ភ្នំពេញ៖ ​ជា​ក្មេង​កំព្រា​មក​ពី​ខេត្ត​បាត់ដំបង លោក យី សារិន បាន​ចូល​ប្រឡូក​លើ​វិថី​​ជា​កីឡាករ​តាំង​ពី​ឆ្នាំ ​១៩៦៣ មុន​ពេល​លោក​បាន​ក្លាយ​ជា​គ្រូ​បង្វឹក​ជម្រើស​ជាតិ​នៅ​ឆ្នាំ ​១៩៩៥ ប៉ុន្តែ​ការ​តស៊ូ​ព្យាយាម​​របស់​​លោក​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ មិន​បាន​ធ្វើ​ឲ្យ​​ជីវភាព​​រស់នៅ​របស់​លោក​ប្រសើរ​នោះ​ទេ ខណៈ​បច្ចុប្បន្ន​សុខភាព​របស់​លោក ក៏​មាន​ភាព​ទ្រុឌទ្រោម​ផង​ដែរ។​

ជាមួយ​ប្រវត្តិ​ផ្តើម​ចេញ​ពី​​ក្មេង​រើស​កូន​បាល់ ​លោក យី សារិន បាន​ជាប់​ជា​យុវជន​ជម្រើសជាតិ​កីឡា​វាយ​កូន​បាល់​តាំង​ពី​ឆ្នាំ ​១៩៦៦ មុន​ពេល​លោក​ត្រូវ​បាន​ផ្តល់​តួនាទី​ជា​គ្រូ​បង្វឹក​ក្នុង​ឆ្នាំ ​១៩៩៥ ប៉ុន្តែ​ក្នុង​រយៈពេល​ ​៣ ​ឆ្នាំ​ចុង​ក្រោយ​នេះ លោក​បាន​មក​រួម​រស់​​នឹង​​សហព័ន្ធកីឡា​សូហ្វតិន្នីស​កម្ពុជា​វិញ ដោយ​លោក​មាន​តួនាទី​ជា​គ្រូ​បង្វឹក​ជម្រើស​ជាតិ។​

យ៉ាង​ណា​ក៏​ដោយ ក្នុង​វ័យ ​៧០ ​ឆ្នាំ​ទៅ​ហើយ​នោះ ​លោក ​យី ​សារិន ​​មាន​សុខភាព​កំពុង​ចុះ​ខ្សោយ ​និង​បាន​​ធ្លាក់​ខ្លួន​ឈឺ ជា​បន្ត​បន្ទាប់​ផង​ដែរ ចំណែក​ស្ថានភាព​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ ​ក៏​មាន​ការ​លំបាក បើ​ទោះបី​ជា​លោក​មាន​មុខ​របរ​ជា​អ្នក​តន្ត្រី​សម័យ​មួយ​ទៀត​ ក្រៅ​ពី​គ្រូ​បង្វឹក​កីឡា​ក៏​ដោយ​។​

លោក​ យី​ សារិន បាន​អះអាង​ថា ​ក្នុង ​១ ជីវិត​របស់​លោក​នៅ​ជាប់​ក្នុង​សកម្មភាព​កីឡា​ជានិច្ច ​លើក​លែង​តែ​ជំនាន់ ​ប៉ុល ​ពត​។​ លោក​រៀប​រាប់​ថា​៖ «​ខ្ញុំ​ជា​កូន​កំព្រា​ម្នាក់​ កើត​នៅ​ខេត្ត​បាត់ដំបង​មាន​បងប្អូន​ស្រី ​៣ ​នាក់​ ប្រុស ​៣ ​នាក់ ហើយ​​បាន​ចូល​ក្នុង​សកម្មភាព​​កីឡា​ តាមរយៈ​បង​ប្រុស ​ជា​ជម្រើស​​ជាតិ​ឈ្មោះ​ យី​ សារុន»​។

«​ពី​ដំបូង ​ខ្ញុំ​ស្កាត់​មក​ស្វែង​រក​បងប្រុស​ ​នៅ​ជិត​វត្ត​ភ្នំ ​​ខ្ទង់​ឆ្នាំ ​១៩៦៣​ ហើយ​មាន​តែ​ប្រាក់ ​៤០ ​រៀល​ទេ សម្រាប់​​ជិះ​ឡាន​មក​ភ្នំពេញ ហើយ​បាន​ដាច់​បាយ​ ដាច់​ទឹក​ចំនួន ​៣ ​ថ្ងៃ ​ទើប​រក​បង​ប្រុស​ឃើញ​ ​ព្រោះ​សម័យ​នោះ ​គ្មាន​អ្វី​ទាក់ទង​គ្នា​ទេ​។ ក្រោយ​មក​ខ្ញុំ​ត្រូវ​បាន​ធ្វើ​ជា​កម្មករ​ក្មេង​រើស​បាល់​ពេល​ប្រកួត​ និង​ហ្វឹកហាត់​ដោយ​ដេក​ផ្ទាល់​នៅ​ក្នុង​តារាង​បាល់​ និង​ឆ្លៀត​ចូល​ហាត់​ខ្លះ នា​ពេល​​ទំនេរ​ក្នុង​ឆ្នាំ ​១៩៦៣​»។

