ភ្នំពេញ៖ ក្រុម​ជម្រើសជាតិ​នៅ​លើ​ប្រភេទ​កីឡាករ​ចំនួន ៣៨ រួម​ទាំង​ក្រុម​កីឡា​ជនពិការ ដែល​ត្រូវ​បាន​បំបែក​ឱ្យ​ទៅ​ហ្វឹកហាត់​នៅ​តាម​គេហដ្ឋាន និង​ត្រួត​ពិនិត្យ​តាម​ប្រព័ន្ធ​អនឡាញ ដើម្បី​ទប់ ស្កាត់​ការ​ឆ្លង​ជំងឺ​កូវីដ ១៩ តាំង​ពី​ថ្ងៃទី ១៩ ខែ​មេសា មក​នោះ ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​ចេញ ស.ជ.ណ អនុញ្ញាត​ឱ្យ​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​ជុំ​គ្នា​ឡើង​វិញ ហើយ​នេះ​ជា​ការ​ប្រមូល​ផ្តុំ​ដែល​មាន​លក្ខណៈ​កាន់​តែ​ពិសេស ដើម្បី​ធានា​ឱ្យ​បាន​ថា ក្រុម​អត្តពលិក​ពិត​ជា​អាច​អភិវឌ្ឍ​សមត្ថភាព​បាន​ល្អ ត្រៀម​ឆ្ពោះ​ទៅ​កាន់​ការ​ប្រកួត​ស៊ីហ្គេម និង​អាស៊ាន​ប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ នៅ​ប្រទេស​កម្ពុជា។

នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈ​អចិន្ត្រៃយ៍ កាល​ពី​ថ្ងៃទី ២៥ ខែ​ឧសភា លោក បណ្ឌិត ថោង ខុន ជា​អនុប្រធាន អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍ លើក​ទី៣២ ឆ្នាំ ២០២៣ (CAMSOC) បាន​ថ្លែង​ថា ការ​សម្រេច​របស់​រាជរដ្ឋាភិបាល​កម្ពុជា​នេះ គឺ​ធ្វើ​ឡើង ក្រោយ​ទទួល​បាន​សេចក្ដី​សម្រេច​ពី​លោក​នាយក​រដ្ឋមន្ដ្រី ហ៊ុន សែន តាមរយៈ​ការ​ស្នើសុំ​របស់​លោក​ឧបនាយករដ្ឋមន្ដ្រី ទៀ បាញ់ ដែល​ជា​ប្រធាន CAMSOC ពេល​ថ្មីៗ​នេះ។

យ៉ាង​ណា​ក៏​ដោយ នៅ​ក្នុង ស.ជ.ណ ដែល​រាជរដ្ឋាភិបាល​យល់​ព្រម​ឱ្យ​ក្រុម​កីឡា​ជម្រើសជាតិ​បើក​ការ​ហ្វឹកហាត់​ឡើង​វិញ​នេះ គឺ​ត្រូវ​គោរព​ឱ្យ​បាន​ម៉ឺងម៉ាត់​នូវ​គោលការណ៍​ដែល​បាន​កំណត់ គឺ​ទី១ ត្រូវ​បិទទ្វារ​ទីលាន និង​ក្លិប​ហ្វឹកហាត់ ហាម​អ្នក​ក្រៅ​ចេញ-ចូល ពិសេស​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​វិធានការ ៣ ការពារ ៣ កុំ ទោះបី​កីឡាករ កីឡាការិនី គ្រូ​បង្វឹក បាន​ចាត់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​ចំនួន ២ លើក​រួច​ហើយ​ក្ដី។

ចំណែក​ទី២ ត្រូវ​ត្រួត​ពិនិត្យ​ក្រុម​អត្តពលិក គ្រូបង្វឹក មិន​ឱ្យ​ចេញ​ក្រៅ​ផ្ទះ ក្រៅ​ពី​ទៅ​មក​កន្លែង​ហ្វឹកហាត់ និង​នៅ​ក្នុង​កន្លែង​ស្នាក់នៅ​រួម​តែ​ប៉ុណ្ណោះ ទី៣ ត្រូវ​មាន​គ្រូពេទ្យ​កីឡា​តាមដាន​សុខភាព​កីឡាករ កីឡាការិនី និង​គ្រូបង្វឹក​ជាប្រចាំ ​ហើយ​ទី៤ មិន​អនុញ្ញាត​ឱ្យ​អត្តពលិក គ្រូបង្វឹក និង​មន្ដ្រី​កីឡា ថ្នាក់​ដឹកនាំ​កីឡា ដែល​មិន​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ ១៩ ចេញ-ចូល​ក្នុង​កន្លែង​ទីលាន​ក្លិប​ហ្វឹកហាត់​ជា​ដាច់​ខាត់។

