The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ជម្រើសជាតិ​ វ៉ូវីណាម សែន រ៉ាដេត ចង់​វិល​មក​ប្រកួត​ប្រដាល់​ជាថ្មី

ជម្រើសជាតិ​ វ៉ូវីណាម សែន រ៉ាដេត ចង់​វិល​មក​ប្រកួត​ប្រដាល់​ជាថ្មី

Content image - Phnom Penh Post
សែន រ៉ាឌី (​ឆ្វេង​) និង​ សែន រ៉ាដេត បានបង្ហាញ​មេដាយ​កម្រិត​ពិភពលោក ដែល​ពួកគេ​ដណ្តើម​បាន​លើ​ជំនាញ​វ៉ូវីណាម​។ សហការី

ជម្រើសជាតិ​ វ៉ូវីណាម សែន រ៉ាដេត ចង់​វិល​មក​ប្រកួត​ប្រដាល់​ជាថ្មី

ភ្នំពេញៈ អ្នក​ប្រដាល់​មាឌ​ល្អិត​ចិត្តធំ​វាយ​ចេញ​ច្បាស់ សែន រ៉ាដេត ដែល​បាន​ឃ្លាតឆ្ងាយ​ពី​សង្វៀន​ប្រដាល់​គុន​ខ្មែរ​កាលពី​ឆ្នាំ​ ២០១៧ ហើយ​បច្ចុប្បន្ន​គឺជា​កីឡាករ​ប្រភេទ​ប្រយុទ្ធ​ម្នាក់​របស់​ក្រុម​ជម្រើសជាតិ​វ៉ូវីណាម​នោះ នៅតែ​ចិញ្ចឹម​ចិត្ត​ចង់​ឡើង​ប្រកួត​ប្រដាល់​គុន​ខ្មែរ​នៅ​តាម​សង្វៀន​ឯកជន​រាល់​ចុង​សប្តាហ៍ ដើម្បី​រកប្រាក់​ចំណូល​សម្រាប់​ជីវភាព និង​បំប៉ន​កម្លាំង​។

ចំពោះ​ការផ្អាក​ការប្រកួត​ប្រដាល់​ជិត​ ៣ ​ឆ្នាំ​នេះ​ត្រូវ​បាន សែន រ៉ាដេត ប្រាប់ថា ដោយសារ​រូបគេ​ជាប់​ជម្រើសជាតិ​វ៉ូវីណាម និង​មាន​ការមមាញឹក​ខ្លាំង​រៀន​ផ្នែក​ច្បាប់​នៅ​សាកល​វិទ្យាល័យ​បៀលប្រាយ​។ សែន រ៉ាដេត គឺជា​ម្ចាស់​ខ្សែក្រវាត់​ ២ ​ស្ថាប័ន​ក្នុង​ទម្ងន់ ៥១ ​គីឡូក្រាម​ដោយ​រូបគេ និង សែន រ៉ាឌី ជា​បងប្រុស បាន​ផ្លាស់ប្តូរ​ជីវភាព​បាន​ប្រសើរ​ពី​កូន​អ្នក​នេសាទ​នៅលើ​ផ្ទៃសមុទ្រ​នា​ខេត្ត​កោះកុង​មក​រស់នៅ​រាជធានី​ភ្នំពេញ​តាមរយៈ​ការហ្វឹកហាត់ និង​ឡើង​ប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ​។

មិន​ត្រឹមតែ​ប៉ុណ្ណោះ កីឡាករ​មាន​ទម្ងន់​ ៥៤ ​គីឡូក្រាម​កម្ពស់​ ១,៦៨ ​ម៉ែត្រ អាយុ​ ២៣ ​ឆ្នាំ សេន រ៉ាដេត បាន​ឈោង​ចាប់​ការ​ការសិក្សា​នៅ​កម្រិត​បរិញ្ញាបត្រ​ផង​ដែរ និង​បាន​ជាប់​ជា​កីឡាករ​ឆ្នើម​ជម្រើសជាតិ​វ៉ូវីណាម ទទួល​បាន​ជយលាភី​កម្រិត​ពិភពលោក ហើយ​ទទួល​បាន​ប្រាក់រង្វាន់​ពី​រាជរដ្ឋាភិបាល​គួរ​ជាទី​មោទនៈ​។