លោក យី សារិន បាន​បន្ត​ថា៖ ​«ដោយ​ការ​ប្រឹងប្រែង​ ខ្ញុំ​ហ្វឹកហាត់​ចេះ​វាយ​បាន​ល្អ​គួរ​សម និង​បាន​ធ្វើ​តេស្ត​ជាប់​ជា​ជម្រើស​ជាតិ​យុវជន​ក្នុង​ឆ្នាំ ​១៩៦៦​ និង​ពេញ​សិទ្ធិ​លេង​ឆ្នើម​បាន​ល្អ​ក្នុង​ឆ្នាំ ​១៩៦៨​ ដោយ​ខ្ញុំ​​ឈ្នះ​បាន​​លេខ ​១ ​ជានិច្ច ក្នុង​កម្រិត​ថ្នាក់​ជាតិ​ ហើយ​​ឆ្នាំ ​១៩៧៣​ ខ្ញុំ​បាន​ទៅ​ចូលរួម​ប្រកួតស៊ី​ហ្គេម​លើក​ទី​៧​ នៅ​សិង្ហបុរី​ ដោយ​ឈ្នះ​បាន​មេដាយ​សំរឹទ្ធ​ជា​ក្រុម​»។​

យ៉ាង​ណា​ក៏​ដោយ សកម្មភាព​លេង​កីឡា​របស់​លោក យី សារិន ត្រូវ​បាន​កាត់​ផ្តាច់​ក្នុង​របប ​ប៉ុល ​ពត ប៉ុន្តែ​ក្រោយ​ឆ្នាំ ​១៩៧៩​ លោក​បាន​ចូល​មក​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ជា​ថ្មី​ ហើយ​លោក​ជា​កីឡាករ​ឆ្នើម​ទាំង ​៤ ​នាក់ នា​សម័យ​នោះ​ជាមួយ​បង​ប្រុស​​​លោក ​យី ​សារុន ​​លោក ពិល ​អ៊ុំ ​និង​លោក ​ម៉ឺ ​វិន​។

នៅ​ឆ្នាំ​ ១៩៩៥​ គឺ​អំឡុង​ពេល​​លោក ​មាស ​សារិន ជា​អ្នក​​ដឹកនាំ​កីឡា ​លោក យី សារិន ​ត្រូវ​បាន​ផ្តល់​តួនាទី​ឲ្យ​ធ្វើ​​ជា​គ្រូ​បង្វឹក​ ដើម្បី​បន្ត​បណ្តុះបណ្តាល​ក្មេងៗ​ជំនាន់​ក្រោយ​ផ្នែក​កីឡា​វាយ​កូន​បាល់​​រហូត​ដល់​ឆ្នាំ ​២០១១​ ហើយ​ចាប់​ពី​ឆ្នាំ ​២០១៧ លោក​បាន​ចេញ​ពី​កីឡា​វាយ​កូន​បាល់​ មក​នៅ​ជាមួយ​កីឡាសហព័ន្ធ​កីឡា​សូហ្វតិន្និស​កម្ពុជា​ ដែល​រៀបចំ​ និង​​បង្កើត​ដោយ​ស្ថាបនិក​មាន​លោក​ ប្រាក់ ​ផល្លា​ លោក​ ហែម ​ថុន​ លោក​ ជា​ ប៊ុនហេង​ ​លោក ​យី ​សារិន និង ក្រុម​ជនជាតិ​កូរ៉េ​រហូត​ដល់​បច្ចុប្បន្ន​។​

លោក យី សារិន បាន​បញ្ជាក់​ថា៖ ​«សកម្មភាព​សូហ្វតិន្និស​បាន​រីក​ចម្រើន​ជា​បន្ត​បន្ទាប់​ ហើយ​ខ្ញុំ​នៅ​តែ​មាន​ឈ្មោះ​ជា​គ្រូ​បង្វឹក​ជម្រើស​ជាតិ​ឈុត​ធំ​ដដែល ​ស្រប​ពេល​​វ័យ​​របស់​ខ្ញុំ កាន់​តែ​ចាស់​ ឯ​​សុខភាព​ក៏​​ទ្រុឌទ្រោម​ជាង​មុន​ ហើយ​ជីវភាព​រស់នៅ​លំបាក មិន​គ្រប់គ្រាន់​បរិបូរណ៍​ដូច​គេ​ទេ ប៉ុន្តែ​​​កូនៗ​ ព្រម​ទាំង​​ចៅៗ ​និង​គ្រួសារ​​របស់​ខ្ញុំ ជា​អ្នក​និយម​ចូលចិត្ត​លេង​កីឡា​ប្រភេទ​នេះ ​​ខណៈ​បច្ចុប្បន្ន កូន​ស្រី​​របស់ខ្ញុំ រិន ​សុធារី ​ជា​ជម្រើស​ជាតិ​ឆ្នើម​ និង​​​​លេង​ឲ្យ​មហាផ្ទៃ​»៕​​