ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន ដែលជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានចាត់ទុកព្រឹត្តិ្កការណ៍ «ជិះកង់នៃក្តីស្រឡាញ់» ដែលត្រូវបានធ្វើឡើងនៅក្រុងព្រះសីហនុ កាលពីថ្ងៃអាទិត្យ ទី ១៤ កុម្ភៈ ថា ជាការជួបជុំ និងចូលរួមក្នុងសកម្មភាពកីឡា និងទេសចរណ៍ ដោយបានបង្ហាញឱ្យឃើញនូវការងើបឡើងវិញនៃវិស័យទេសចរណ៍ បន្ទាប់ពីជំងឺកូវីដ១៩ ត្រូវបានរាជរដ្ឋាភិបាល គ្រប់គ្រងបានល្អប្រសើរជាងប្រទេសដទៃ។
លោក ថោង ខុន បានថ្លែង ក្នុងពេលបើកការប្រកួត កាលពីព្រឹកថ្ងៃអាទិត្យនោះថា៖ «ជិះកង់នៃក្តីស្រឡាញ់ គឺជាការចាប់ផ្ដើមឡើងវិញនៃការរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍ នៅក្រុងព្រះសីហនុ ដែលជាទីក្រុងទើបកែច្នៃបានល្អ ផ្លូវល្អ ក្រោយការដាក់ទុនវិនិយោគយ៉ាងច្រើន ដើម្បីផ្សព្វផ្សាយ បង្កើនភាពទាក់ទាញភ្ញៀវទេសចរឱ្យមកលេងតំបន់ឆ្នេរកម្ពុជានេះ កាន់តែច្រើន ហើយខ្ញុំជឿជាក់ថា ព្រឹត្តិការណ៍ នៅថ្ងៃនេះ ទោះបីនៅតូច តែវាពិតជាបានបង្ហាញនូវការចាប់ផ្តើមសាកល្បងជាបណ្តើរៗ នូវការរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍តូចៗ ជាដំណាក់កាលឈានទៅធំៗបាន»។
តាមរយៈការប្រណាំងជិះកង់ ក្រោមបរិយាសកាសដ៏ស្រស់ត្រកាល និងស្នាមញញឹម កាលពីព្រឹកថ្ងៃអាទិត្យនោះ គឺមានអ្នកស្នេហាវិស័យកីឡាជិះកង់ចំនួន ៣៥១ នាក់ បានចូលរួម ក្នុងនោះមានបងប្អូនមកពីបណ្តាខេត្តនានា ដូចជាខេត្តកំពង់ចាម កំពង់ស្ពឺ កណ្តាល រាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ព្រមទាំងមានជនបរទេសមួយចំនួន ដែលកំពុងរស់នៅកម្ពុជា មានដូចជា ឥណ្ឌា ចិន ថៃ ហ្វីលីពីន និងអង់គ្លេស ផងដែរ ក្នុងស្មារតីកីឡា ការចាញ់ឈ្នះជារឿងធម្មតា តែសំខាន់បំផុត គឺការចូលរួម។
លោក ថោង ខុន បានបន្ថែមថា៖ «ខ្ញុំគិតថា ថ្ងៃនេះ កីឡាករទាំងអស់ក៏ដូចជាប្រជាជនយើងទូទាំងប្រទេស ពិតជាមានមោទនភាពណាស់ ចំពោះការអភិវឌ្ឍដ៏ឆាប់រហ័សរបស់ទីក្រុងព្រះសីហនុរបស់យើង ដែលជាទីក្រុងដ៏ចម្បង ១ នៅតំបន់ឆ្នេរសមុទ្រកម្ពុជា ឬ ជាតារារះនាទិសនិរតី ហើយតាមរយៈព្រឹត្តិការណ៍កីឡាទេសចរណ៍នេះ បានជួយបង្ហាញ និងផ្សព្វផ្សាយពីគោលដៅទេសចរណ៍មួយ ដែលប្រកបដោយសុវត្ថិភាព និងការអភិវឌ្ឍដ៏ល្អ ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដោយអាចនិយាយថា ទេសចរណ៍ងើបឡើងវិញ»។
ចំណែកលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងជាម្ចាស់ផ្ទះ បានចាត់ទុកព្រឹត្តិការណ៍កីឡាជិះកង់នេះ ថាជាការបំផុសចលនាឱ្យប្រជាពលរដ្ឋ បានលេងកីឡា ដើម្បីពង្រឹងសមត្ថភាព ផ្លូវកាយ ផ្លូវចិត្ត ព្រមទាំងធ្វើឲ្យសរសៃសាច់ដុំ និងផ្លូវដង្ហើមមានភាពរឹងមាំ ពិសេសសុខភាពល្អ។
លោកបន្តថា៖ «ព្រឹត្តិការណ៍កីឡា ១៤ កុម្ភៈ នេះ មិនត្រឹមតែជាការអភិវឌ្ឍកីឡាជំនាញកម្រិតខ្ពស់ប៉ុណ្ណោះទេ ប៉ុន្ដែវាជាការបំផុសចលនាកីឡាមួយ ដែលស្របគ្នាជាមួយនឹងយុទ្ធនាការប្រជាជនម្នាក់លេងកីឡា ១មុខ ដើម្បីដំណើរឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣ នៅកម្ពុជា»។
ជុំវិញលទ្ធផលការប្រកួតទាំង ៣ វិញ្ញាសា មានជិះកង់អាជីពចម្ងាយ ៤០ គីឡូម៉ែត្រ, Fun Ride ចម្ងាយ ២៥ គីឡូម៉ែត្រ និង Family Couple Ride ជិះកង់ជាក្រុមគ្រួសារ ចម្ងាយ ១៥ គីឡូម៉ែត្រ តាមផ្លូវក្នុងទីក្រុងថ្មី និង តំបន់ឆ្នេរសមុទ្រសំខាន់ៗ នៃក្រុងព្រះសីហនុ នោះ ត្រូវបានលោក វ៉ាត់ ចំរើន ជាអ្នកគ្រប់គ្រងកម្មវិធី ប្រាប់ថា មិនសម្រួចទៅរកជើងឯក ឬ ចំណាត់ថ្នាក់នោះទេ គឺខ្លឹមសារសំដៅកីឡា និងទេសចរណ៍ ដែលចង់ពន្យល់ដល់យុវជ័យថា ថ្ងៃ ១៤ កុម្ភៈ មិនមែនជាថ្ងៃដែលត្រូវលះបង់ព្រហ្មចារីដល់គូស្នេហ៍នោះទេ ប៉ុន្តែសំដៅលើការគោរពស្រឡាញ់ ចំពោះឪពុកម្តាយ ក្រុមគ្រួសារ មិត្តភក្ដិ និងជាព្រឹត្តិការណ៍នៃក្តីស្រឡាញ់កីឡា និងទេសចរណ៍»៕