ភ្នំពេញៈ កីឡាករ​វ័យក្មេង​កំពុង​ហាត់​ក្នុង​ជម្រើសជាតិ ឡុង សំណាង និង វ៉ាន់ វឿន បាន​ផ្តួល​ជើង​ខ្លាំង​ថៃ ឲ្យ​សន្លប់​ដូចគ្នា ឯ មឿន សុខហ៊ុច វាយ​កែង Chhouk Chhay ឲ្យ​សន្លប់​ត្រឹម​ទឹក​ទី ២ កាល​ពី​ថ្ងៃ​អាទិត្យ នៅ​លើ​សង្វៀន SEATV។

សម្រាប់​ការប្រកួត​កាលពី​ថ្ងៃ​សៅរ៍​នោះ ឡុង សំណាង ដែល​ចាញ់​ប្រៀប​ក្បាច់​ទាត់​ថៃ​នោះ បាន​វាយ​កែង​ចូល​គល់​ថ្គាម​និង​សៀត​ផ្កា ធ្វើ​ឲ្យ​អាជ្ញា​កណ្តាល​រាប់ Kong Kangvan ចំនួន ២ លើក មុន​ពេល​បញ្ឈប់​នៅ​ចុង​ទឹក​ទី ៤។លទ្ធផល​នេះ​ធ្វើ​ឲ្យ​គេ​មើល​ឃើញ​កាន់​តែ​ច្បាស់​នូវ​សមត្ថភាព​ពិត​របស់ សំណាង ក្នុង​ទម្ងន់ ៦៣,៥ គ.ក្រ គឺ​គេ​កាន់​តែ​លេច​ធ្លោ និង​ឆ្នើម​បំផុត​ផ្នែក​ប្រដាល់​គុន​ខ្មែរ នៅ​ឆ្នាំ ២០១៨ នេះ។

ជាមួយគ្នានេះ វ៉ាន់ វឿន បាន​ផ្តួល​ថៃ Khumlek ឲ្យ​សន្លប់​ត្រឹម​ទឹក​ទី ២ យ៉ាង​ងាយ ប៉ុន្តែ​ការ​ឈ្នះ​ថៃ​លឿន​បែប​នេះ នាំ​ឲ្យ​មាន​ការ​សង្ស័យ​ពី​អ្នក​ទស្សនា​ភាគ​ច្រើន ព្រោះ Khumlek មក​លើក​មុនៗ ប្រកួត​ខ្លាំង ដោយ​ធ្លាប់​ឈ្នះ​ជើង​ខ្លាំង ហ៊ឹម សេរី ដល់​ទៅ ២ លើក​ឯណោះ។

ជុំវិញ​បញ្ហា​នេះ លោក ថៃ អ៊ូ អ្នក​នាំ​កីឡាករ​ថៃ​មក​ប្រកួត បាន​ទម្លាយ​ឲ្យ​ដឹងថា Khumlek ជិះ​ឡាន​មក​មាន​បញ្ហា​សុខភាព​បន្តិច​បន្តួច ហើយ​ទម្ងន់​ពិត​របស់​គេ​បាន​តែ ៥៤ គីឡូក្រាម​ប៉ុណ្ណោះ ប៉ុន្តែ​បើ​មិន​ប្រកួត គឺ​ខូច​កម្មវិធី​របស់​គេ។ លោក​សូម​អភ័យ​ទោស​ដល់​ទស្សនិកជន​ផង​ថា៖ «កីឡាករ​មាន​ពេល​ខ្លះ​សុខភាព​មិន​សូវ​ស្រួល វ៉ៃ​មិន​សូវ​ល្អ។ បងប្អូន​មាន​ការ​សង្ស័យ គឺ​មិន​ខុស​ទេ សូម​អរគុណ ដែល​តាម​ដាន​បាន​ល្អ​នោះ»។

ដោយឡែក មឿ​ន សុខ​ហ៊ុ​ច ដែល​រកកល់នឹង​សន្លប់​ម្តងៗ​ក្រោម​ជង្គង់​របស់ ជើង​ខ្លាំង Chhouk Chhay នោះ បែរ​ជា​អាច​វាយ​កែង​ស្តាំ ចូល​គល់​ថ្គាម​តែ​មួយ​កែង​នាំ​ឲ្យ Chhouk Chhay ដួល​សន្លប់​ធំ​តែ​ម្តង។

លោក ថា​ញ់ វាឡេក គ្រូបង្វឹក​កីឡាករ​ថៃ និយាយថា៖ «កីឡាករ Chhouk Chhay ចាញ់​មិន​គួរ​ឲ្យ​ជឿ​សោះ ប៉ុន្តែ​វា​ជា​ការ​ពិត​ដែល​សន្លប់​ធំ​ភ្លាមៗ មិន​អាច​ងើប​រួច នៅ​ពេល​ដែល​ចូល​មួយ​កែង​ដ៏​ធ្ងន់​នោះ»៕