សែន រ៉ាដេត បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​នៅ​ពី​ពាក់កណ្តាល​ឆ្នាំ​ ២០១៧ ខ្ញុំ​បាន​ឃ្លាត​ពី​សង្វៀន​ប្រដាល់​គុន​ខ្មែរ ដើម្បី​មក​ហាត់​វ៉ូវីណាម និង​ចូលរៀន​នៅ​សាកលវិទ្យាល័យ​ដែល​គិត​មក​ដល់​ពេល​នេះ ខ្ញុំ​រៀន​ផ្នែក​ច្បាប់​ឆ្នាំ​ទី​ ៤ ​ហើយ​នៅ​សាកលវិទ្យាល័យ​បៀលប្រាយ​ដោយ​ទទួលបាន​អាហារូបករណ៍​តាមរយៈ​កីឡា​តែម្តង​»​។

កាលពី​ឆ្នាំ​ ២០១៥ សែន រ៉ាដេត បានឈ្នះ​ខ្សែក្រវាត់​ណាហ្គាវើល​ទម្ងន់​ ៥១ ​គីឡូក្រាម​នៅ​សង្វៀន​អប្សរា ហើយ​បន្ទាប់មក​រូបគេ​បាន​ឈ្នះ​ខ្សែក្រវាត់​មួយទៀត​នៅ​សង្វៀន CBS ក្នុង​ទម្ងន់​ ៥១ ​គីឡូក្រាម​ផងដែរ ខណៈ​ប្រវត្តិ​ប្រកួត​របស់ សែន រ៉ាដេត នៅតែ​មាន​ប្រិយភាព​ខ្លាំង​ដដែល​ដោយសារ​ការប្រកួត​របស់​គេ​មិន​ចេះ​បន្ធូរដៃ​ឲ្យ​គូប្រកួត​ខ្លួន​នោះ​ឡើយ ពិសេស​ក្បាច់​ជង្គង់ និង​កែង​រហ័ស​លំបាក​រក​ដៃគូ​ក្នុងស្រុក​ប្រកួត​ជាមួយ​។

ឆ្លងកាត់​បទពិសោធ​ប្រកួត​បាន​ចំនួន​ជាង​ ៦០ ​ដង សែន រ៉ាដេត ចាញ់​តែ​ ៩ ​ដង​ទេ ហើយ​ក្រៅពី​នេះ​ឈ្នះ និង​ភាគច្រើន​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​។ រ៉ាដេត បាន​បញ្ជាក់​ថា​៖ «​ទោះបី​ជា​ខ្ញុំ​នៅក្នុង​កីឡា​ជម្រើសជាតិ​វ៉ូវីណាម ប៉ុន្តែ​បើ​នៅ​ចុង​សប្តាហ៍​ប្រដាល់​គុន​ខ្មែរ​អនុញ្ញាត​ឲ្យ​ខ្ញុំ​បាន​ចូល​ប្រកួត​គឺ​ខ្ញុំ​នៅតែ​បន្ត​ប្រកួត​បាន​ទៀត ដើម្បី​ពង្រឹង​សមត្ថភាព កម្លាំង​ថាមពល និង​បម្រើការ​ទស្សនា​របស់​បងប្អូន​ដែល​តែងតែ​គាំទ្រ​ការប្រកួត​របស់ខ្ញុំ​»​។

