ភ្នំពេញ៖ កីឡាករ​លំដាប់​ជើង​ខ្លាំង​របស់​កម្ពុជា​ចំនួន ​៦ នាក់ ត្រូវ​បាន​ដាក់​ឲ្យ​ប្រកួត​គ្នា​ នៅ​លើ​សង្វៀន CNC នា​ព្រឹក​ថ្ងៃ​អាទិត្យ ដោយ​ក្នុង​នោះ សួន ចាន់នី (សូត្រ ប៊ុនធី) ត្រូវ​សងសឹក ឡុង សំណាង ចំណែក​ជើង​ខ្លាំង​ជំនាន់​ថ្មី ឈឿង ល្វៃ ផ្សង​សំណាង​ប៉ះ​ជាមួយ ឡៅ ចន្ទ្រា ហើយ រឿម វណ្ណៈ ដាក់​ឲ្យ​ប្រកួត​ជំនួស ឡុង ជិន ដោយ​រូប​គេ​ត្រូវ​ប្រឈម​ជាមួយ​ជើង​ខ្លាំង​វ័យ​ក្មេង ម៉ឺន មេឃា។

សម្រាប់​ការ​ប្រកួត​ទាំង ​៣ ​គូ ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​នេះ ​ត្រូវ​បាន​ប្រភព​តាម​ដាន​សកម្មភាព​​ប្រកួត​ប្រដាល់​ប្រចាំ​សប្តាហ៍ ​ហ៊ាន​ទស្សន៍ទាយ​ថា​ ​ឡៅ ​ចន្ទ្រា​ អាច​នឹង​ឈ្នះ ​ឈឿង ​ល្វៃ ​ហើយ ​ម៉ឺន ​មេឃា​ ក៏​អាច​នឹង​ឈ្នះ ​រឿម ​វណ្ណៈ​ ក្នុង​ភាគរយ​ខ្ពស់​បំផុត​ដូច​គ្នា​ ​ប៉ុន្តែ​សម្រាប់​ ​សួន ​ចាន់នី​ ដែល​ឡើង​សងសឹក​ជាមួយ ​ឡុង ​សំណាង​ នោះ អាច​នឹង​មាន​ការ​ប្រទាញ​ប្រទង់​គ្នា​ខ្លាំង ​មុន​នឹង​ដឹង​លទ្ធផល​។​

លោក​ សួន ​ប៊ុនសូត្រ​ គ្រូ​បង្វឹក​ និង​ជា​ឪពុក​របស់ ​សួន ​ចាន់នី បាន​និយាយ​ថា​៖ «​កូន​របស់​ខ្ញុំ​កំពុង​ហ្វឹកហាត់​ត្រៀម​បាន​ល្អ ​ដើម្បី​ប្រកួត​សងសឹក​ ដោយ​សង្ឃឹម​និង​មាន​ទំនុក​ចិត្ត​ថា ​នឹង​យក​ឈ្នះ​បាន​វិញ​។​ ​ចំណែក​កាល​លើក​​មុន​ប្រកួត​ចាញ់​ក្នុង​លក្ខណៈ​ប្រផិត​ប្រផើយ ​គឺ​ពិន្ទុ ​៣ ​ទល់ ​២ ​ប៉ុណ្ណោះ​​ចំណែក​ជំនួប​លើក​នេះ​ ខ្ញុំ​គិត​ថា ​៦០ ​ភាគរយ​គឺ​ឈ្នះ ​ដោយ​ប្រើ​ស្នៀត​វ៉ៃ​ឆ្ងាយ​ និង​ស្នៀត​កែង​ ដោយ​យើង​សម្រួច​ឲ្យ​បាន​ល្អ»​។​

