៧ គ.ក្រ​ និង​ ​ឡៅ ​ចន្ទ្រា ​​ទម្ងន់ ​៧១ គ.ក្រ ដែល​អ្នក​ទាំង​នេះ សុទ្ធ​តែ​បាន​ឈ្នះ​មេដាយ​មាស ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​ ​២០២០។

ចំពោះ​បេក្ខភាព​ជម្រើសជាតិ ​៥ នាក់​ទៀត មាន​កីឡាករ សៃនី ​សៃណេត ​ទម្ងន់ ​៤៨ គ.ក្រ​ រិន ដាវីត ​ទម្ងន់ ​៥៤ គ.ក្រ​ ជាក្រុម​ជម្រើស​ជាតិ​ថ្នាល​ឆ្នាំ​ ២០២០​ ​ឡៅ ចិត្រ្តា​ ​ទម្ងន់ ៦៧ គ.ក្រ ជា​ម្ចាស់​មេដាយ​សំរឹទ្ធ​ស៊ីហ្គេម​ទំាង ២ ​លើក​ ​និង​​ លី ​សុជាតិ​ ​​ទម្ងន់ ​៥៧ ​គ.ក្រ​ ជាម្ចាស់​មេដាយ​ប្រាក់ ការ​ប្រកួត​ថ្នាក់​ជាតិ ឆ្នាំ ​២០២០។ ​​​

លោក​ ហេង​ ប៊ុនឃីម ដែល​​ធ្លាប់​ជា​គ្រូបង្វឹក​ក្រុម​​ជម្រើស​ជាតិ​កន្លង​មក ​និង​ជា​ឪពុក​បង្កើត​​របស់​ម្ចាស់​មេដាយ​មាស ឃុន​ ឌីម៉ា​ និង​ជើង​ខ្លាំង ឃីម បូរ៉ា​ នោះ ​បាន​​និយាយ​ថា៖ ​«​​ខ្ញុំ​ជាប់​ជា​គ្រូ​ជម្រើស​ជាតិ​លើក​នេះ​ មិន​សប្បាយ​រីករាយ​ទេ ​គឺ​មាន​ការព្រួយ​បារម្ភ​ទៅ​វិញ​ទេ ​​​ពី​ព្រោះ​ការងារ​នេះ​ធ្ងន់​ណាស់​ ​ហេតុ​នេះ​ខ្ញុំ​​ព្រួយ​ខ្លាច​ បំពេញ​កាតព្វកិច្ច​នេះ ​មិន​បាន​ល្អ​ជូន​ជាតិ​»។​

លោក​​បាន​​បន្ត​ថា៖ ​«​ទោះ​ជា​យ៉ាង​ណា ខ្ញុំ​​នៅ​តែ​ខិតខំ​ប្រឹង​ ​ព្រោះ​ថ្នាក់​លើ​ប្រគល់​ភារកិច្ច​នេះ​ ហើយ​ខ្ញុំ​មាន​គ្រូ​ជំនួយ​ចំនួន ​៤ ​រូប ​ដែល​មាន​កម្លាំង​ល្អ​ អាច​ធ្វើ​ការ​ជា​ក្រុម​បាន​ ​ព្រោះ​ពួក​គេ​ស្គាល់​ច្បាស់​នូវ​ការងារ​ហ្វឹកហាត់ ​និង​ឡើង​សង្វៀន​ ដែល​មាន​បទពិសោធ​ល្អ ​ដូច​ជា​ ឃុន ​ឌីម៉ា​, ​សេន ប៊ុនថេន,​ ឡៅ​ ស៊ីណាត ​និង ​ទេព ​ស៊ីវុត្ថា»​។​

គួរ​រំឭក​ថា​ លោក​ ហេង ​ប៊ុនឃីម​ ជា​ម្ចាស់​ក្លិប​រស្មី​ភូមិ​គាប​ខេត្ត​បន្ទាយមានជ័យ​ ហើយ​បាន​បង្វឹក​កូនៗ​ចំនួន ​៣ ​នាក់​ ឱ្យ​ក្លាយ​ជា​អ្នក​ប្រដាល់​ឆ្នើម រួម​​មាន ​ឃុន ​ឌីម៉ា​ ដណ្តើម​បាន​មេដាយ​មាស​ ស៊ីហ្គេម ​ឆ្នាំ ​២០១៧​ ​ឃីម​ បូរ៉ា​ ឈ្នះ​បាន​​ខ្សែ​ក្រវាត់ ​២ ​និង​ពាន​ជា​ច្រើន​ទៀត ព្រម​ទាំង​​កូន​ពៅ​ ឃីម ​ឌីម៉ៃ​ កំពុង​តែ​ល្អ ​គ្មាន​គូ​ប្រៀប ​ក្នុង​ទម្ងន់​ស្រាល ចំណែក​ការ​ជាប់​ជម្រើស​ជាតិ​ទាំង​ឪពុក និង​កូន​លើក​នេះ គឺ​កើត​ចេញ​ពី​សមត្ថភាព​ពិត​មិនមែន​តាម​ខ្សែ​​រយៈ​ ឬ​​បក្ខ​ពួក​នោះ​​ទេ​៕​