ភ្នំពេញៈ កីឡាករ​កម្ពុជា​ ជា​ សំនៀង និង ឌុន រដ្ឋា នឹង​ត្រូវ​ឡើង​តតាំង​ជាមួយ​អ្នក​ប្រដាល់​របស់​ថៃ និង​រុស្ស៊ី នៅ​លើ​សង្វៀន SEATV នា​យប់​ថ្ងៃ​សៅរ៍ ខាង​មុខ​នេះ ហើយ​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ ២ ​គូ​នេះ គឺ​បន្ថែម​ទៅ​លើ​ការ​ប្រកួត​ជម្រុះ​ម៉ារ៉ាតុង​ដណ្តើម​ប្រាក់​លាន ក្នុង​ទម្ងន់​ ៦០ ​គីឡូក្រាម។

ជា សំនៀង ដែល​ជា​ម្ចាស់​ខ្សែ​ក្រវ៉ាត់​មួយ​រូប ​ក្នុង​ទម្ងន់​ ៦៥ ​គីឡូក្រាម​ នៅ​សង្វៀន SEATV ត្រូវ​បាន​ផ្គូផ្គង​ឲ្យ​ប្រកួត​ជាមួយ​កីឡាករ​ជើង​ចាស់​របស់​ ថៃ Yort Sensak ​ឯ ​ឌុន ​រដ្ឋា ត្រូវ​ប៉ះ​អ្នក​ប្រដាល់​មក​ពី​រុស្ស៊ី Athur Shushinsky។ ចំណែក​គូ​ប្រកួត​ជម្រុះ​ដណ្តើម​ប្រាក់​លាន​នៃ​កម្មវិធី Ganzberg Top Fighter គឺ សេក ចៅជូត ត្រូវ​ប៉ះ សូត្រ ខេវិន ឯ វៀត ប៊ុនឌឿន ត្រូវ​ជួប​ជាមួយ ឡុង ឡា។

ការ​ប្រកួត​ដណ្តើម​ប្រាក់​លាន​​ទាំង​ ២​ គូ ​និង​អន្តរជាតិ​ ២ ​គូ​នេះ វា​​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ចំណាប់​អារម្មណ៍​ខ្លាំង។ ចំពោះ​គូ​ម៉ារ៉ាតុង ​ដែល​ជា​កីឡាករ​វ័យ​ក្មេងៗ ​និង​ជើង​ថ្មី ​ដែល​ជា​ការ​រៀបចំ​ប្រកួត​មួយ ​ទំនង​ហាក់​ដូចជា​ផ្តល់​ឱកាស​ឲ្យ​ជើង​ខ្លាំងៗ​វ័យ​ក្មេង ​ទទួល​បាន​ឱកាស​ប្រកួត​ជា​លក្ខណៈ​ម៉ារ៉ាតុង ឲ្យ​មាន​តម្លៃ​ខ្លួន​ប្រកួត​ប្រសើរ​ជាង​ការ​ប្រកួត​ធម្មតា។

ជា​មួយ​គ្នា​នេះ ការ​​វិល​មក​ជួប​គ្នារបស់​ ជា​ សំនៀង ​និង ​Yort Sen​sak ​ត្រូវ​បាន​អ្នក​តាម​ដាន​ទស្សនា​គេ​យល់​ថា​ ជា​ សំនៀង បាន​ជួប​ការ​ប្រកួត​មាន​លក្ខណៈ​ធ្ងន់ធ្ងរ តឹង​តែង​ដែល​ជា​ឧបសគ្គ​លំបាក​ឈ្នះ​បំផុត​ ព្រោះ​​កន្លង​មក ជា​ សំនៀង​ ធ្លាប់​បរាជ័យ ​យ៉ាង​គ្រាំ​គ្រា​ដោយ​អាជ្ញា​កណ្តាល​រាប់​​ចំនួន​ ២​​លើក​ មុន​នឹង​ចាញ់​ Yort Sen​sak ​នៅ​លើសង្វៀន​ប៉ុស្តិ៍​លេខ​ ៥ ។

