ភ្នំពេញ៖ ​កីឡាករ​ជើង​ខ្លាំង​​ទម្ងន់​ធ្ងន់​របស់​កម្ពុជា ៣ នាក់ ​មាន អ៊ុង វិរៈ, ពុទ្ធ​ ឆាយរិទ្ធី​ និង វង្ស ​វិឆ័យ ត្រូវ​បាន​ដាក់​ប្រកួត​​ជាមួយ​កីឡាករ​​​ថៃ​ បារាំង​ និង​អាមេរិក នៅ​ក្នុង​កម្មវិធី Mas Fight​Cambodia​ នៃ​សង្វៀន​ថោន​នៅ​ថ្ងៃ​អាទិត្យ​នេះ ដែល​ការ​ប្រកួត​មាន​តែ ​១ ​ទឹក ស្មើ ​៩ នាទី ខណៈ​អ្នក​ផ្តួល​គូ​ប្រកួត​ឲ្យ​សន្លប់ នឹង​បាន​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​បន្ថែម​លើ​ប្រាក់​តម្លៃ​ខ្លួន។

នៅ​ក្នុង​ការ​ប្រកួត​នេះ ​​ពុទ្ធ​ ឆាយរិទ្ធី ​របស់​​ក្លិប​ពុទ្ធ​សេរី​វង្ស ត្រូវ​​ប៉ះ​ថៃ​ Kongwuth Kosetjan ក្នុង​ទម្ងន់ ​៦៨ ​គីឡូក្រាម​ ចំណែក ​វង្ស ​វិឆ័យ​ មក​ពី​ក្លិប​កង​ទ័ព​ឆត្រ​យោង ​៩១១​ ត្រូវ​ជួប​កីឡាករ​បារាំង ​Bahi Mhamed ក្នុង​ទម្ងន់ ​៦៩ ​គីឡូក្រាម ខណៈ​រៀម​ច្បង​របស់​គេ ​អ៊ុង ​វិរៈ ​ត្រូវ​ប៉ះ​​​អ្នក​ប្រដាល់​​មក​ពី​សហរដ្ឋ​អាមេរិក ​Banasiak Pawel ក្នុង​​ទម្ងន់ ​៨៤ ​គីឡូក្រាម។​

តាម​តារាង​ប្រៀប​ធៀប​បទពិសោធ​ប្រកួត​ដែល​​ភ្នំពេញ ​ប៉ុស្តិ៍ ​ទទួល​បាន ​ពី​គណៈកម្មការ​រៀបចំ​បាន​ឲ្យ​ដឹង​ថា ​ពុទ្ធ ​ឆាយ​រិទ្ធី ​ធ្លាប់​ប្រកួត​បាន ​១២៦​ ឈ្នះ ​៩៦​ ​ចាញ់ ​២៨​ ​និង​ស្មើ ​២ ដង​ ​ក្នុង​នោះ​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​ ​៩ ​ដង ខណៈ​គូ​ប្រកួត​របស់​គេ Kongwuth Kosetjan ​ធ្លាប់​ប្រកួត​បាន​ ​៨៩ ​ដង ​ឈ្នះ ​៦២ ​និង​ចាញ់​ ២៧ ​ដង​។

ចំណែក ​វង្ស ​វិឆ័យ ​ដែល​មួយ​រយៈ​នេះ​ មិន​ដែល​ចាញ់​សោះ​នោះ​ មាន​បទពិសោធ​ប្រកួត​បាន​ ​៦២ ​ដង ​ឈ្នះ ​៥៤​ និង​​ចាញ់ ​៧ ដង ​ក្នុង​នោះ​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​បាន ​១៥ ​ដង គឺ​​ច្រើន​ជាង​កីឡាករ​​បារាំង​ Bahi Mhamed ដែល​ប្រកួត​បាន ​៤០ ​ដង ​ឈ្នះ ​៣០​ និង​​ចាញ់ ​១០ ​ដង។

ដោយ​ឡែក ​អ៊ុង​ វិរៈ​ គឺ​មាន​បទពិសោធ​ប្រកួត​ច្រើន​លើស​លប់​ពី​គូ​ប្រកួត​របស់​ខ្លួន ព្រោះ វិរៈ ធ្លាប់​ប្រកួត ​១០០ ​ដង ​ឈ្នះ ​៨៩​ ​ចាញ់ ​៧​ និង​​ស្មើ ​៤​ ដង ​ក្នុង​នោះ​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​បាន ​២១ ​ដង​ប៉ុន្តែ Banasiak Pawel ធ្លាប់​ប្រកួត​ត្រឹម​ ​១៧ ​ដង ​ឈ្នះ ​១៥​ ​និង​ចាញ់ ​២ ​ដង ​ក្នុង​នោះ​បាន​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់ ​១០ ​លើក។​