ជាមួយ​គ្នា​នេះ ការ​អនុញ្ញាត​ឱ្យ​ប្រមូល​ផ្ដុំ​ធនធាន​មនុស្ស​ជំនាញ​កីឡា​ឡើង​វិញ ត្រូវ​បាន​ធ្វើ​ឡើង ក្នុង​ករណី​ពិសេស​គឺ ទាំង​គ្រូបង្វឹក និង​ក្រុម​ជម្រើសជាតិ ដែល​ជា​មន្ត្រី​រាជការ​កងកម្លាំង​ប្រដាប់​អាវុធ ត្រូវ​ព្យួរ​ការងារ​ពី​អង្គភាព មន្ទីរ ក្រសួង ស្ថាប័ន​ដើម​របស់​ខ្លួន ដោយ​រក្សា​ប្រាក់​បៀវត្សរ៍ ដើម្បី​មក​បង្ហាត់​ក្រុម​ជម្រើសជាតិ និង​ហ្វឹកហាត់ តាម​តម្រូវ​ការ​កម្មវិធី​ឱ្យ​បាន ៨ ម៉ោង ក្នុង ១ ថ្ងៃ រហូត​ចប់​ស៊ីហ្គេម និង​អាស៊ាន​ប៉ារ៉ាហ្គេម ឆ្នាំ ២០២៣។

បន្ថែម​លើ​នេះ អត្តពលិក​ជម្រើសជាតិ​ដែល​ជា​សិស្ស និស្សិត ក្នុង​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​ត្រូវ​បាន​លើក​ទឹក​ចិត្ត ជាពិសេស ដូចជា អនុញ្ញាត​ឱ្យ​ធ្វើ​ស្វ័យសិក្សា ដោយ​មិនបាច់​មាន​វត្តមាន​ជា​ប្រចាំ ក្នុង​គ្រឹះស្ថាន​សិក្សា ប៉ុន្ដែ​អនុញ្ញាត​ឱ្យ​ប្រឡង និង​អាច​រៀបចំ​ការ​ប្រឡង ជាពិសេស​ក្នុង​ករណី​ចាំបាច់​បំផុត ព្រម​ទាំង​រៀបចំ​យន្ដការ​បំប៉ន​ការ​សិក្សា​បន្ថែម តាម​មធ្យោបាយ​របស់​គ្រឹះស្ថានសិក្សា។

លើស​ពី​នេះ ត្រូវ​អនុញ្ញាត​ឱ្យ​ក្រុម​ជម្រើសជាតិ ជា​សិស្ស និស្សិត​សិក្សា ក្នុង​គ្រឹះស្ថាន សិក្សា​ចំនួន ៤ ថ្ងៃ (ចន្ទ អង្គារ ពុធ និង​ព្រហស្បតិ៍) ដើម្បី​ទុក​ថ្ងៃ​សុក្រ សៅរ៍ និង​អាទិត្យ បាន​ហ្វឹកហាត់​ពេញ​ម៉ោង ដើម្បី​រក្សា​និរន្តរភាព ភាព​គត់មត់​នៃ​គុណ​ផល​កីឡា ហើយ​ជាមួយ​គ្នា​នេះ ក្រសួង​អប់រំ ឬ​គ្រឹះស្ថាន​សិក្សា ត្រូវ​ពិនិត្យ​លទ្ធភាព​លើក​ទឹក​ចិត្ត ផ្ដល់​ពិន្ទុ​ប្រឡង​ជាមុន តាមរយៈ​ការ​វិនិច្ឆ័យ​របស់​ក្រសួង​អប់រំ ឬ​គ្រឹះស្ថាន​សិក្សា​សាមី។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បាន​ថ្លែង​ថា៖ «ការ​អនុញ្ញាត​នេះ មាន​សារសំខាន់​ជួយ​ដល់​វិស័យ​កីឡា​ល្អ​ណាស់ ពិសេស​ត្រង់​ចំណុច​ដែល​អត្តពលិក ជា​សិស្ស និស្សិត ទទួល​បាន​ការ​លើក​ទឹក​ចិត្ត ដើម្បី​បាន​ហាត់​ពេញលេញ ហើយ​គ្រូបង្វឹក ក៏​មាន​ឱកាស​បាន​ព្យូ​ការងារ​នៅ​អង្គភាព​ដើម ដោយ​រក្សា​ប្រាក់​បៀវត្សរ៍​នៅ​ដដែល ដើម្បី​បាន​មក​បំពេញ​ការងារ​កីឡា​ពេញ​ម៉ោង សម្រួច​យក​គុណភាព​រហូត​ដល់​ឆ្នាំ ២០២៣។ ហេតុ​នេះ CAMSOC និង​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា ព្រម​ទាំង​ក្រសួង​អប់រំ នឹង​រៀបចំ​ធ្វើ​លិខិត​បែបបទ​ផ្ញើ​ជូន​ក្រសួង​ស្ថាប័ន​ទាំង​នោះ ដើម្បី​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព»៕