ភ្នំពេញ៖ ​អ្នក​ប្រដាល់​គុន​ខ្មែរ​លំដាប់​ជួរ​មុខ​ចំនួន ​៥ ​នាក់​ទៀត ​មាន រឿង សោភ័ណ្ឌ, ម៉ឺន មេឃា, លី ភា, ឡុង សុវណ្ណឌឿន និង សូត្រ ប៊ុនធី នឹង​ត្រូវ​បង្ហាញ​សមត្ថភាព​រួម​គ្នា​ក្នុង​ការ​ប្រកួត Mas Fight នៅ​លើ​សង្វៀន​ថោន នា​ថ្ងៃ​អាទិត្យ​ខាង​មុខ​​នេះ ហើយ​ការ​ឡើង​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ ដែល ​១ ទឹក មាន ​៩ នាទី​នេះ គឺ​ពួក​គេ​សុទ្ធ​តែ​រំពឹង​អាច​ផ្តួល​កីឡាករ​បរទេស​ឲ្យ​សន្លប់ មុន​ពេល​កំណត់ ដើម្បី​ទទួល​បាន​ប្រាក់​រង្វាន់​បន្ថែម ចាប់​ពី​ ២០០ ដុល្លារ ដល់​ខ្ទង់​ពាន់​ដុល្លារ។

តាម​គណៈកម្មការ​រៀបចំ​ឲ្យ​បាន​ឲ្យ​ដឹង​ថា អ្នក​លេង​កណ្តាប់​ដៃ​ឆ្វេង រឿង សោភ័ណ្ឌ នឹង​ត្រូវ​ប៉ះ​ជាមួយ​អ្នក​ប្រដាល់​ផ្សង​ព្រេង​មក​ពី​ប្រទេស ​បារាំង​ ​Sam Sityodtong ​ក្នុង​ទម្ងន់ ​៧០ ​គីឡូក្រាម​ ហើយ​តាម​​ប្រវត្តិ​របស់​​បារាំង​រូប​នេះ​ ទំនង​ជា​ សោភ័ណ្ឌ​ អាច​នឹង​ស៊ី​ផុយ ព្រោះ Sam Sityodtong ដែល​មាន កម្ពស់ ​១,៨០ ធ្លាប់​ប្រកួត​ត្រឹម​ ​១៨ ​ដង ​ឈ្នះ ​១១ និង​​ចាញ់ ​៧ ​ដង ​ខណៈ​ដែល​ សោភ័ណ្ឌ​ ប្រកួត​បាន​ដល់ ​១៧០ ​ដង ​ឈ្នះ ​១៥៥ ចាញ់ ១០ ស្មើ ៥ និង​​ធ្លាប់​​បាន​ខ្សែ​ក្រវាត់​ចំនួន ​៨ ​ស្ថាប័ន​​។​

រឿង ​សោភ័ណ្ឌ​ និយាយ​ថា​៖ «​​បើ​កីឡាករ​បារាំង​នោះ​មិន​លាក់​ប្រវត្តិ​ប្រកួត​ទេ ​គឺ​បទពិសោធ​ប៉ុណ្ណឹង​ មិន​អាច​គេច​ផុត​ពី​សន្លប់​​ក្រោម​​កណ្តាប់​ដៃ​របស់​ខ្ញុំ​បាន​នោះ​ទេ។​ ​កីឡាករ​បារាំង​នោះ​ ប្រហែល​ជា​មិន​ខ្លាំង​ប៉ុន្មាន​ទេ​ ​ព្រោះ​ខ្ញុំ​បើក​មើល​តាម​យូធូប​ មិន​ទាន់​មាន​ឈ្មោះ​អ្វី​ដែល​ខ្ញុំ​ព្រួយ​បារម្ភ​ឡើយ ​គឺ​គេ​វ៉ៃ​រត់ ​និង​មិន​ហ៊ាន​ប្តូរ​​កណ្តាប់​ដៃ​ជាមួយ​ខ្ញុំ​ទេ»​។