យោង​តាម​ស្ថិតិ​ប្រកួត ​ដែល​ ភ្នំពេញ ប៉ុស្តិ៍​ ទទួល​បាន​ ពី​គណៈកម្មការ​ផ្គូផ្គង ​បាន​ឲ្យ​ដឹង​ថា ជា ​សំនៀង ​មាន​ប្រវត្តិ​ប្រកួត​ ​៩៤ ​ដង ​ឈ្នះ​ ៧៨​ ​ចាញ់​ ១៣​ និង​ស្មើ​ ៣​ ដង។ រីឯ Yort Sensak ​​មាន​កម្ពស់​ ១,៧០ ​ម៉ែត្រ​ដូច​គ្នា​ និង​មាន​ប្រវត្តិ​ប្រកួត​ប្រហាក់​ប្រហែល​គ្នា​ គឺ​បាន​​ ៨៩ ដង​ឈ្នះ​ ៧៣​ ​ចាញ់​ ១៤ និង​ស្មើ​ ២ ​ដង។

កីឡាករ Yort Sensak ​ធ្លាប់​មក​ប្រកួត​ស្រុក​ខ្មែរ​ញឹក​ញាប់​ និង​ទទួល​បាន​លទ្ធផល​ល្អ ដោយ​បាន​ឈ្នះ​ជើង​ខ្លាំង​របស់​កម្ពុជា ​មួយ​ចំនួន​គួរ​ឲ្យ​កត់​សម្គាល់​ ប៉ុន្តែ​ការ​ប្រកួត​របស់ ជា សំនៀង មួយ​រយៈ​ចុង​ក្រោយ​នេះ ​មាន​ការ​ធ្លាក់​ចុះ​ជាង​មុន ​ពិសេស​ក្រោយ​ពេល​រូប​គេ​ឈ្នះ​បាន​ខ្សែ​ក្រវ៉ាត់​ទម្ងន់​ ៦៥ ​គីឡូក្រាម ​ពី​កីឡាករ​ថៃ​ Play Noy រួច​មក​។​

​ឌុន ​រដ្ឋា​ និង​ Athur Shushinsky​ ដែល​ជួប​គ្នា​ក្នុង​ទម្ងន់​ ​៧១ ​គីឡូក្រាម។ រូបថត យឺន ពន្លក

ទោះ​ជា​យ៉ាង​ណា ​លោក ​ហង្ស ស៊ឺន ​គ្រូ​បង្វឹក​របស់ ​ជា ​សំនៀង បាន​និយាយ​ថា៖ «ជា សំនៀង​ ហ្វឹក​ហាត់​ត្រៀម​ប្រកួត​បាន​ល្អ​ ព្រោះ​ក្នុង​រយៈពេល​ចូល​ឆ្នាំខ្មែរ​កន្លង​មក​នេះ ក៏​នៅ​ហាត់​ដែរ អ៊ីចឹង​ខ្ញុំ​សង្ឃឹម​ថា សំនៀង ​មិន​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ខក​ចិត្ត​នោះ​ឡើយ»។

លោក​បាន​បន្ត​ថា៖ «ខ្ញុំ​មិន​ដែល​ឃើញ​ការ​ប្រកួត​របស់​កីឡាករ​ថៃ​នោះ​ទេ​ ប៉ុន្តែ​សម្រាប់​ជា​ សំនៀង ​កូន​សិស្ស​ខ្ញុំ គឺ​ធានា​វ៉ៃ​អស់​ពី​សមត្ថភាព ឯ​បញ្ហា​ចាញ់​ឬ​ឈ្នះ ​មិន​ហ៊ាន​ថា​មុន​នោះ​ទេ​ ​ព្រោះ​វា​អាស្រ័យ​ពេល​ប្រកួត​ជាក់​ស្តែង​ ហើយ​ខ្ញុំ​ក៏​មាន​ការ​បារម្ភ​ខ្លះ​ដែរ ​ទៅ​លើ​ផ្នែក​កម្លាំង​ដោយសារ​វា​មាន​អាយុ​ច្រើន ​ដែល​កម្លាំង​ក៏​ធ្លាក់​ចុះ​ជាង​មុន​ដែរ»។

