ភ្នំ​ពេញ: ការ​ប្រ​កួត​ប្រ​ដាល់​គុន​ខ្មែរ​ដណ្តើម​ខ្សែ​ក្រវាត់ Wurkz​ ទម្ងន់​៦៣,៥​គីឡូ​ក្រាម​នៃ​សង្វៀន​អាស៊ី​អា​គ្នេយ៍ ដែល​បាន​ចាប់​ផ្តើម​រយៈ​ពេល ​៨​ សប្តាហ៍​កន្លង​មក​នេះ​ បាន​លេច​ជា​លទ្ធផល​ហើយ​​ កាល​ពី​ថ្ងៃ​អាទិត្យ ដើម្បី​​​កំណត់​ជោគ​វាស​នា​​​កីឡាករ​ប្រ​ដាល់​ដែល​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ​ ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ បើ​ទោះ​បី​នៅ​សល់​វគ្គ​ជម្រុះ​ចុង​ក្រោយ​​១​លើក​ទៀត ដែល​ជា​ការ​ប្រកួត​បង្គ្រប់​កិច្ច​ក៏ដោយ។

បើ​ទោះ​បី​​​កីឡាករ​កម្ពុជា​ទាំង២​រូប​គឺ ទេស ​ជីវ៉ា​និង​វេង សុភ័ក្រ ​បាន​ធ្លាក់​ចេញ​រួច​ជា​ស្រេច​ក៏​ដោយ ប៉ុន្តែ ពួក​គេ​បាន​វាយ​​អស់ពី​សមត្ថភាព ដែល​ធ្វើ​​ឲ្យ​មាន​ការ​ជក់​ចិត្ត​ដិត​អារម្មណ៍​ខ្លាំង​ពី​អ្នក​ទស្សនា ​និង​មាន​ការ​កោត​​សរ​សើរ​ពី​មហា​ជន​។​

ទេស​ជីវ៉ា ​អ្នក​ប្រដាល់​ចិត្ត​ធំ​មក​ពី​ក្លិប​កង​ពល​លេខ​៧០​ ដែល​ក្នុង​​វគ្គ​ជម្រុះ​ចំនួន​៤​លើក​ ចាញ់​ទាំង ​៤ ​លើក​ មាន​តែ ​៤​ ពិន្ទុ​​នោះ បាន​ចាញ់​ ដោយ​សន្លប់​ក្រោម​ស្នៀត​ជង្គង់​របស់​កីឡាករ​ថៃ ​Fa Nemith ត្រឹម​ទឹក​ទី​៣​។ ​

បើ​ទោះ​បី​កីឡាករ​ទេស ​ជីវ៉ា ​បាន​បន្ត​ចាញ់​ក៏ដោយ ប៉ុន្តែ រូប​គេ​បាន​បង្ហាញពី​​ស្មារតី​ការ​ប្រ​កួត​មុះ​មុត និង​​ចិត្ត​ធំ ដែល​ធ្វើ​ឲ្យ​អ្នក​ទស្សនា​នៅ​តែ​គាំ​ទ្រ ​និង​មាន​ប្រជា​ប្រិយ​​ខ្លាំង​ដដែល​។​

មុន​នឹង​ទេស​ ជីវ៉ា​ ដួល​សន្លប់​ដោយ​ស្នៀត​ជង្គង់​របស់​ថៃ​ ក្នុង​ទឹក​ទី​៣​ រូប​គេ​មាន​ស្នៀត​កែង​ និង​ទាត់​ចូល​ល្វែង​ក្រោម​របស់​កីឡាករ​ថៃ ​Fa​ Nemith ​ស្ទើរ​ខូច​ទៅ​ហើយ​ ពិសេស​កីឡាករ​ថៃ​រូប​នោះ​រក​កល​នឹង​បែក​កង់​ផង​ដែរ​ ប៉ុន្តែ​ស្នូវ​ជួង​បន្លឺ​ក្នុង​ទឹក​២​​គេ ដើម្បី​ធ្វើ​ឲ្យ​គេ​គេច​ផុត​ពី​បញ្ហា​មុន​នឹង​យក​ឈ្នះ​វិញ​ក្នុង​ទឹក​ទី​៣។