ចំណែក​លោក ​ឡុង ​សាលវ័ន្ត ​គ្រូ​បង្វឹក​ ​ឡុង ​សំណាង​ បាន​និយាយ​ថា​៖ ​«ប្រវត្តិ​ប្រកួត​គ្នា​របស់​កីឡាករ ​២ ​នាក់​នេះ​ គឺ​ ឡុង​ សំណាង​ ធ្លាប់​ឈ្នះ​ ​២ ​លើក​ គឺ​នៅ​ការ​ប្រកួត​ជើង​ឯក​ជាតិ​ឆ្នាំ ​២០១៩ ​ម្តង​ និង​កាល​ពី​សប្តាហ៍​មុន​ម្តង ​ប៉ុន្តែ​ត្រឹម​ពិន្ទុ​ទាំង​ប្រផិតប្រផើយ​មែន»​។​ លោក​បន្ត​ថា​៖ ​«ឡុង ​សំណាង​ ក៏​មាន​ចំណុច​ខ្សោយ​ចាញ់​ប្រៀប​ក្បាច់​កែង​របស់​ សួន​ ចាន់នី ដែរ ​ប៉ុន្តែ​បើ​ឱប​ជាប់​ឡើង​ជង្គង់​វិញ ​សំណាង ​វ៉ៃ​ជង្គង់​បាន​លឿន​ជាង​ និង​មាន​ប្រៀប​ជាង​ ហេតុ​នេះ​ខ្ញុំ​នៅ​​តែ​​មាន​សង្ឃឹម ៧០ ​ភាគរយ​ថា ​ឡុង ​សំណាង នឹង​​ឈ្នះ​»​។​

ចំពោះ​​កីឡាករ ​ឈឿង ​ល្វៃ​ ដែល​ទើប​តែ​សាង​បាន​ភាព​ល្បីល្បាញ​ក្នុង​រយៈពេល​មួយ​ឆ្នាំ​នេះ​ពិត​ជា​មាន​មហិច្ឆតា​ធំ​ សុំ​សាក​កម្លាំង​ និង​បច្ចេកទេស​ជាមួយ​ជើង​ចាស់​ល្បី​ឈ្មោះ​ ឡៅ​ ចន្ទ្រា​ ប៉ុន្តែ​ប្រភព​ជា​ច្រើន​បាន​ហៅ​គូ​នេះ​ថា ​ឈឿង ​ល្វៃ​ ឡើង​កំដ​រឆាក ​ឬ​តួ​សម្រាប់​ចាញ់​ប៉ុណ្ណោះ​ ​ព្រោះ​បើ​ប្រៀប​ធៀប​បទពិសោធ​ជាមួយ​ ឡៅ​ ចន្ទ្រា គឺ​នៅ​ខ្ចី​ជាង​ឆ្ងាយ​ណាស់​។

យ៉ាងណា​ក៏​ដោយ យោង​តាម​គណៈកម្មការ​ផ្គូផ្គង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ ថា​៖ ​«ការ​ផ្គូផ្គង​ដាក់​ឲ្យ​ប្រកួត​គ្នា​នេះ ​ដោយសារ ​ឈឿង ​ល្វៃ​ ចាប់​ផ្តើម​ឡើង​ជា​លំដាប់ ​ដោយ​មួយ​រយៈ​នេះ ​វ៉ៃ​ឲ្យ​ជើង​ចាស់ ​លួន​ សុខខេង ​សន្លប់​ធំ ​និង​វ៉ៃ​ស្មើ​ជាមួយ​ជើង​ខ្លាំង ​វង្ស ​វិឆ័យ ​ផង​ដែរ»​។​

កីឡាករ ឈឿង​ ល្វៃ​ ​ដែល​ពី​មុន​ប្រើ​ឈ្មោះ​ ឡុង ​វ៉ៃ​ កាល​រូប​គេ​​នៅ​ក្លិប​សាលវ័ន្ត​កីឡា​ គឺ​ធ្លាប់​ឈ្នះ​ជើង​ឯក​រង​ពី​ការ​ប្រកួត​​ជ្រើសរើស​ជើង​ឯក​ថ្នាក់​ជាតិ​ ឆ្នាំ ​២០១៩ ហើយ​ជំនួប​នេះ គេ​​បាន​និយាយ​ថា៖ ​«ខ្ញុំ​​សប្បាយ​ចិត្ត ​ពេល​បាន​ប្រកួត​ជាមួយ​ជើង​ខ្លាំង ​មាន​បទពិសោធ​ល្អ ​ហើយ​បើ​ចាញ់​ ក៏​មិន​អី​ដែរ ​គឺ​ខ្ញុំ​ធានា​វ៉ៃ​អស់​ពី​សមត្ថភាព​ដើម្បី​អនាគត»​៕