The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ជា សំនៀង រងការ​ព្រមាន​៤​លើក មុន​នឹង​កាត់​ក្តី​ឲ្យ​ឈ្នះ​ Aram Boy




ជា សំនៀង រងការ​ព្រមាន​៤​លើក មុន​នឹង​កាត់​ក្តី​ឲ្យ​ឈ្នះ​ Aram Boy

Content image - Phnom Penh Post
កីឡាករ​ថៃ Aram Boy (ស្តាំ) ព្យា​យាម​ទាត់​ទៅ​លើ​កីឡាករ ​ជា សំនៀង ក្នុង​ការប្រកួត​​កាលពីថ្ងៃ​អាទិត្យ​។ យឺន ពន្លក

ជា សំនៀង រងការ​ព្រមាន​៤​លើក មុន​នឹង​កាត់​ក្តី​ឲ្យ​ឈ្នះ​ Aram Boy

ភ្នំ​ពេញ: កីឡាករ​ប្រ​ដាល់​​ ជា សំនៀង មក​ពី​ក្លិប​ទ័ព​ឆ័ត្រ​យោង​៩១១ ដែល​ឡើង​ប្រ​កួត​វគ្គ​ជម្រុះ​ចុង​ក្រោយ​​​ក្នុង​ខ្សែ​ក្រវាត់​ Barrley Black ​ទម្ងន់​៦៥​គីឡូ​ក្រាម​ជា​មួយ​កីឡាករ​ថៃ​ Aram Boy ​កាល​ពី​ថ្ងៃ​អាទិត្យ បាន​បង្កើត​ឲ្យ​មាន​​ភាព​មិន​ប្រ​ក្រ​តី​ ដោយ​​វាយ​មិន​អស់​ពី​សមត្ថភាព ហើយ​អាជ្ញា​កណ្តាល​លោក​​យឹម សុខុម ព្រមាន​ពីរ​លើក​លើ​សង្វៀន ​ហើយ​​ប្រធាន​វិនិច្ឆ័យ​លោក​រាជ​ សុផែន​ បាន​ព្រ​មាន​ពីរ​លើក​ទៀត​ បម្រុង​​បណ្តេញ​ចុះ​ពី​សង្វៀន​។​

ទោះ​ជា​យ៉ាង​ណា ​នៅ​ទឹក​ទី​៥​ ជា​ សំនៀង បាន​ប្រឹង​ប្រែង​​ប្រ​កួត​ឡើង​វិញ​មាន​ប្រៀប​បន្តិច​បន្តួច​លើ​កីឡាករ​ Aram Boy ​ហើយ​ទទួល​បាន​លទ្ធផល​ឈ្នះ​ក្នុង​ពិន្ទុ​៣​ទល់​២​ ពី​សំណាក់​ចៅ​ក្រម​​ទាំង​៥​។​ មូល​ហេតុ​នាំ​ឲ្យ ​ជា​ សំនៀង ​មាន​ចេតនា​មិន​ចង់​ប្រ​កួត ​ឬ​វាយ​មិន​អស់​ពី​សមត្ថភាព​ត្រូវ​គេ​សង្ស័យ​ពី​មូល​ហេតុ​ថា ​រូប​គេ​ទោះ​បី​ជា​ចាញ់​​កីឡាករ​ថៃ​ដោយ​ពិន្ទុ ក៏​នៅ​តែ​​មាន​ឱកាស​បាន​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ជា​មួយ​កីឡាករ​ថៃ​ ​Play Noy ដែរ​។​

ហេតុ​ផល​ទាំង​នេះ​ ធ្វើ​ឲ្យ ជា​ សំនៀង​ ជាប់​សង្ស័យ​ពីរ​ករណី​គឺ​ទី​១ លក់​ការ​ប្រ​កួត​ឲ្យ​ឈ្មួញ ដើម្បី​ទទួល​ប្រាក់​សំណូក​ក្រៅ​សង្វៀន​ និង​ទី​២ ​មិន​ចង់​វាយ​ ព្រោះ​​ចង់​សន្សំ​កម្លាំង​សម្រាប់​ការ​ប្រ​កួត​លើក​ក្រោយ​វគ្គ​ផ្តាច់​ព្រ័ត្រ​ព្រោះ​ដឹង​ច្បាស់​ថា​
បាន​ឡើង​ទៅ​ហើយ​។ សកម្ម​ភាព​ប្រ​កួត​នៅ​ពីរ​ទឹក​ដំបូង ជា​ សំនៀង ​មិន​ប្រើ​កែង ​ឬ​ជង្គង់​បាន​ល្អ​ដូច​មុន​ទេ​ ខណៈ​ដែល​អាជ្ញា​កណ្តាល​ ពិធីករ​ និង​គណៈ​វិនិច្ឆ័យ​បង្ខំ​ឲ្យ​វាយ និង​ព្រ​មាន​ជា​ច្រើន​លើក​ឲ្យ​សម​ជា​គូ​ដណ្តើម​ខ្សែ​ក្រវាត់​ដែល​មាន
​តម្លៃ​ខ្លួន​ប្រ​កួត​ខ្ពស់​។​