សោភ័ណ្ឌ បាន​បន្ថែម​ថា៖​ «ទោះ​ជា​យ៉ាង​ណា​ គណៈកម្មការ​ផ្គូផ្គង​​មិន​រើស​យក​​ជើង​ខ្សោយ​មក​ប៉ះ​ខ្ញុំ​នោះ​ទេ​ ​ព្រោះ​តាម​ខ្ញុំ​ដឹង​ គណៈកម្មការ​ផ្គូផ្គង​ នៅ​ហុងកុង ​បាន​ពិនិត្យ​មើល​វីដេអូ​ប្រកួត​ហើយ ​​ទើប​គេ​ផ្គូផ្គង​ឲ្យ​មក​ប្រកួត​នៅ​យើង​។ ទោះ​យ៉ាង​នេះ​ក្តី ​ខ្ញុំ​នៅ​តែ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន គឺ​ខ្ញុំ​សង្ឃឹម​ ៩០ ​ភាគរយ ក្នុង​ការ​​ផ្តួល​ឲ្យ​បារាំង​នោះ​ដេក​ស្អាត​ ដើម្បី​ប្រមូល​ប្រាក់​រង្វាន់​»​​។​

ចំណែក​​ជើង​ខ្លាំង​វ័យ​ក្មេង​ ម៉ឺន​ មេឃា​ នឹង​ត្រូវ​ប្រកួត​ទម្ងន់ ​៦០ ​គីឡូក្រាម​ជាមួយ​ម្ចាស់​ខ្សែ​ក្រវាត់​មក​ពី​ប្រទេស ​ចិន ​Su Faming ដែល​ធ្លាប់​ប្រកួត​បាន​ ​២៦ ដង ​ឈ្នះ ​១៧ ​ចាញ់ ​៩​ ​ ហើយ​ធ្លាប់​​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​ចំនួន​​ ​៤ ​ដង​ ខណៈ ​ម៉ឺន ​មេឃា​ ប្រកួត​បាន​ ​២៩ ​ដង ​ឈ្នះ ​២៥ ​ ចាញ់ ​៣ ​និង​ស្មើ ​១ ដង។

ជាមួយ​គ្នា​កីឡាករ ​លី ​ភា​ ត្រូវ​តទល់​​ជាមួយ​ជើង​ខ្លាំង និង​ជា​ម្ចាស់​ខ្សែ​ក្រវាត់​មក​ពី​ថៃ ​Kwanpayak។ អ្នក​ទាំង ​២ ​នេះ មាន​កម្ពស់ ​១,៧០ ​ម៉ែត្រ ​​ប្រហែល​គ្នា ប៉ុន្តែ ​លី ​ភា ​មាន​បទពិសោធ​ត្រឹម​ពាក់​កណ្តាល​កីឡាករ​ថៃ​ប៉ុណ្ណោះ​ លី ​ភា ​ប្រកួត​បាន ​​៨៦​ ​ឈ្នះ ​៧២​ ​ចាញ់ ​១៤ ​និង​ធ្លាប់​ផ្តួល​ដៃគូ​ឲ្យ​សន្លប់ ​​២៥ ​ដង ចំណែក Kwanpayak ប្រកួត​បាន​​ចំនួន ១៥០ ​ដង ​ឈ្នះ ​៨៣​ ​ចាញ់ ​៦៦ ​ស្មើ ​១ និង​​ធ្លាប់​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​បាន​​ចំនួន ​៣៥ ​ដង​។

