ភ្នំពេញ៖ ការប្រកួតពាន TV5 Boxing Knock Out Serie បានឈានដល់វគ្គជម្រុះជុំទី ៣ ហើយ ដើម្បីស្វែងរកអ្នកឈ្នះ ឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយជំនួប ២ គូ នៅយប់ថ្ងៃសៅរ៍នេះ ហាក់បីដូចជាប្លែកអារម្មណ៍ ព្រោះវាជាការជួបគ្នារវាងជើងខ្លាំងជំនាន់ថ្មី ស៊ន រ៉ាគីម និង ទូច ដាវីដ ជាមួយអ្នកប្រដាល់ជើងចាស់ កូយ ឡាយ និង ឡុង ជិន។
ទោះជាប្រវត្តិប្រកួត និងបទពិសោធខុសគ្នា ប៉ុន្តែរវាងជើងចាស់ ឡុង ជិន និង ទូច ដាវីដ រួមទាំងការជួបគ្នារវាង កូយ ឡាយ និងជើងថ្មី ស៊ន រ៉ាគីម ត្រូវបានគេរំពឹងថា ការប្រជែងយកឈ្នះក្នុងលក្ខណៈតឹងតែង និងស្រួចស្រាវបំផុត ដែលពិបាកក្នុងការវាយតម្លៃមុនការប្រកួតណាស់ ព្រោះសមត្ថភាពអ្នកប្រដាល់ថ្មីទាំង ២ នេះ ធ្លាប់ធ្វើឲ្យជើងចាស់មួយចំនួនចាញ់ទាំងអស់ចិត្ត។
សម្រាប់ការប្រកួត ២ លើកកន្លងមក ស៊ន រ៉ាគីម បានយកឈ្នះអ្នកប្រដាល់លំដាប់ខ្លាំង ឡុង ខេត្ត របស់ក្លិបខ្លារខិនមានរិទ្ធ ដោយពិន្ទុ នៅក្នុងជុំទី ១ ហើយនៅជុំទី ២ គេបានផ្ដួលជើងចាស់ម្នាក់ទៀត ស៊ឹម ប៊ុនឆៃ មកពីក្លិបព្រៃទទឹងកីឡាខេត្តបាត់ដំបងឲ្យសន្លប់មុនស្នូរជួងបញ្ចប់ទឹកទី ២ ប៉ុណ្ណោះ។
លោក ឈុត សេរី ជាគ្រូបង្វឹកបានប្រាប់ថា៖ «រ៉ាគីម ហ្វឹកហាត់ត្រៀមបានល្អណាស់ ដោយបានឡាំជាមួយ ឈុត សេរីវ៉ាន់ថន ជាសិស្សច្បង គឺគេហ្វឹកហាត់ខ្លាំងត្រៀមប្រកួត ព្រោះដៃគូក្នុងវគ្គនេះ កាន់តែខ្លាំងទៅៗ»។
លោកបន្តថា៖ «សូម្បីតែបុណ្យបិណ្ឌភ្ជុំកន្លងមក ក៏ រ៉ាគីម ហាត់មិនសម្រាកដែរ ប៉ុន្តែខ្ញុំមិនទាន់ហ៊ានទស្សន៍ទាយលទ្ធផលទេ ព្រោះយើងនៅខ្ចីជាង តែធានាវ៉ៃអស់ពីសមត្ថភាព ខណៈដែល កូយ ឡាយ ក៏មិនស្រួលខ្លួនប៉ុន្មានដែរ គឺអាចនិយាយថា ៥០ ភាគរយម្នាក់»។
ចំណែក កូយ ឡាយ បានឈ្នះពិន្ទុជើងខ្លាំង កំពែង ខ្មៅ របស់សមាគមកីឡាប្រដាល់ក្រសួងកសិកម្ម នៅជុំទី ១ ហើយនៅជុំទី ២ គេឈ្នះ រឿន ឈី ក្លិបគុហារព្រហ្មជ័យ ដែលអវត្តមាន។ តែទោះជាយ៉ាងណាកាលនោះ គណៈកម្មការបានដាក់ឲ្យ កូយ ឡាយ ប្រកួតកម្ដៅសាច់ដុំ និង លីន វីរៈ ក្លិបបូរីរាជសីហ៍មានរិទ្ធ។
ដោយឡែកការជួបគ្នារវាង ឡុង ជិន ក្លិបខ្លារខិនមានរិទ្ធ និង ទូច ដេវីដ ក្លិបអារុណរះកីឡាក៏ស្ថិតនៅក្នុងការចាប់អារម្មណ៍ផងដែរ។ ឡុង ជិន បានឈ្នះពិន្ទុ ឌុម កែវដប ក្លិបយុវវាលស្បូវ ក្នុងជុំទី ១ និងបន្តឈ្នះពិន្ទុ ខាំ សូរិយា ក្លិបរ៉ាហាប់ស្វាយប៉ាក នៅជុំទី ២ ប៉ុន្តែ ឡុង ជិន មួយរយៈនេះ ហាក់ដូចជាស្រុតចុះច្រើន។
លោកស្រី ឡុង រ៉ាវី ប្រធានក្លិបខ្លារខិនមានរិទ្ធ បានប្រាប់ថា៖ «យើងសង្ឃឹមឈ្នះតិចទេ ព្រោះ ឡុង ជិន មិនសូវហាត់ វិន័យខ្សោយ និងដើរលេងច្រើន។ ទោះជាយ៉ាងណា ក្បាច់ប្រកួតនៅតែល្អ តែបញ្ហាលំបាក គឺកម្លាំង»។
ចំណែក ទូច ដេវីដ ជាជើងថ្មី ដែលមានកណ្តាប់ធ្ងន់ ហើយ ២ ប្រកួតកន្លងមកនេះ ទូច ដេវីដ បានឈ្នះ កុយ ចាន់តូ ក្លិបគីសែមានរិទ្ធ នៅទឹកទី ១ និងបានឈ្នះជើងខ្លាំង ទិត្យ សុវណ្ណគីរី នៅជុំទី ២។ រីឯប្រវត្តិប្រកួតវិញ ទូច ដេវីដ ធ្លាប់ប្រកួតជាង ១០ ដង តែផ្តួលដៃគូឲ្យសន្លប់ទាំងអស់ គឺចាញ់តែម្តងគត់៕