ភ្នំពេញ៖ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ក្រសួង​ទេសចរណ៍, រដ្ឋបាល​សាលាខេត្ត​ព្រះសីហនុ ព្រមទាំង​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន បាន​រួម​គ្នា​បង្កើត​ព្រឹត្តិការណ៍​កីឡា​លក្ខណៈ​ទេសចរណ៍​ថ្មី​មួយ​គឺ «ជិះ​កង់​នៃ​ក្តី​ស្រឡាញ់» ហើយ​ព្រឹត្តិការណ៍​ដែល​ត្រូវ​ធ្វើ​នៅ​តំបន់​ឆ្នេរ​ខេត្ត​ព្រះសីហនុ នា​ថ្ងៃទី ១៤ ខែកុម្ភៈ នេះ គឺ​មាន​គោល​បំណង ចង់​កែប្រែ​ការ​គិត​ខុស​របស់​យុវជន​ខ្មែរ​មួយ​ចំនួន ដែល​យក​ថ្ងៃ​នេះ ជា​ថ្ងៃ​ត្រូវ​លះបង់​ព្រហ្មចារីយ៍​ជូន​គូស្នេហ៍​ទៅ​វិញ គឺ​ប្រាស​ចាក​ពី​ប្រពៃណី​ជាតិ។

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ និង​ជា​អគ្គលេខាធិការ NOCC បាន​ថ្លែង​ថា៖ «នេះ​ជា​ព្រឹត្តិការណ៍​ថ្មី​មួយ​ទៀត ដែល​ក្រសួង​ទេសចរណ៍ NOCC ព្រមទាំង​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន និង​រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​ឯកភាព​គ្នា​បង្កើត​ឡើង​ក្នុង​គោល​បំណង​កីឡា និង​ទេសចរណ៍ ព្រមទាំង​យក​ថ្ងៃ ១៤ កុម្ភៈ ជា​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់​ឱ្យ​យុវជន​ងាក​មក​ចាប់​អារម្មណ៍​លេង​កីឡា និង​កម្សាន្ត​វិញ ព្រោះ​កន្លងមក មាន​យុវវ័យ​មួយ​ចំនួន​បាន​យល់ច្រឡំ​ថា ថ្ងៃ​បុណ្យ​នៃ​សេចក្ដី​ស្រឡាញ់ គឺ​ជា​ពេល​ដែល​ពួក​គេ​ត្រូវ​លះបង់​នូវ​ព្រហ្មចារីយ៍​ដល់​គូស្នេហ៍​របស់​ខ្លួន ដែល​ផ្ទុយ​ពី​ការ​ពិត និង​ប៉ះពាល់ ដល់​ប្រពៃណី​ជាតិ​ខ្មែរ»។

បន្ថែម​លើ​ការ​បង្វែរ​ផ្នត់​គំនិត​យុវជន​ខ្មែរ ឱ្យ​យល់​ច្បាស់​ពី​អត្ថន័យ​ពិត​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់ ១៤ កុម្ភៈ ដោយ​សំដៅ​ទៅ​លើ​ការ​គោរព​ស្រឡាញ់​ចំពោះ​ឪពុកម្តាយ ក្រុម​គ្រួសារ និង​មិត្តភក្ដិ នេះ គឺ​ជិះ​កង់​នៃ​ក្តី​ស្រឡាញ់ ក៏​ធ្វើ​ឡើង​ក្នុង​គោល​បំណង បង្ហាញ​ពី​សក្តានុពល​ថ្មី​នៃ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ សណ្តាប់​ធ្នាប់ អនាម័យ​ថ្មី​នៃ​ទីក្រុង​គោលដៅ​ទេសចរណ៍​តំបន់ឆ្នេរ​ខេត្ត​ព្រះសីហនុ​ដែរ។

លើក​ពី​នេះ​ទៀត តាមរយៈ​ការ​ជិះ​កង់​នេះ នឹង​នាំ​ឱ្យ​យុវជន និង​មហាជន​បាន​ចូលរួម​ក្នុង​សកម្មភាព​កីឡា ដើម្បី​សុខភាព មិត្តភាព និង​សាមគ្គីភាព ព្រមទាំង​ទាក់ទាញ​ឱ្យ​មហាជន​ជួយ​លើក​កម្ពស់ ដល់​វិស័យ​ទេសចរណ៍ នៅ​តំបន់​ឆ្នេរ​សមុទ្រ​ទៀត​ផង ហើយ​គណៈកម្មការ​រៀបចំ គ្រោង​រៀបចំ​កន្លែង​បោះតង់​តាម​ឆ្នេរ​សមុទ្រ សម្រាប់​អ្នក​ចូលរួម​ទាំង​អស់ ដោយ​សុវត្ថិភាព សណ្ដាប់ធ្នាប់ និង​អនាម័យ​ខ្ពស់។

ចំពោះ​វិញ្ញាសា​ប្រកួត លោក នូ ចំរើន អគ្គលេខា​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន​បាន​ប្រាប់​ថា មាន ៣ វិញ្ញាសាទី១ វិញ្ញាសា​សម្រាប់​អ្នក​ជិះ​កង់​អាជីព ចម្ងាយ ៤០ គីឡូម៉ែត្រ ដែល​នឹង​ចាប់​ផ្ដើម​ចេញ​ដំណើរ​ពី​ឆ្នេរ​អូ​ឈើទាល ឆ្ពោះ​ទៅ​ឆ្នេរ​រាម បន្ទាប់​មក​ត្រឡប់​មក​ឆ្នេរ​អូ​ឈើទាល​វិញ ទី២ Fun Ride គឺ​ជិះ​កង់​កម្សាន្ត​ឆ្នេរ​សមុទ្រ​ថ្មី ចម្ងាយ ២៥ គីឡូម៉ែត្រ ដោយ​ចេញ​ដំណើរ​ពី​ឆ្នេរ​អូឈើទាល ឆ្ពោះ​ទៅ​ឆ្នេរ​អូរត្រេះ ហើយ​ត្រឡប់​មក​ឆ្នេរ​អូរឈើទាល​វិញ។

ចំណែក​ទី៣ Family Couple Ride គឺ​ការ​ជិះ​កង់​ជា​ក្រុម​គ្រួសារ និង​គូស្នេហ៍ ចម្ងាយ ១៥ គីឡូម៉ែត្រ តាម​ផ្លូវ​ក្នុង​ទីក្រុង​ថ្មី និង​ឆ្នេរ​សមុទ្រ មិន​គិតពី​ថិរវេលា ហើយ​គិត​មក​ដល់​ពេល​នេះ មាន​អ្នក​ចុះ​ឈ្មោះ​ចូល​រួម​ជិត ២០០ នាក់​ហើយ។

ទោះយ៉ាងណា គណៈកម្មការ​រៀបចំ​តាមរយៈ​លោក សែម ផល្លា បាន​សំណូមពរ​ដល់​អ្នក​ដែល​មិន​ទាន់​បាន​ចុះ​ឈ្មោះ​​ចូលរួម គឺ​សូម​មក​ចុះឈ្មោះ​ឱ្យ​បាន​រួសរាន់ ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ដល់​គណៈកម្មការ ក្នុង​ការ​ផ្តល់​ស្លាក​លេខ​ប្រកួត​ជូន​ដល់​អ្នក​ចុះឈ្មោះ​ក៏​ដូចជា​ផ្តល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​រៀបចំ៕