ទីក្រុងស៊ីដនី៖ ក្រុមជម្រើសជាតិបាល់ទាត់នារីអូស្ត្រាលីនឹងទទួលបានប្រាក់ខែដូចគ្នានឹងក្រុមជម្រើសជាតិបុរសតាមកិច្ចព្រមព្រៀងមួយដែលបានបង្ហាញពីថ្ងៃពុធ និងទទួលបានការកោតសរសើរជាប្រវត្តិសាស្ត្រសម្រាប់សមភាពយេនឌ័រនៅក្នុងវិស័យកីឡា។
ប្រព័ន្ធកិច្ចសន្យាថ្មីមួយដែលប្រកាសដោយសហព័ន្ធកីឡាបាល់ទាត់អូស្ត្រាលី (FFA) បានកំណត់ថា តារាបាល់ទាត់នារីមួយចំនួនដូចជាកីឡាការិនី Sam Kerr និង Ellie Carpenter នឹងទទួលបានប្រាក់ឈ្នួលដូចគ្នានឹងកីឡាករមួយចំនួនដូចជាកីឡាករ Aaron Mooy និង Mat Ryan។
ក្រុមបាល់ទាត់នារីក៏នឹងទទួលបានជើងហោះហើរពិសេសសម្រាប់ការទៅចូលរួមការប្រកួតអន្តរជាតិ និងការប្រកួតផ្សេងៗទៀតដូចគ្នានឹងក្រុមបុរសផងដែរ។
ប្រព័ន្ធច្បាប់ថ្មីនេះនឹងក្លាយជាកម្លាំងជំរុញដ៏ធំមួយសម្រាប់ជម្រើសជាតិបាល់ទាត់នារីរបស់អាមេរិក ដែលពួកគេបានដាក់ពាក្យបណ្តឹងទាមទារប្រាក់ឈ្នួលស្មើគ្នា ចំពោះសហព័ន្ធបាល់ទាត់សហរដ្ឋអាមេរិក ដែលនឹងត្រូវបើកសវនាការនៅខែឧសភា ឆ្នាំក្រោយ។
ជម្រើសជាតិបាល់ទាត់នារីអាមេរិកបានឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ ២០១៩ នៅប្រទេស បារាំង ហើយពួកគេបានស្រែក «ទាមទារប្រាក់ខែស្មើគ្នា» ក្រោយពីពួកគេបានយកឈ្នះជម្រើសជាតិហូឡង់នៅវគ្គផ្តាច់ព្រ័ត្រ។
ប្រធានសហព័ន្ធ FFA លោក Chris Nikou បាននិយាយថា៖ «បាល់ទាត់ គឺជាការលេងកីឡាសម្រាប់គ្រប់គ្នា ហើយកិច្ចព្រមព្រៀងរួមគ្នាថ្មីនេះ គឺជាការបោះជំហានធំមួយឆ្ពោះទៅរកការធានាបានថា យើងរស់នៅក្នុងតម្លៃនៃសមភាព បរិយាប័ន្ន និងឱកាសស្មើគ្នា»។
តាមកិច្ចព្រមព្រៀងរយៈពេល ៤ ឆ្នាំ រហូតដល់រដូវកាលប្រកួតបាល់ទាត់ពិភពលោកលើកក្រោយនោះ កីឡាករ និងកីឡាការិនីនឹងទទួលបានចំណែក ២៤ ភាគរយ នៃប្រាក់ចំណូលរបស់ក្រុមជម្រើសជាតិដែលកើនឡើង ១ ភាគរយ ជារៀងរាល់ឆ្នាំ។
អនុប្រធានសហព័ន្ធ FFA លោក David Gallop បាននិយាយថា វាជាជម្រើសរបស់ក្រុមបាល់ទាត់បុរសក្នុងការចែករំលែកប្រាក់ចំណូលនេះ ហើយប្រធានក្រុមជម្រើសជាតិ Mark Milligan បាននិយាយថា «ស្ត្រីកំពុងទទួលបាននូវអ្វី ដែលពួកគេសមនឹងបាន»។
លោក David បាននិយាយថា៖ «វាច្បាស់ណាស់សម្រាប់អ្នករាល់គ្នាថា តើបាល់ទាត់របស់ស្ត្រីមានការរីកចម្រើនប៉ុនណាក្នុងរយៈពេល ២-៣ ឆ្នាំចុងក្រោយនេះ និងថា តើក្រុមបាល់ទាត់នារីរបស់យើងបាន និងកំពុងធ្វើបានល្អប៉ុនណា» ដោយបន្ថែមថា ជោគជ័យនៅព្រឹត្តិការណ៍ World Cup នៅប្រទេស បារាំង ដែលក្រុមជម្រើសជាតិហូឡង់បានធ្លាក់នៅក្នុងវគ្គ ១៦ ក្រុមចុងក្រោយដោយការស៊ុតបាល់ប៉េណាល់ទីនោះ គឺជាភ័ស្តុតាងស្រាប់។
អនុប្រធានសហព័ន្ធ FFA រូបនេះបានបន្ថែមទៀតថា៖ «វាពិតជាជំរុញឲ្យខ្ញុំវិលទៅរកការចរចាថា ពួកគេទទួលបាននូវអ្វីដែលពួកគេសមនឹងបាន ដើម្បីបន្តទៅមុខក្នុងតម្លៃដែលពួកគេបានលះបង់សម្រាប់សហគមន៍បាល់ទាត់អូស្ត្រាលី»។
កីឡាការិនី Elise Kellond-Knight ជាខ្សែបម្រើនៅក្រុមជម្រើសជាតិនោះបាននិយាយថា កិច្ចព្រមព្រៀងនេះបានបង្ហាញពី «ការគោរព» ចំពោះនារី ដោយរូបនាងអះអាងថា៖ «ក្នុងនាមជាកីឡាការិនីម្នាក់ នេះជាប្រភេទនៃអ្វីដែលយើងតែងតែសុបិនប្រាថ្នាចង់បានជាយូរមកហើយ»៕ AFP/SN