កីឡាករ​រូបនេះ​បាន​បន្ថែម​ថា​៖ «​ទោះបី​ជា​ការហ្វឹកហាត់​ប្រមូលផ្តុំ​របស់​ក្រុម​ជម្រើសជាតិ​វ៉ូវីណាម​មាន​ការ​មមាញឹក ក៏​ខ្ញុំ​អាច​នឹង​ទៅ​ប្រកួត​បាន​នៅ​ចុង​សប្តាហ៍​ដោយ​មិន​ឲ្យ​ប៉ះពាល់​ការហាត់​នោះ​ឡើយ ព្រោះ​ខ្ញុំ​ចង់រក​ប្រាក់​ចំណូល​បន្ថែម​ផង ដ្បិតអី​នៅ​ក្រុម​ជម្រើសជាតិ ក្រៅពី​ហូបចុក​ស្នាក់នៅ​គឺ​មាន​របប​ឧបត្ថម្ភ​ប្រាក់​ជិត​មួយ​លាន​រៀល​ប៉ុណ្ណោះ​»​។

ចំណែក សែន រ៉ាឌី ជា​បងប្រុស​បាន​ប្រាប់ថា​៖ «​ខ្ញុំ​ចង់​ឲ្យ​ប្អូន​ខ្ញុំ បាន​ឡើង​ប្រកួត​វិញ​ដែរ ព្រោះ​ថា​នៅ​ថ្ងៃ​សៅរ៍ និង​អាទិត្យ​ក្រុម​ជម្រើសជាតិ​វ៉ូវីណាម​មិន​ហាត់​ទេ គឺ​អនុញ្ញាត​ឲ្យ​សម្រាក ហេតុនេះ​ការប្រកួត​គឺ​បាន​លុយ​ផង និង​បង្កើន​សមត្ថភាព​ផង​។ ចំណែក​ខ្ញុំ​មិនទាន់​មាន​ពេល​ឡើង​ប្រកួត​ទេ ព្រោះ​ក្រៅពី​ហាត់​វ៉ូវីណាម​ខ្ញុំ​ជួយ​លក់ដូរ​ប្រពន្ធ​»​។

ប្រភព​ពី​មន្ត្រី​គ្រប់គ្រង​កីឡា​ក្រសួងមហាផ្ទៃ​លោក​ឧត្តមសេនីយ៍ ជា ប៊ុនហេង បាន​ប្រាប់​ថា សែន រ៉ាឌី ត្រូវបាន​បញ្ចូល​ជា​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​រួចហើយ ចំណែក សែន រ៉ាដេត ដែល​បាន​នាំ​ជយលាភី​ជូន​ជាតិ តាមរយៈ​កីឡា​វ៉ូវីណាម​កន្លង​មក​នេះ​កំពុង​ស្នើសុំ​ឲ្យ​ទទួល​បាន​ក្របខ័ណ្ឌ​ជា​ប៉ូលិស​ផងដែរ​។ ប្រធាន​អង្គភាព​កីឡា​ក្រសួងមហាផ្ទៃ​រូបនេះ​បាន​បន្ថែមថា សែន រ៉ាដេត គួរ​ប្រឹងប្រែង​ហាត់​បន្ថែម ឡើង​ប្រកួត​គុន​ខ្មែរ​នៅ​ចុង​សប្តាហ៍ ដើម្បី​រក​ចំណូល ក៏​វា​មិន​ខុស​អ្វី​ដែរ ព្រោះ​ធ្វើឲ្យ​មាន​បទពិសោធ និង​បាន​លុយ​សម្រាប់​ជីវភាព​ផង​៕

អត្ថបទគួរចាប់អារម្មណ៍

  • ជនជាតិ​ភាគតិច និង​សង្គម​ស៊ីវិល​ប្ដឹង​ជំទប់​ឃុំ និង​អភិបាលរង​ខេត្ត ​រឿង​ចេញ​បណ្ណ​សម្គាល់​ដី​ជាន់​លើ​ដី​ព្រៃ