ទោះ​យ៉ាង​ណា លោក ​ស្រ៊ុន​ កុសល​ នាយក​គ្រប់គ្រង​កម្មវិធី​បាន​ប្រាប់​ថា​៖ ​«​សមត្ថភាព​របស់​កីឡាករ​បរទេស​ ទោះ​មាន​ចំនួន​ប្រកួត​តិច​ជាង​កីឡាករ​ខ្មែរ ​ប៉ុន្តែ​លក្ខណៈ​បច្ចេកទេស​ផ្គូផ្គង​របស់​គណៈកម្មការ​ Mas Fight ​ដែល​មាន​ទីស្នាក់ការ​នៅ​ក្រុង​ហុងកុង​ គេ​ពិនិត្យ​មើល​ពី​ឃ្លីប​វីដេអូ​ប្រកួត​យ៉ាង​ច្បាស់​លាស់​ ទើប​សម្រេច​ដាក់​ឲ្យ​ប្រកួត​គ្នា​ ហេតុ​នេះ​ការ​ប្រកួត​កន្លង​មក​ជិត ​២០ ​សប្តាហ៍​ គឺ​លទ្ធផល​ចាញ់​ ឬ​ឈ្នះ​ សុទ្ធ​តែ​មាន​លក្ខណៈ​ស្វិតស្វាញ​ និង​តឹងតែង​បំផុត»​។​

ចំណែក​លោក​ ហង្ស​ ស៊ឺន គ្រូ​បង្វឹក​របស់​ ​អ៊ុង ​វិរៈ​ និង ​វង្ស ​វិឆ័យ បាន​ប្រាប់​ថា​៖ «​ពួក​គេ​ទាំង ​២ ​ហ្វឹកហាត់​ត្រៀម​បាន​ល្អ ​ប៉ុន្តែ​ការ​ប្រកួត​ទម្ងន់​ធ្ងន់​នេះ ​គឺ​មិន​ហ៊ាន​ទស្សន៍​ទាយ​លទ្ធផល​មុន​ប្រកួត​ថា​យ៉ាង​ណា​នោះ​ទេ​ ព្រោះ​ខ្ញុំ​មិន​ដែល​ឃើញ​ការ​ប្រកួត​របស់​កីឡាករ​បរទេស​នោះ​ឡើយ​ហើយ​ទម្លាប់​របស់​សិស្ស​ខ្ញុំ​ហ្វឹក​ហាត់​ពេញ​ម៉ោង​ល្អ​ដូច​គ្នា​»​។​

លោក​បន្ថែម​ថា​៖​ «​ប្រសិន​បើ​ពួក​គេ​វាយ​សម្រុក​គ្នា​ខ្លាំង​ មិន​ដក​ថយ​ គឺ​អាច​នឹង​សន្លប់​ក្រោម​ ៩ ​នាទី​ ​ព្រោះ​ទម្ងន់​ធ្ងន់​បែប​នេះ ​ពេល​វាយ​ចូល​គោលដៅ​ពេញ​ល្អ​ងាយ​នឹង​សន្លប់​ណាស់​»។​ ទោះ​ជា​យ៉ាង​ណា​គ្រូ​បង្វឹក​ ដែល​កំពុង​ល្បី​ឈ្មោះ​ខាង​បណ្តុះបណ្តាល​កីឡាករ​បាន​ល្អ​ច្រើន​ជាង​គេ​នៅ​ក្នុង​ស្រុក​ខ្មែរ​រូប​នេះ​​បាន​បង្ហើប​​ថា​៖​ «​វង្ស ​វិឆ័យ​ និង ​អ៊ុង ​វិរៈ ​គឺ​ ៩០​ ភាគរយ​ នឹង​ឈ្នះ​ដោយ​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់ ​ហើយ​​និយាយ​បែប​នេះ​កុំ​ថា​ខ្ញុំ​​អួត ​គឺ​ខ្ញុំ​ឃើញ​ថា ​វា​ហាត់​ល្អ»​៕