ទោះ​ជា​យ៉ាង​នេះ​ក្តី​ ជា​ សំនៀង បាន​​វាយ​តាម​ដំណើរ​មិន​សម្រុក​ដូច​មុនៗ​ ពោល​គឺ​ហាក់​បី​ដូច​មិន​ចង់​ឈ្នះ​ដៃ​គូ ហើយ​កីឡាករ​ថៃ​ Aram Boy​ ហាក់​បី​ដូច​បន្ធូរ​ដៃ​ទៀត​ដែល​ធ្វើ​ឲ្យ​ការ​ប្រកួត​ស្ថិតក្រោម​ការ​សើច​​អក​ពី​អ្នក​ទស្ស​នា​ដោយ​ផ្ទាល់​។ ​

Content image - Phnom Penh Post
កីឡាករ​ជីម ចិត្រ្តា ត្រូវ​បាន​កណ្តាល​​រាប់ ក្រោយ​ពី​កីឡាករ​ថៃ​វាយ​ឲ្យ​សន្លប់​។ យឺន ពន្លក

ចប់​ទឹក​ទី​៤ ​លោក​ រាជ​ សុផែន​ ប្រ​ធាន​វិនិច្ឆ័យ​​បាន​ប្រ​កាស ​និង​ព្រមាន​ជា​ចុង​ក្រោយ​ថា​ បើ​ទឹក​ទី​៥​ វាយ​មិន​អស់​ពី​សមត្ថ​ភាព​ទៀត​ នឹង​បណ្តេញ​ចុះ​ ហើយ​ប្រ​គល់​ជ័យ​ជម្នះ​ឲ្យ​ទៅ​កីឡាករ​ មឿន​ សុខ​ហ៊ុច ដែល​មាន​លេខ​រៀង​លំដាប់​ទី​២​ក្នុង​ពូល​កម្ពុជា​ឡើង​ជំនួស​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​វិញ​។​

ក្រោយ​ការ​ព្រមាន​ ជា​ សំនៀង​ បាន​​ប្រើ​កាយ​វិកា​សុំ​ទោស និង​ប្រឹង​ប្រ​កួត​ឡើង​វិញ​ដោយ​មាន​ប្រៀប​លើ​កីឡាករ​ថៃ​ Aram Boy ​ហើយ​ទី​បំផុត​ត្រូវ​បាន​ចៅ​ក្រម​កាត់​សេច​ក្តី​ឲ្យ​ ជា ​សំនៀង​ ឈ្នះ​៣​ទល់​ទៅ​២​ក្រោម​ទិដ្ឋ​ភាព​មាន​ខ្លះ​គាំ​ទ្រ​ និង​មាន​ក្រុម​ខ្លះ​មិន​គាំ​ទ្រ​។​

ចំណែក​កីឡាករ​ជឹម ​ចិត្ត្រា​ ជា​មួយ​កីឡាករ​ថៃ​ Phich Nam Ek ​ដែល​ឆ្លង​កាត់​៣​ប្រ​កួត​ចាញ់​ដូច​គ្នា​នោះ​ បាន​ប្រកួត​គ្នា​​យ៉ាង​​ទាក់​ទាញ​ជាង​លើក​មុនៗ​ ក្នុង​នោះ ​ជឹម ​ចិត្រ្តា វាយ​​បាន​ល្អ​ជាង​លើក​មុនៗ​​។ នៅ​ទឹក​ទី​១​ កីឡាករ​ថៃ​ បាន​វាយ ជឹម​ ចិត្ត្រា​
ឲ្យ​អាជ្ញា​កណ្តាល​រាប់​ដល់​៨​ ប៉ុន្តែ​ចូល​ទឹក​ទី​២​ ​ចិត្ត្រា​ បាន​វាយ​​ឲ្យ​អាជ្ញា​កណ្តាល​រាប់​កីឡាករ​ថៃ ​Phich Nam Ek ​វិញ​ម្តង​។​

ទោះ​ជា​យ៉ាង​ណា​ ការ​ប្រ​កួត​ឈាន​ដល់​ទឹក​ទី​៤​ ជឹម ​ចិត្ត្រា​ ទទួល​រង​មួយ​កែង​ស្រប​ពេល​ដែល​អាជ្ញា​កណ្តាល​ឃាត់​​ក៏​សន្លប់​តែ​ម្តង ហើយ​ជ័យ​​ជម្នះ​​ត្រូវ​បាន​ប្រគល់​ឲ្យ​ទៅ​កីឡាករ​ថៃ ​Phich Nam Ek​។​ ចំណែក​លទ្ធផល​គូ​អន្តរជាតិ​ពេល​យប់ ​កីឡាករ​វេង ​សុភ័ក្ត្រ មក​ពី​កង​ទ័ព​ឆ័ត្រ​យោង​៩១១​ ទទួល​បាន​លទ្ធ​ផល​ស្មើ​​ជា​មួយ​ជើង​ខ្លាំង​ម្ចាស់​ខ្សែ​ក្រ​វាត់ ​Loom Leng ​ក្រោយ​ប្រ​កួត​ចំនួន​៥ទឹក​ពេញ​ក្នុង​ទម្ងន់​៦៥​គីឡូក្រាម​។​

ដោយឡែក ជើង​កីឡាករ​​ថ្មី​កម្ពុជា​ ធឿន​ ធារ៉ា​ មក​ពី​ក្រ​សួង​​កសិកម្ម​ បាន​ផ្តួល​ជើង​ខ្លាំង​របស់​ថៃ ​ភិច​ អារុន​ ក្នុង​ទម្ងន់​ ៦៩ ​គីឡូ​ក្រាម ​ក្នុង​ទឹក​ទី​១​ ដោយ​ពីរ​កែង​ផ្ទួនៗ​៕​​

អត្ថបទគួរចាប់អារម្មណ៍