    មណ្ឌលគិរី: ពលរដ្ឋ​សហគមន៍​ជនជាតិ​ដើម​ភាគតិច និង​សង្គម​ស៊ីវិល​ចំនួន ៦ ​នាក់​ បាន​ដាក់​ពាក្យបណ្ដឹង​ចំនួន ២ ​ដាច់​ ដោយឡែក​ពី​គ្នា​ប្ដឹង​មនុស្ស ៤ ​នាក់ ​ទៅ​តុលាការខេត្ត​ក្នុង​នោះ​មាន​ជំទប់​ទី​ ១ ​ឃុំ​ប៊ូស្រា​ម្នាក់ និង​អភិបាលរង​ខេត្តមណ្ឌលគិរី​ម្នាក់​ដោយ​ចោទ​ពាក់ព័ន្ធ​ការចេញ​បណ្ណ​សម្គាល់​ម្ចាស់​ដីធ្លី​ជាន់​លើដី​គម្រប​ព្រៃឈើ និង​បទ​ចោទ​ពាក់ព័ន្ធ​លួច​គាស់​យក​ថ្ម​ធម្មជាតិ​

  • កាណាដា​ពិន័យ VW ១៥០ ​លាន​ដុល្លារ

    ក្រុងតូរ៉ុនតូៈ តុលាការ​ក្នុង​ទីក្រុង​តូរ៉ុនតូ​កាលពី​ថ្ងៃ​ពុធ​បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន Volkswagen (VW) បង់ប្រាក់​ពិន័យ ១៩៦,៥ លាន​ដុល្លារ​កាណាដា (១៥០ ​លាន​ដុល្លារ​អាមេរិក​) បន្ទាប់ពី​ក្រុមហ៊ុន​ផលិត​រថយន្ត​មួយ​នេះ​បាន​សារភាព​កំហុស​ចំពោះ​ការរំលោភច្បាប់​បរិស្ថាន​ក្នុង​រឿងអាស្រូវ​បោក​បន្លំ​ការបញ្ចេញ​កាបូន​។

  • សហជីព​បារាំង​​ព្យាយាម​បន្ត​ការ​តវ៉ា​ប្រឆាំង​ការ​កែ​ទម្រង់​ប្រាក់​សោធននិវត្តន៍​​ ដើម្បី​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​​

    ក្រុង​ប៉ារីស៖ ក្រុម​សហជីព​បារាំង​កាល​ពី​ថ្ងៃ​ពុធ​ បាន​បន្ត​ធ្វើ​​កូដកម្ម​ជា​ច្រើន​ ដោយ​​មាន​​បំណង​បង្កើន​សម្ពាធ​​​​ទៅ​លើ​រដ្ឋាភិបាល​មុន​នឹង​រដ្ឋាភិបាល​នេះ​ ធ្វើ​ការ​បង្ហាញ​ការ​កែ​ទម្រង់​ប្រាក់​សោធននិវត្តន៍​ចុង​ក្រោយ ​ដែល​បាន​​​ជំរុញ​ឲ្យ​មាន​ការ​តវ៉ា​ពី​បញ្ហា​ការងារ​ធំ​បំផុត​នៅ​បារាំង​ជា​ច្រើន​ទសវត្សរ៍​នោះ​​។ ​

  • លាភ ​រដ្ឋា ​និង ​ផាន់ ​គ្រាន់ ​ប៉ះ​ថៃ​ចំណូល​ថ្មី​

    ភ្នំពេញ៖ ​អ្នក​លេង​កណ្តាប់​ដៃ​របស់​កម្ពុជា​ចំនួន ​២ ​នាក់ គឺ ​លាភ ​រដ្ឋា និង​ ផាន់ ​គ្រាន់​ ​នឹង​​ត្រូវ​បង្ហាញ​ខ្លួន​រួមគ្នា នៅ​​លើ​សង្វៀន​ SEATV នា​រសៀល​ថ្ងៃ​សៅរ៍​ស្អែក​នេះ ​ដោយ​ពួក​គេ​ត្រូវ​ជួប​ជាមួយ​​កីឡាករ​ថៃ​​ចំណូល​ថ្មី​ មិន​ធ្លាប់​មក​ប្រកួត​ក្នុង​សង្វៀន​នៅ​​ប្រទេស ​កម្ពុជា ​នោះ​ទេ​​។