ចំណែក​លោក ​ថៃ ​អ៊ូ ​ប្រតិភូ​ដឹក​នាំ​កីឡាករ​ថៃ​មក​ប្រកួត បាន​ប្រាប់​ថា កីឡាករ​ថៃ ​Yort Sensak​នេះ ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ចំនួន​ ៥ ​លើក ឈ្នះ​ទាំង​ ៥ ​លើក ​ដូចជា មាស ​ច័ន្ទមាន​, ជា​ សំនៀង​, ថុល​ មករា​ និង គឹម​ វាសនា​ ជាដើម។ ចំណែក​ការ​ប្រកួត​លើក​នេះ​ ជា​សំនៀង​ ពិត​ជា​លំបាក​ឈ្នះ​ ​Yort Sensak​ ​ព្រោះ​ថៃ​ម្នាក់​នេះ មាន​ស្នៀត​ទាត់​ល្អ​ កែង​ល្អ​ ជង្គង់​ល្អ​ និង​វាយ​ស៊ូ​បំផុត»។

ដោយ​ឡែក ​ឌុន ​រដ្ឋា​ និង​ Athur Shushinsky​ ដែល​ជួប​គ្នា​ក្នុង​ទម្ងន់​​ ៧១ ​គីឡូក្រាម​នោះ​ ត្រូវ​បាន​គេ​រំពឹង​ថា​ មិនអាច​ឈ្នះ​ ឌុន ​រដ្ឋា ​នោះ​ទេ​ ​ព្រោះ​កីឡាករ​ពួក​អីរ៉ុប ​ដែល​យក​មក​ប្រ​កួត​ភាគ​ច្រើន​ជា​ប្រភេទ​កីឡាករ​ទេស​ចរណ៍ ​មក​ប្រ​កួត​គ្រាន់​តែ​បង្គ្រប់​កិច្ច ​តាម​ការ​ចង់​បាន​របស់​អ្នក​ឧបត្ថម្ភ​កម្ម​វិធី​ប៉ុណ្ណោះ​។​

ជា​មួយ​គ្នា​នេះ​ លោក​ ថៃ​ អ៊ូ​ ​បាន​ត្អូញ​ត្អែរ​ពី​តម្លៃ​ខ្លួន​ពួក​កីឡាករ​អីរ៉ុប​នេះ ​ថ្លៃ​ហើយ​អស់​សោហ៊ុយ​ច្រើន​ទៀត​ ប៉ុន្តែ​​សមត្ថភាព​មិន​ល្អ​ដល់​កីឡាករ​ថៃ​ទេ​។ ដោយ​ឡែក​គូ​ម៉ា​រ៉ាតុង​វិញ​​សូត្រ​ ខេវិន​ ត្រូវ​បាន​គ្រូ​បង្វឹក​គឺ ​លោក ​សួន ​ប៊ុន​សូត្រ ​អះអាង​រំពឹង​ឈ្នះ ​សេក​ ចៅ​ជូត​ ដោយ​មិន​បារម្ភ​ពី​ការ​ចាញ់​នោះ​ទេ​ ​ឯ​ ​វៀត ​ប៊ុន​ឌឿន ​ក៏​ត្រូវ​បាន​គេ​រំពឹង​ថា ឈ្នះ​លើ​ជើង​ថ្មី ​ឡុង​ ឡា​មក​ពី​ខេត្ត​ឧត្តរមានជ័យ​ផង​ដែរ៕