យ៉ាង​ណាមិញ ​ឡុង​ សុវណ្ណឌឿន​ ដែល​យូរៗ​ឡើង​ប្រកួត​ម្តង​នោះ ​ត្រូវ​ជួប​​ជាមួយ​ថៃ ​Denkronburi ក្នុង​ទម្ងន់ ​៧១ ​គីឡូក្រាម​ ហើយ​តាម​ប្រវត្តិ​ប្រកួត​​ថៃ​​ម្នាក់​នេះ ​ធ្លាប់​​ប្រកួត​បាន​ច្រើន​ជាង​ ​សុវណ្ណឌឿន ​ជាង​ពាក់​កណ្តាល​។ តាម​​ប្រភព​ដែល​ស្គាល់​កីឡាករ​ថៃ​រូប​នេះ បាន​ឲ្យ​ដឹង​ថា អ្នក​ទាំង ​២ ​នេះ មាន​កម្ពស់ ​១,៧៥ ​ម៉ែត្រ​ដូច​គ្នា​ និង​មាន​ក្បាច់​គុន​​មិន​កាច​សាហាវ​ប៉ុន្មាន​ទេ​។​

លោក​ ឡុង ​សាលវ័ន្ត ​គ្រូ​បង្វឹក ឡុង សុវណ្ណឌឿន បាន​​និយាយ​ថា​៖ «​ឡុង ​សុវណ្ណឌឿន ​មាន​ទំនុក​ចិត្ត​ឈ្នះ ​៥០ ​ភាគរយ​ប៉ុណ្ណោះ​ ព្រោះ​​ការ​ប្រកួត​នេះ ​បើ​យើង​ឈរ​​បាន ៩ នាទី​ពេញ​មិន​សន្លប់​ គឺ​ដឹង​តែ​ពី​ស្មើ​គ្នា​ហើយ»​។​

ចំណែក​កីឡាករ សូត្រ​ ប៊ុន​ធី ​ដែល​ទើប​តែ​ផ្តួល​ជើង​ខ្លាំង​ថៃ​ Fa Nemith កាល​ពី​សប្តាហ៍​មុន​នោះ ​ត្រូវ​ប្រឈម​ជាមួយ​ជើង​ខ្លាំង​ចិន Moserwooda​ ក្នុង​ទម្ងន់ ​៦៣ ​គីឡូក្រាម​។ ​ជុំវិញ​ការ​ប្រកួត​នេះ លោក សួន ​ប៊ុនសូត្រ​ ជា​គ្រូ​បង្វឹក​ បាន​ប្រាប់​ថា​៖ «​ប៊ុនធី ​ហ្វឹកហាត់​បាន​ល្អ​ និង​មាន​បំណង​ផ្តួល​កីឡាករ​ចិន​ឲ្យ​សន្លប់​យក​ប្រាក់​រង្វាន់​បន្ថែម​ ហើយ​​ការ​ប្រកួត​នេះ នឹង​មាន​ភាព​ទាក់ទាញ ​ព្រោះ​ការ​ផ្តល់​ប្រាក់​រង្វាន់​បន្ថែម​នេះ ​ជា​កម្លាំង​ចិត្ត​ឲ្យ​កីឡាករ​វ៉ៃ​ប្តូរ​ ដើម្បី​ឈ្នះ​ដោយ​សន្លប់​ គឺ​ជក់​ចិត្ត»​។

លោក​ ស្រ៊ុន ​កុសល​ នាយក​គ្រប់គ្រង​កម្មវិធី​បាន​​និយាយ​ថា​៖ «​គិត​មក​ដល់​សប្តាហ៍​ទី ​១៣ ​នេះ​ កម្មវិធី ​Mas Fight​ Cambodia ​របស់​សង្វៀន​ថោន​ នៅ​តែ​ឈរ​រឹងមាំ​ក្នុង​លក្ខខណ្ឌ​ប្រកួត​ច្បាស់​លាស់​ គឺ​ប្រកួត​ប្រជែង​ក្នុង​តម្លាភាព​សុចរិត​ ព្រម​ទាំង​មាន​ការ​គាំទ្រ​មហាជន​កាន់​តែ​កើន​ឡើង​»៕​