ភ្នំពេញៈ អ្នក​ប្រដាល់​វ័យក្មេង​ជើង​ខ្លាំង ទើប​តែ​លេចធ្លោ គួន សុវណ្ណ របស់​ក្លិប​យុវ​វាលស្បូវ​ដែល​ជា​ប្អូនបង្កើត គួន ប៊ុនហ៊ីម បាន​និង​កំពុង​ធ្វើឲ្យ​អ្នក​ទស្សនា​មាន​ការចាប់​អារម្មណ៍ ខណៈ​រូបគេ​បាន​យក​ឈ្នះ​អ្នក​ប្រដាល់​ជើង​ថ្មី សួ ចាន់រាជ របស់​ក្លិប​តាព្រហ្ម​មានជ័យ​ដោយ​ពិន្ទុ​ដាច់ ដើម្បី​បាន​ឡើង​ទៅ​ប្រកួត​ ១៦ ​នាក់​ចុងក្រោយ​នៃ​ពាន TV5 Boxing Knock Out Serie (K-Cement) នោះ​។

សម្រាប់​ការប្រកួត​ដែល​មាន​តែ​ ៣ ​ទឹក​នោះ​នៅ​លើ​សង្វៀន​ប៉ុស្តិ៍​លេខ​ ៥ កាលពី​យប់​ថ្ងៃ​សៅរ៍​កន្លង​មក​នេះ សុវណ្ណ មាន​ប្រៀប​លើ​កីឡាករ សួ ចាន់រាជ ទាំង​ ៣ ​ទឹក​ដាច់​តែ​ម្ដង​ដែល​ធ្វើឲ្យ ចាន់រាជ បាន​ខ្ទាត​ចេញ​ពី​វគ្គ​ជម្រុះ​ក្នុង​រដូវកាល​ថ្មី​នេះ​។

កីឡាករ គួន ប៊ុនហ៊ីម ដែល​ជា​បងប្រុស គួន សុវណ្ណ បាន​ប្រាប់​ឲ្យ​ដឹងថា​៖ «​ទោះបី​ជា គួន សុវណ្ណ ជា​ប្អូន​ខ្ញុំ ប៉ុន្តែ​យើង​នៅ​ក្លិប​ផ្សេង​គ្នា​គឺ​ខ្ញុំ​នៅ​ក្លិប​រស្មី​សាមគ្គី​ខេត្ត​បាត់ដំបង ចំណែក​ប្អូន​ខ្ញុំ​នៅ​ក្លិប​វាលស្បូវ​រាជធានី​ភ្នំពេញ ដើម្បី​ស្វែងរក​ការប្រកួត ហើយ​ក្នុង​ចំណោម​អ្នក​ប្រដាល់​ជំនាន់​ក្រោយ​ទម្ងន់​ស្រាល គឺ​ប្អូន​របស់​ខ្ញុំ​អាច​នឹង​ឈាន​ចូល​ទៅ​វគ្គ​បន្តបន្ទាប់ ដោយ​ខ្ញុំ​រំពឹង​ថា​នឹង​ទៅ​ដល់​វគ្គ​ចុងក្រោយ​មិន​ខាន​»​។

ក្នុង​ប្រវត្តិ​ប្រកួត​ចំនួន​ ៦៥ ​ដង គួន សុវណ្ណ បាន​ចាញ់​តែ​ ៤ ​ដង​ប៉ុណ្ណោះ ហើយ​តាម​សមត្ថភាព និង​ការអះអាង​ពី​បងប្រុស​របស់​គេ គួន ប៊ុនហ៊ីម គឺ សុវណ្ណ អាច​នឹង​ក្លាយ​ជា​កីឡាករ​ល្បី​ក្នុង​ពេល​អនាគត​។ ទោះ​ជា​យ៉ាង​ណា​ការផ្តល់​ពិន្ទុ​នៅ​សង្វៀន​ប៉ុស្តិ៍​លេខ​ ៥ នៅ​មាន​កម្រិត​មិន​ទាន់​សុក្រឹត​នៅ​ឡើយ ព្រោះ​ក្នុង​ចំណោម​ចៅក្រម​ ៥ ​រូប​នៅ​មាន​ចៅក្រម​ម្នាក់​ផ្ដល់​ពិន្ទុ​ឲ្យ ចាន់រាជ ឈ្នះ​ទៀត​ដែល​បង្ហាញ​ថា​ទង្វើ​បក្ខ​ពួកនិយម​មិន​ទាន់​បាន​ពង្រឹង​ល្អ​នៅ​ឡើយ​។

លោក ម៉ៃ សុភា គ្រូបង្វឹក គួន សុវណ្ណ បាន​និយាយ​ថា​៖ «​គួន សុវណ្ណ ធ្លាប់​ឈ្នះ​ចំណាត់​ថ្នាក់​ជយលាភី​ជម្រើស​ជាតិ​កន្លង​មក ហើយ​ក្នុង​ព្រឹតិ្តការណ៍​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​នៅ​សង្វៀន​ប៉ុស្តិ៍​លេខ​ ៥ ​នេះ​គឺ​សង្ឃឹម​ខ្ពស់​នឹង​អាច​ឈាន​ទៅ​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ ព្រោះ​ខ្ញុំ​កំពុង​តែ​បង្វឹក​ឲ្យ​បាន​ល្អ ដើម្បី​ពង្រឹង​សមត្ថភាព​យក​ឈ្នះ​ឲ្យ​បាន​»​។

ជាមួយ​គ្នា​នេះ​អ្នក​ប្រដាល់​វ័យក្មេង ឡុង ណងសៅ មកពី​ក្លិប​សាលវ័ន្ដ​កីឡា ក៏​បាន​ឡើង​ទៅ​វគ្គ​ ១៦ ​នាក់​ចុងក្រោយ​ក្នុង​ព្រឹត្តិការណ៍ TV5 Boxing Knock Out Serie នេះ​ផង​ដែរ បន្ទាប់ពី​រូបគេ​បាន​ផ្ដួល​អ្នក​ប្រដាល់​វ័យក្មេង​ដូច​គ្នា​កីឡាករ ប្រាក់ ស៊ីណាត មកពី​ក្លិប​តាឯក​ដំបង​ដែក​មានរិទ្ធ ឲ្យ​សន្លប់​នៅ​ទឹក​ទី​ ១ យ៉ាង​ងាយ​នោះ​៕