កីឡាករ​ទេស ជីវ៉ា (ឆ្វេង) ព្យា​យាម​វាយ​ទៅលើ​​កីឡាករថៃ Fa Nemith ក្នុង​ការប្រកួត​កាលពីថ្ងៃអាទិត្យ​។ យឺន ពន្លក

បើ​ទោះ​បី Fa​ Nemith ​បាន​ផ្តួល​ទេស​ ជីវ៉ា​ ក៏ដោយ ក៏​រូប​គេ​​មិន​មាន​ពិន្ទុ​បាន​ឡើង​ទៅ​វគ្គ​បន្ត​ដូច​គ្នា​ ដោយ​គេ​មាន​ពិន្ទុ​ក្នុង​លំដាប់​ទី​២​ ក្នុង​ពូល ​B ​បន្ទាប់​ពី​កីឡាករ Pek​ Thieng​។

​ចំណែក​គូ​ខ្សែ​ក្រ​វាត់​មួយ​គូ​ទៀត ​កីឡាករ​វ៉េង ​សុភ័ក្រ មក​ពី​ក្លិប​កង​ទ័ព​ឆត្រ​យោង​៩១១​ បាន​ចាញ់​ពិន្ទុ​កីឡាករ​ថៃ ​Pek ​Thieng ​ក្រោយ​​ពី​ប្រ​កួត​យ៉ាង​ស្វិត​ស្វាញ​រយៈ​ពេល​៥​ទឹក​។​

Pek​ Thieng ឈ្នះ​លើ​វ៉េង​ សុភ័ក្រ ​លើក​នេះ​ហាក់​ដូច​ជា​ប្រ​ផិត​ប្រ​ផើយ​ខ្លាំង​ណាស់ ​ខណៈ​ដែល​ទឹក​ ៤ និង​​ទឹក ​៥​ សុភ័ក្រ បាន​វាយ​​ជង្គង់​បាន​ល្អ​ ទោះ​ជា​កម្លាំង​មើល​ទៅ​ហាក់​ពី​ដូច​ថម​ថយ និង​​ដាប​ជាង​ថៃ​ក៏ដោយ​។​ វ៉េង​ សុ័ភក្រ ក្នុង​វគ្គ​ជម្រុះ​៤​លើក​ ឈ្នះ​៣​លើក​ អវត្ត​មាន​១​លើក ​ដោយ​បញ្ហា​សុខ​ភាព​មាន​តែ​ ៩ ​ពិន្ទុ​ តាម​តាម​ពី​ក្រោយ​កីឡាករ​ឡុង ​សំណាង​ ដែល​ឈ្នះ​ទាំង​៤​ប្រ​កួត ​មាន ​១២​ ពិន្ទុ​ខ្ពស់​ជាង​គេ​ដាច់​នៅ​កំពូល​តារាង​។​ ​

ក្នុង​ពូល​កីឡាករ​ថៃ​មាន​តែ ​Pek ​Thieng ​ម្នាក់​គត់​ដែល​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ ដោយ​ក្នុង​ចំណោម​​៤​ប្រ​កួត រូប​គេ​បាន​​ឈ្នះ​៣​ប្រ​កួត ​អវត្ត​មាន​១​ប្រ​កួត ​មាន​៩​ពិន្ទុ។ ហេតុនេះ មាន​ន័យ​ថា ឡុង សំណាង និង​កីឡាករ​ថៃ Pek ​Thieng នឹង​ត្រូវ​ឡើង​ជួបគ្នា​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​ នា​ថ្ងៃ​ទី​៨៩ ខែវិច្ឆិកា ឆ្នាំ​២០១៨​​៕