ភ្នំពេញៈ ការដាក់​ឲ្យ​ជួបគ្នា​រវាង​ជើង​ខ្លាំង​ជំនាន់​ក្រោយ​របស់​កម្ពុជា វង្ស វិឆ័យ និង​ម្ចាស់​ខ្សែក្រវាត់​មកពី​ថៃ Ao Vantan ដែល​ត្រូវបាន​ខកខាន​ចំនួន​ ២ ​លើក​កន្លង ដោយសារ​បញ្ហា​សុខភាព​កីឡាករ​នោះ​នឹង​ត្រូវបាន​ផ្គូផ្គង​ជាថ្មី ចំណែក​គណៈកម្មការ​ផ្គូផ្គង និង​ប្រតិភូ​នាំ​កីឡាករ​ថៃ​មក​ប្រកួត​បាន​អះអាង​ថា វត្តមាន​របស់​អ្នក​ប្រដាល់​ជើង​ខ្លាំង​ទាំង​ ២ បាន​ត្រៀម​រួចរាល់​ ដើម្បី​ប្រកួត​គ្នា​តាម​ការកំណត់​នៅលើ​សង្វៀន SEATV នា​ល្ងាច​ថ្ងៃ​សៅរ៍​នេះ​។

តាមបទពិសោធ​ប្រកួត​លើស​ង្វៀន​កីឡាករ​ថៃ Ao Vatan ជា​ជើងចាស់​មាន​បទពិសោធ​ប្រកួត​យូរ​ជាង ចំណែក វង្ស វិឆ័យ ទើបតែ​លេចធ្លោ​ល្បី​ក្នុង​ឆ្នាំ​ ២០១៩ ​ប៉ុណ្ណោះ​គឺ Ao Vatan ប្រកួត​ច្រើនជាង វង្ស វិឆ័យ រហូត​ដល់​ ៤៤ ​ដង ព្រោះ វិឆ័យ ធ្លាប់​ប្រកួត​បាន​ ៦៦ ​ដង ឈ្នះ​ ៦០ និង​ចាញ់​តែ​ ៦ ​ដង​ទេ ប៉ុន្តែ Ao Vatan ធ្លាប់​ប្រកួត​បាន​ ១១០ ឈ្នះ​ ៨៩ ចាញ់​ ១៩ និង​ស្មើ​ ២ ​ដង​ហើយ​ការបង្ហាញ​ខ្លួន​ ៥ ​លើក​នៅ​ស្រុក​ខ្មែរ គេ​បាន​ឈ្នះ រឿង សោភ័ណ្ឌ ២ ​លើក ឈ្នះ ធឿន ធារ៉ា ២ ​ដង និង​ចាញ់ ឡៅ ចន្ទ្រា ១ ​ដង​។

លោក ហង្ស ស៊ឺន ជា​គ្រូបង្វឹក​បាន​និយាយថា​៖ «​វង្ស វិឆ័យ កំពុង​ហ្វឹកហាត់​ត្រៀម​បាន​ល្អ​សម្រាប់​ការប្រកួត​ជាមួយ​ថៃ Ao Vatan​។ វិឆ័យ មានប្រៀប​ត្រង់​កម្ពស់​ខ្ពស់ជាង កម្លាំង​រឹងមាំ​ជាង​តែ​គ្នា​មាន​បទពិសោធ ឡើង​សង្វៀន​បាន​ចំនួន​តិច​ទេ បើ​ប្រៀបធៀប​ជាមួយ​គេ​។ ហេតុ នេះ​ចាញ់​ ឬ​ឈ្នះ មិនទាន់​អាច​និយាយ​មុន​បានទេ ព្រោះ​សុទ្ធតែ​ជា​កីឡាករ​លំដាប់​ខ្លាំង​ទម្ងន់​ធ្ងន់ វ៉ៃ​សម្រុក​គ្មាន​សំចៃ​កម្លាំង​ដូចគ្នា​គឺ​បើ​ខាង​ណា​វ៉ៃ​ចូល​គោលដៅ​ល្អ​មុន​នឹង​មាន​ប្រៀប​មិន​ខាន​»​។

លោក ញាណ សុធី នាយក​គ្រប់គ្រង​កម្មវិធី​ប្រដាល់​នៅ SEATV បាន​និយាយថា​៖ «​គូ​នេះ​ធ្លាប់​ផ្គូផ្គង​លើក​មុន​ឲ្យ​ប្រកួត​គ្នា ប៉ុន្តែ​ខកខាន​ដោយ​បញ្ហា​សុខភាព ហើយ​លើក​នេះ​យើង​បាន​ត្រៀម​រួចរាល់ ដើម្បី​ការប្រកួត​ដ៏អស្ចារ្យ​នេះ ខណៈ​ដែល​អ្នកទស្សនា​ជាច្រើន​ចង់ឃើញ​ជំនួប​ប្រកួត​នេះ​»​។

ចំណែក​លោក ថៃ អ៊ូ ប្រតិភូ​នាំ​កីឡាក​រេ​ថៃ​មក​ប្រកួត​បាន​ប្រាប់ថា​៖ «​កីឡាករ Ao Vatan បាន​ហ្វឹកហាត់​ត្រៀម​រួចហើយ​គឺ​លើក​នេះ​មិន​ខកខាន​ទៀត​ទេ​។ សម្រាប់​ការប្រកួត​របស់​គូ​នេះ​ពិតជា​សំខាន់ និង​អស្ចារ្យ ហើយ​សូម្បីតែ​តម្លៃ​ខ្លួន​ប្រកួត​របស់​វា​ក៏​ថ្លៃ​លើស​កីឡាករ​ថៃ​ផ្សេងៗ​ដែរ ប៉ុន្តែ​បញ្ហា​ខាត​លុយ ឬ​ចំណាយ​ធំ​មិន​សំខាន់​ទេ បញ្ហាសំខាន់​គឺ​មក​ប្រកួត​ម្តងៗ​ធ្វើ​ម៉េច​ឲ្យ​ទាក់ទាញ​បំផុត​សម្រាប់​មហាជន​»​។

លោក ថៃ អ៊ូ បាន​បង្ហើប​ថា សមត្ថភាព​របស់ Ao Vatan នៅ​ថៃ​មាន​តម្លៃ​ខ្ពស់ជាង​នៅ​ខ្មែរ​ដល់​ទៅ​ ២ ​ឬ​ ៣ ​ដង​ឯណោះ ហើយ​ការ​មក​ប្រកួត​នេះ​គឺ​ដើម្បី​មិត្តភាព​គូ​ឯក​ប្រចាំ​សប្តាហ៍​ដែល​ភាគី​ប្រតិភូ​យើង​ទាំង​ ២ ​ផ្តល់​សហការគ្នា​ឲ្យ​បានល្អ​។ ដោយឡែក​កីឡាករ ផាន រះ ត្រូវដាក់​ប្រកួត​មិត្តភាព​ជាមួយ​ម្ចាស់​ខ្សែក្រវាត់ Phat Ngam ក្នុង​ទម្ងន់​ ៦០ ​គីឡូក្រាម​នៅ​ថ្ងៃ​សៅរ៍​នោះដែរ ហើយ​ប្រភព​ជាច្រើន​បានលើក​ឡើង​ថា បើ​វ៉ៃ​គ្នា​មែនទែន​អស់ពី​សមត្ថភាព ផាន រះ មិនអាច​ឈ្នះ​ថៃ​បាន​ទេ​៕